រដ្ឋាភិបាលបានឲ្យដឹងថា ខ្លួននឹងបង្កើនបរិមាណផលត្រីឲ្យបាន១,២លានតោននៅត្រឹមឆ្នាំ២០១៩ ក្នុងផែនការរយៈពេល១០ឆ្នាំរបស់ខ្លួន ប៉ុន្តែមន្ត្រីបរិស្ថានបានលើកឡើងពីក្តីព្រួយបារម្ភថា ការសាងសង់ទំនប់វារីអគ្គិនីរបស់ឡាវ នឹងកា្លយជាឧបសគ្គចម្បងដល់ផែនការនេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញផែនការជំរុញ និងបង្កើនបរិមាណផលត្រីឲ្យបាន១,២លានតោននៅត្រឹមឆ្នាំ២០១៩ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងបង្កើនការនាំចេញ។ នេះបើតាមអគ្គនាយកជលផលកាលពីម្សិលមិញ។
ផែនការនេះត្រូវបានធ្វើឡើងសម្រាប់អនុវត្តរយៈពេល១០ឆ្នាំគឺ២០១០- ២០១៩ ក្នុងនោះមន្ត្រីជលផលនឹងបង្កើនការអភិរក្ស និងជំរុញការចិញ្ចឹមត្រីតាមវារីវប្បកម្មឲ្យមានកំណើនផលត្រី១៥ ភាគរយក្នុងមួយឆ្នាំៗ។
តាមរយៈនៃកំណើននេះត្រូវបានមន្ត្រីអះអាងថា កម្ពុជានឹងអាចនាំចេញត្រីទៅទីផ្សារអន្តរជាតិប្រមាណ៥០០ពាន់តោន ដែលមានតម្លៃប្រមាណ១ពាន់លានដុល្លារ។
លោក ណៅ ធួក អគ្គនាយករដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ផែនការនេះធ្វើឡើងដើម្បីបង្កើនបរិមាណផលត្រីសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងបង្កើនការនាំចេញ។ លោកបានបញ្ជាក់ថា៖ «ប្រទេសកម្ពុជាយើងប្រជាជនបរិភោគត្រីច្រើន ជាពិសេសគឺប្រហុក ដូច្នេះក្នុងនាមយើងជាអ្នកទទួលខុសត្រូវក៏បានសហការជាមួយ អង្គការនានា ដើម្បីធានាឲ្យមានត្រីគ្រប់គ្រាន់។ ផែនការអភិវឌ្ឍន៍នេះសម្រាប់បម្រើក្នុងស្រុកផង និងដើម្បីទាញយកថវិកាមកចូលជាតិផង»។
លោកបន្តថា តាមផែនការផលត្រីធម្មជាតិនឹងកើនដល់១លានតោន ហើយផលត្រីពីវារីវប្បកម្មនឹងកើនដល់២០០ពាន់តោននៅឆ្នាំ២០១៩ ក្នុងនោះត្រីប្រមាណ៧០០ពាន់តោនទុកសម្រាប់ផ្គត់ផ្គង់ ក្នុងស្រុក និង៥០០ពាន់តោនសម្រាប់នាំចេញ។
លោក ណៅ ធួក អះអាងថា នៅឆ្នាំ ២០១១នេះបរិមាណផលត្រីនឹងអាចទទួលបានប្រមាណ ៥០០ពាន់តោន កើនឡើង១០ទៅ១៥ភាគរយ បើធៀបនឹងឆ្នាំ២០១០ ប៉ុន្តែការនាំចេញសម្រេចបានតែប្រហែល៣ម៉ឺនតោនប៉ុណ្ណោះ និងមានតម្លៃប្រហែល ៦០លានដុល្លារ ពោលគឺធ្លាក់ចុះបើធៀបនឹងឆ្នាំទៅ។
លោកលើកឡើងថា៖ «ការនាំចេញមិនជាកើនទេព្រោះយើងគិតសំខាន់សម្រាប់បម្រើតម្រូវការ ក្នុងស្រុក ដល់ឆ្នាំ ២០១៩ យើងអាចផលិតបានច្រើន យើងនឹងអាចនាំចេញបានច្រើន»។
កន្លងមកកម្ពុជាបាននាំចេញត្រីទៅប្រទេសថៃ វៀតណាម ហុងកុង អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង និងប្រទេសជប៉ុន។
បើទោះបីយ៉ាងនេះក្តី សកម្មជនបរិស្ថានបានឲ្យដឹង ការសាងសង់ទំនប់សាយ៉ាបូរីរបស់ឡាវនៅទន្លេមេគង្គពីលើខ្សែទឹក ប្រទេសកម្ពុជានឹងធ្វើឲ្យផែនការរបស់រដ្ឋាភិបាលជួបបញ្ហាមិនខាន ឡើយ។
លោក ឱម សាវ៉ាត នាយកប្រតិបត្តិអង្គការសម្ព័នភាពដើម្បីអភិរក្សធនធានជលផលមានប្រសាសន៍ថា ការសាងសង់ទំនប់វារីអគ្គិសនីរបស់ឡាវ នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល។
លោកថ្លែងថា៖ «បើប្រទេសឡាវសាងសង់វារីអគ្គិសនីនឹងធ្វើឲ្យទឹកទន្លេមេគង្គ មានកម្រិតទាប នៅរដូវវស្សា និងមានកម្រិតទឹកខ្ពស់ជាងមុននៅរដូវប្រាំង ដែលធ្វើឲ្យការរស់នៅរបស់មច្ឆជាតិមានការផ្លាស់ប្តូរ ដូច្នេះវានឹងប៉ះពាល់ដល់វិស័យធនធានជលផលយ៉ាងធ្ងន់ធ្ងរ»។
លោកលើកឡើងថា ឆ្នាំនេះផលត្រីបានកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែថ្មីៗនេះរដ្ឋាភិបាលបានចេញបទបញ្ជា០១ដើម្បីបង្ក្រាប បទល្មើសនេសាទយ៉ាងសកម្ម ការផ្អាកឡូត៍នេសាទមួយចំនួន និងការលុបចោលអាងស្តុកទឹកទាំងឡាយនៅជុំវិញបឹងទន្លេសាប និងការកំណត់ព្រំដែនព្រៃលិចទឹក ប៉ុន្តែចំពោះយន្តការនេះគឺមិនរំពឹងថានឹងអាចបង្កើនផលត្រី១,២ លានតោនឡើយ។
លោកបានបញ្ជាក់ថា៖«យើងសង្កេតឃើញថា ផលត្រីនៅក្នុងអំឡុងពេលកន្លងមកនេះមានត្រឹម៥០០ពាន់តោនទាំងត្រី ធម្មជាតិ និងត្រីចិញ្ចឹម ដូច្នេះតាមការរំពឹងរបស់យើងនឹងមិនទៅដល់១,២លានតោនទេ ប៉ុន្តែវានឹងកើនឡើងមួយចំនួន»។
លោកបន្តថា ដើម្បីជំរុញឲ្យផលត្រីមានកំណើនជាងនេះត្រូវទាមទារឲ្យយន្តការនៃ ការអនុវត្តច្បាប់មានប្រសិទ្ធភាព ហើយយន្តការនៃការគ្រប់គ្រងត្រូវតែមានប្រសិទ្ធភាព ចំណែករដ្ឋាភិបាលត្រូវចូលរួមពិនិត្យមើលអភិបាលកិច្ចល្អនៅក្នុង ចំណុចមូលដ្ឋាន។
លោក ណៅ ធួក ក៏បានលើកឡើងពីផលប៉ះពាល់នៃគម្រោងរបស់ប្រទេសឡាវផងដែរ៖ «កន្លងមកយើងបានសំណូមពរដល់ថ្នាក់លើ និងពិភាក្សាជាមួយអង្គការនានាជាដៃគូអភិវឌ្ឍន៍សុំឲ្យគេពន្យារពេល ដើម្បីសិក្សាស៊ីជម្រៅសិន ព្រោះឡាវពុំទាន់បានសិក្សាដល់តំបន់ខាងក្រោមទេ»។
លោក ណៅ ធួក បានបន្តទៀតថា រដ្ឋាភិបាលកម្ពុជា ថៃ និងវៀតណាម បានពិភាក្សាពីបញ្ហានេះដើម្បីស្នើឲ្យប្រទេសឡាវពន្យារពេលរយៈ ពេល១០ឆ្នាំ៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes