ក្រុមអ្នកឃ្លាំមើលនិងអ្នកវិភាគបានសម្តែងការខកចិត្ត ចំពោះស្ថាប័នកាកបាទក្រហមកម្ពុជា ដែលគេរកឃើញថា មិនបានឆ្លើយតបទៅនឹងតំរូវការចាំបាច់របស់ពលរដ្ឋបូរីកីឡា ដែលរងគ្រោះ ដោយសារតែខ្វះជំរកនិងស្បៀងអាហារ ដោយសារការបណ្តេញចេញដោយបង្ខំ នៅក្នុងជម្លោះដណ្តើមដីធ្លីកាលពីកន្លងមក។
បើតាមគេហទំព័កាកបាទក្រហមកម្ពុជា ស្តីអំពីទ្សនវិស័យរបស់ខ្លួននោះ បានអោយដឹងថា កាកបាទក្រហមកម្ពុជា ត្រូវបានដាក់បញ្ចូលទៅជាសមាជិក នៃសហព័ន្ឋអន្តរជាតិ ជាលើកទី២ កាលពីឆ្នាំ១៩៩៤ បន្ទាប់ពីបានផ្អាកជាបណ្តោះអាសន្ន ដោយរបបខ្មែរក្រហមរួចមក។
ក្នុងន័យនេះកាកបាទក្រហមកម្ពុជា មានតួនាទីបំពេញបេសកកម្ម ដោយមិនប្រកាន់គណបក្ស នយោបាយ ដើម្បីកម្មវិធីមនុស្សធម៌សំរាប់ជនរងគ្រោះ។
លោកស្រី ពង់ឈីវកិច នាយកការអង្គការសិទ្ឋិមនុស្សលីកាដូរ បានថ្លែងប្រាប់វិទ្យុក្រៅស្រុក មួយបានអោយដឹងថា កាកបាទក្រហមដែលទទួលជំនួយមនុស្សធម៌ ត្រូវតែបំពេញតួនាទី ដោយមិនរើសអើង ឬប្រកាន់និន្នាការនយោបាយ ឬពណ៌សម្បុរនោះទេ។លោកស្រី បានហៅ ពលរដ្ឋដែលត្រូវគេជម្លៀសពីតំបន់សហគមន៏បូរីកីឡា ឬតំបន់ផ្សេងៗទៀត ដើម្បីយកដីទៅ អភិវឌ្ឍន៏នេះ ថាជាកតព្វកិច្ចរបស់ភាគីក្រុមហ៊ុន និងភាគីរដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ ដោយសារភាគីទាំងពីរនេះជាអ្នកទទួលបានប្រាក់ចំណេញដ៏ច្រើនក្រាល់ក្រែល ពីការបណ្តេញនោះ។
សំរាប់លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានកត់សម្គាល់ថា កាកបាទក្រហមកម្ពុជា ហាក់ មានភាពយឺតយ៉ាវ នៅក្នុងការឆ្លើយតបពីតំរូវការនានារបស់ជនរងគ្រោះ បើទោះបីគោលការ របស់កាកបាទក្រហមបានចែងថា មិនត្រូវរើសអើងយ៉ាងណាក្តី។
ជាមួយគ្នាណោះតំណាងរាស្រ្តគណបក្សប្រឆាំង សម រង្ស៊ី បានមើលឃើញថា កាកបាទក្រហមកម្ពុជា ដែលទទួល ជំនួយមនុស្សធម៌ពីសម្បុរសជនជាតិ និងអន្តរជាតិនោះ មានភាពលំអៀងទៅរកគណបក្ស កាន់អំណាច ទើបធ្វើមិនដឹងមិនឮ ចំពោះអឌិតពលរដ្ឋបូរីកីឡា ដែលកំពង់មានជំងឺ ខ្វះស្បៀ ងអាហារនិងទីជំរកជាដើមនោះ។
បើយោងតាមរបាយការណ៏របស់គណបក្ស សម រង្ស៊ី បង្ហាញថា យ៉ាងហោចណាស់មានពលរដ្ឋ ចំនួន២៥ម៉ឺនគ្រួសារ ឬជាង១លាននាក់ ដែលរងគ្រោះដោយសារជម្លោះដីធ្លីនៅក្នុងរយះពេល នៃការដឹកនាំប្រទេសរបស់គណបក្សកាន់អំណាច នាពេលចុងក្រោយនេះ ដែលគេកត់សម្គាល់ឃើញថា ពលរដ្ឋទាំងនោះ ពុំដែលទទួលបានអំណោយពីកាកបាទក្រហមកម្ពុជានោះទេ។
No comments:
Post a Comment
yes