ស្រមោលនៃការតវ៉ាជាថ្មី ដែលដឹកនាំដោយបុរសពាក់វែនតា លោកអាន់ណា ហា ហ្សារ៉េ អ្នកធ្វើយុទ្ធនាការបែបមហាត្មះ បានធ្វើឡើងចំពេលលំបាក សម្រាប់នាយករដ្ឋមន្រ្តី ស៊ីង ដែលគេមើលឃើញថាជាប្រធានាធិបតីជិតអស់អំណាចនៅកណ្តាលអាណត្តិ៥ឆ្នាំទីពីររបស់លោក។
កាលពីសប្តាហ៍មុន ដោយប្រឈមនឹងការបាត់បង់ក្រុមដៃគូសំខាន់ៗពីរដ្ឋាភិបាលចម្រុះ លោកស៊ីង បានងាកមកដើរផ្លូវនៃកំណែទម្រង់សំខាន់មួយដើម្បីអនុញ្ញាតឲ្យមានការ ធ្វើវិនិយោគរបស់បរទេសនៅក្នុងផ្សារទំនើប។
ក្នុងឈុតអាវអាចារ្យ និងមួកកាតឹបពណ៌សស្អាត លោកហាហ្សារ៉េ បានប្រាប់អ្នកគាំទ្ររាប់រយនាក់ថា សេចក្តីព្រាងច្បាប់ដែលនឹងបង្កើតគណៈកម្មាធិការឯករាជ្យដើម្បី ស៊ើបអង្កេតរាល់កំហុសឆ្គងនៅក្នុងរដ្ឋាភិបាល គឺជា«ការលាក់ពុត»។
នៅចំពោះមុខហ្វូងមនុស្សហ៊ោកញ្ជ្រៀវនៅឯវេទិកាឃ្លាំមើល ចាន់តា ម៉ាន់តា ជាទីជួបជុំគ្នាជាប្រពៃពីមួយសម្រាប់អ្នកជំទាស់នយោបាយនៅក្រុង ញូវដែលី លោកអាន់ណា បានថ្លែងថា៖ «យើងចូលពន្ធនាគារទាំងអស់គ្នា ប្រសិនបើយើងត្រូវការសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតគណៈ កម្មាធិការឯករាជ្យរឹងមាំមួយ។ យើងនឹងធានាថា ពន្ធនាគារទាំងអស់នឹងពេញហើយ យើងនឹង មិនទុកឲ្យពន្ធនាគារណាមួយទំនេរទេ។
លោកហាហ្សារ៉េ បានដាស់អារម្មណ៍អ្នកវណ្ណៈកណ្តាលដ៏ច្រើននៅឥណ្ឌាដែលខឹងសម្បានឹង អសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការបង្ក្រាបអំពើពុករលួយពាសវាលពាសកាល បន្ទាប់ពីរឿងអាស្រូវប្រាក់រាប់ពាន់លានដុល្លារទាក់ទងនឹងទូរគមនាគមន៍ និងការប្រកួតកីឡាខុម្មិនវ៉េល កើតមាន។
កាលពីខែសីហា លោកត្រូវគេចាប់ខ្លួនបីថ្ងៃ រយៈពេលប៉ុន្មានម៉ោងមុនពេលលោកនឹងចាប់ផ្តើមតមអាហាររហូតដល់ស្លាប់ ជាមួយការទាមទារដូចគ្នានេះ និងត្រូវបានលោកនាយករដ្ឋមន្រ្តី ស៊ីង បដិសេធថាជាជនអនាធិបតេយ្យនិយម។ លោកបានឈប់តមអាហារដែលលោកបានចាប់ផ្តើមពីនៅក្នុងពន្ធនាគារ បន្ទាប់ពីរដ្ឋាភិបាលធានាថា នឹងបំពេញតាមការទាមទាររបស់លោក។
ចំនួនអ្នកចូលរួមការតវ៉ាកាលពីថ្ងៃអាទិត្យ ត្រូវបានគេមើលឃើញថា ការបង្ហាញការគាំទ្រដល់បុរសវ័យ៧៤ឆ្នាំ ដែលបានគំរាមកំហែងធ្វើយុទ្ធនាការប្រឆាំងរដ្ឋាភិបាលដែលមានបញ្ហានេះ នៅក្នុងការបោះឆ្នោតនៅក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុតនៅឥណ្ឌានៅដើមឆ្នាំក្រោយ។
មនុស្សរាប់រយនាក់ជាមួយទង់ជាតិឥណ្ឌានៅក្នុងដៃ និងពាក់មួកដែលសរសេរថា «ខ្ញុំ គឺអាន់ណា ហាហ្សារ៉េ» បានច្រៀងចម្រៀងស្នេហាជាតិ ខណៈលោកហាហ្សារ៉េ បានមកដល់កន្លែងធ្វើកូដកម្មកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបួងសួងនៅឯស្តូបរបស់វីរបុរសឯករាជ្យ មហាត្មះ គន្ធី។
នៅកន្លែងតវ៉ា លោក H.S. Kapoor វ័យ៥៦ឆ្នាំ បាននិយាយថា៖ «រដ្ឋាភិបាលរបស់យើងបានយកលុយយើងតាមរយៈពន្ធ តាមរយៈសំណូក និងប្រើប្រាស់វាជាថ្មីដើម្បីទិញសន្លឹកឆ្នោត។ នៅពេលក្រោយ តើឲ្យចៅរបស់ខ្ញុំ និយាយថា ពួកគេ មានមោទនភាពដែលកើតជាឥណ្ឌាយ៉ាងម៉េច?»។
សេចក្តីព្រាងច្បាប់នេះទំនងជានឹងត្រូវពិភាក្សានៅសប្តាហ៍ក្រោយ ហើយលោកហាហ្សារ៉េ ទាមទារឲ្យវាចប់មុនសភាបិទទ្វារនៅថ្ងៃទី២១ធ្នូ។ លោកបានគំរាមធ្វើកូដកម្មអត់អាហារចំនួន១០ថ្ងៃទៀត ដោយចាប់ផ្តើមពីថ្ងៃទី២៧ ធ្នូ ប្រសិនបើរដ្ឋាភិបាលនេះ បរាជ័យមិនអាចសម្រេចបានទៅតាមការទាមទាររបស់លោក៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes