លោកស្រីរដ្ឋមន្ត្រីការបរទេស ហ៊ីលឡារី គ្លីនតុន បានរៀបចំកិច្ចប្រជុំលើកចុងក្រោយជាមួយលោកស្រី ស៊ូជី ខណៈពេលលោកស្រីបញ្ចប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសភូមា ដែលលោកស្រីបានមើលឃើញថា រដ្ឋាភិបាលស៊ីវិលថ្មីបានសន្យាជំរុញទៅមុខនូវកំណែទម្រង់នយោបាយ និងការផ្សារភ្ជាប់ប្រទេសឡើងវិញទៅនឹងសហគមន៍អន្តរជាតិ។
លោកស្រី គ្លីនតុន និងលោកស្រី ស៊ូជី ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពពិភពលោកដែលតំណាងឲ្យលទ្ធិប្រជាធិបតេយ្យនៃប្រជាជនភូមានោះ បានរៀបចំពិសារអាហារពេលល្ងាចជាលក្ខណៈឯកជនមួយកាលពីថ្ងៃព្រហស្បតិ៍ និងបានជួបគ្នាជាថ្មីម្ដងទៀតកាលពីថ្ងៃសុក្រកន្លងមកនេះ នៅឯផ្ទះជាប់មាត់បឹងរបស់លោកស្រី ស៊ូជី ជាទីដែលលោកស្រី ស៊ូជី ត្រូវបានគេឃុំឃាំងខ្លួនរហូតលោកស្រីត្រូវបានគេដោះលែងកាលពីខែវិច្ឆិកា ឆ្នាំ២០១០កន្លងមក ក្រោយពីការឃុំខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។
លោកស្រី ស៊ូជី បានថ្លែងថា៖ «ប្រសិនបើយើងធ្វើដំណើររួមគ្នា ខ្ញុំជឿជាក់ថា នឹងមិនមានការងាកចេញពីផ្លូវទៅរកលទ្ធិប្រជាធិបតេយ្យនោះឡើយ។ យើងមិនស្ថិតនៅលើផ្លូវនោះនៅឡើយទេ ប៉ុន្តែ យើងសង្ឃឹមធ្វើដំណើរទៅដល់គោលដៅក្នុងពេលឆាប់ៗតាមតែអាចធ្វើទៅបានជាមួយមិត្តភក្តិរបស់យើង»។
ស្ត្រីទាំងពីរ ដែលជាអ្នកនយោបាយស្ត្រីដ៏ល្បីល្បាញបំផុតនៅលើពិភពលោកនោះ បានជួបពិភាក្សាគ្នាអស់រយៈពេលប្រហែល ១ម៉ោងកន្លះនៅខាងក្នុងអគារលំនៅដ្ឋានលោកស្រី ស៊ូជី ដោយបានកាន់ដៃគ្នាខណៈអ្នកទាំងពីរថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានដ៏ច្រើនកុះករ។
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes