លិខិតដែលភ្នំពេញ ប៉ុស្តិ៍ទទួលបានមកពីមន្ត្រីNAA កាលពីថ្ងៃចន្ទម្សិលមិញ បានសរសេរ ចោទប្រកាន់លោកទេសរដ្ឋមន្ត្រី នុត សុខុម ប្រធានNAA ដែលជាមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិច ជាដៃគូចម្រុះក្នុងរដ្ឋាភិបាល និងមន្ត្រីជិតស្និទ្ធរបស់លោក៣រូបផ្សេងទៀត គឺលោក អាំង សំបូរ អគ្គលេខាធិការរង លោក ឈឹម ឃិនដារ៉េត ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអនុប្រធានលោក ឈុន វ៉ាន់ធី ថា បានទទួលបន្ទុកលើការងារលទ្ធកម្មបន្ថែមពីលើមុខងាររបស់ខ្លួន ខុសនឹងអនុក្រឹត្យឆ្នាំ២០០៦ ស្តីពីលទ្ធកម្មសាធារណៈ ដែលមន្ត្រីលទ្ធកម្មមិនត្រូវមានមុខងារផ្សេងឡើយក្នុងស្ថាប័នឬ ក្រសួងមួយ។
លិខិតចុះថ្ងៃទី៩ ខែធ្នូសរសេរថា មន្ត្រីទាំងនេះ បាន «ពុករលួយថវិកាជាតិ» តាមរយៈកាត់យកថវិកា១០ភាគរយ ពីការចំណាយគ្រប់សកម្មភាពទាំងអស់របស់ NAA ក្នុងការផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺអេដស៍ ដូចជាការកាត់យក១០ភាគរយ ពីគ្រប់លេខាធិការដ្ឋានអេដស៍ខេត្ត រាជធានីទាំង២៤ តាំងពីខែ២ ដល់ខែ៧ឆ្នាំ២០១០មក មានថវិកាសរុបជាង ៧១៨លានរៀល (ប្រមាណ១៨ម៉ឺនដុល្លារ) យកទៅចាយវាយផឹកស៊ីផ្ទាល់ខ្លួន។
ក្រៅពីការចោទប្រកាន់លើការកិបកេងថវិកាជាតិ ក្រុមមន្ត្រីដែលអះអាងថា មានគ្នាជាង៦០នាក់នៅស្ថាប័ននេះ បានចោទថា មន្ត្រីក្រោមឱវាទលោក នុត សុខុម ថែមទាំងបានយកប្រេងសាំង និងថវិកាជាតិប្រើប្រាស់លើរថយន្តឯកជនផ្ទាល់ខ្លួនទៀតផង។
លិខិតសរសេរដោយក្រុមមន្ត្រីដែលមិនហ៊ានបញ្ចេញឈ្មោះ និយាយថា៖ «ទង្វើទាំងនេះ ខុសនឹងច្បាប់ និងបានប្រព្រឹត្តអំពើពុករលួយ»។
មន្ត្រីនៅស្ថាប័ន NAA ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្នុងមួយឆ្នាំរដ្ឋាភិបាលផ្តល់ប្រាក់ ៥ពាន់លានរៀល សម្រាប់ឲ្យស្ថាប័ននេះ ធ្វើប្រតិបត្តិការ។ តែមានករណីមិនប្រក្រតី ពាក់ព័ន្ធទៅនឹងការដេញថ្លៃសម្ភារការិយាល័យ ការធ្វើបដាផ្សព្វផ្សាយ ជាពិសេសការដេញថ្លៃស្រោមអនាម័យ។ លោកថា ស្រោមអនាម័យនៅលើទីផ្សារដែលបានផ្សព្វផ្សាយគឺថ្លៃ៥០០រៀលក្នុង ស្រោមអនាម័យ៣ ប៉ុន្តែតម្លៃដេញថ្លៃវិញ គឺថ្លៃដល់ទៅ១៦០០រៀលក្នុងចំនួនដូចគ្នា។
លោកបន្ថែមថា៖ «តាមពិតតម្លៃដេញថ្លៃ ត្រូវទាបជាងតម្លៃលក់នៅលើទីផ្សារ។ យើងចង់ឲ្យក្រសួងអធិការកិច្ច ក៏ដូចជា ACU បានដឹង និងធ្វើការស៊ើបអង្កេតពីករណីពុករលួយនៅស្ថាប័នអាជ្ញាធរនេះផង»។ លោក បានមានប្រសាសន៍ថា ពាក្យបណ្តឹងនេះ បានដាក់ទៅស្ថាប័ន ACU តាំងពី៥ឬ៦ខែមុនមកម្ល៉េះ។
លោកបន្តថា ការបោះពុម្ពអាវយឺត មួកសម្រាប់ពាក់ក្នុងពិធីទិវាប្រយុទ្ធនឹងជំងឺអេដស៍ ឬយុទ្ធនាការអ្វីមួយ គេបានដាក់តម្លៃក្នុងអាវមួយលើស ១,៥០ដុល្លារ ដែលតម្លៃពិតប្រាកដតែ១ដុល្លារក្នុងការបោះពុម្ពអាវយឺតនីមួយៗ។ លោកថា ៖ «ពួកក្រុមគាត់នេះ ពុករលួយ១ឆ្នាំ រាប់ពាន់លានរៀល»។
ក្នុងពាក្យបណ្តឹងមិនមានសរសេរពីការចាយវាយមិនត្រឹមត្រូវនៃ ថវិកាឧបត្ថម្ភដោយ UNAIDS ឡើយ ប៉ុន្តែមន្ត្រីដដែលនេះ បញ្ជាក់ថា មានការពុករលួយលើផ្នែកលទ្ធកម្មផងដែរទៅលើជំនួយរបស់អង្គការ សហប្រជាជាតិមួយនេះ ដែលមានប្រាក់៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ជួយដល់ការប្រយុទ្ធប្រឆាំងការរីករាលដាលមេរោគអេដស៍។
ទោះយ៉ាងណា ការចោទប្រកាន់នេះ ត្រូវបាន លោកអាំង សំបូរ អគ្គលេខាធិការរង ទទួលបន្ទុកផ្នែករដ្ឋបាលផង និងការងារលទ្ធកម្មផង បញ្ជាក់ថា លោកមិនបានប្រព្រឹត្តដូចអ្វីដែលបានចោទប្រកាន់នោះឡើយ។
លោកបានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃចន្ទម្សិលមិញថា៖ «បណ្តឹងនេះ គ្រាន់តែជាលក្ខណៈបុគ្គល(មិនមែនមន្ត្រីអាជ្ញាធរNAAទាំងមូលឡើយ)។ ចោទនេះមិនត្រឹមត្រូវទេ»។
លោកថ្លែងថា៖ «ការអនុវត្តការងារលទ្ធកម្ម គឺខ្ញុំអនុវត្តតាមនីតិវិធី ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងសវនកម្មជាតិមកអង្កេតរៀងរាល់ឆ្នាំ»។
លោកថា ការចោទប្រកាន់ដែលលោកកាន់ភារកិច្ចច្រើននោះ គឺមិនអាចទទួលយក ព្រោះមន្ត្រីលទ្ធកម្មតាមក្រសួងនីមួយៗ គឺគេជ្រើសចេញពីមន្ត្រីដែលមានតួនាទីអ្វីមួយស្រាប់របស់ស្ថាប័ន ក្រសួងនោះ ដើម្បីជួយការងារផ្នែកលទ្ធកម្ម។
លោកថ្លែងថា៖ «បើគេថា ខ្ញុំធ្វើការខុស ឬចាត់តាំងខុស សូមរកអនុក្រឹត្យមួយណា ដែលថា មិនឲ្យធ្វើការពីរកន្លែង»។
ទោះយ៉ាងណា ស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយបានជំរុញឲ្យមន្ត្រីប្តឹង។
លោក កែវ រ៉េមី អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងថា លោកនៅមិនទាន់បានដឹងពីលិខិតផ្ញើមក ACU មួយនេះឡើយ ព្រោះមានពាក្យបណ្តឹងច្រើនត្រូវចាត់ការ។
លោកថ្លែងថា៖ «យើងមិនព្រងើយនឹងពាក្យបណ្តឹងឡើយ ឲ្យតែមាន ប៉ុន្តែយើងចាត់ចំណាត់ថ្នាក់ទៅតាមទម្ងន់ថា តើប្រភេទរឿងមួយណាប៉ះពាល់ធ្ងន់ធ្ងរដល់ប្រយោជន៍រួម ប្រយោជន៍ប្រជាជនច្រើនជាង។ យើងខ្លាចនូវបណ្តឹងដែលមានលក្ខណៈបុគ្គលប៉ុន្មាននាក់ប្តឹងបង្ខូចឈ្មោះ គេ»។
លោកទេសរដ្ឋមន្ត្រី នុត សុខុម ប្រធានNAA មិនអាចទាក់ទងបានទេ កាលពីថ្ងៃចន្ទម្សិលមិញ។ ចំណែកលោក ឈឹម ឃិនដារ៉េត បានថ្លែងថា លោកមិនអាចផ្តល់ការអធិប្បាយនៅថ្ងៃឈប់សម្រាកបានឡើយ៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes