ក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ចំនួន ៤រូប រួមមានលោកស្រី មួរ សុខហួរ អ្នកតំណាងរាស្រ្តមណ្ឌលកំពត លោកស្រី លី ស្រីវីណា អ្នកតំណាងរាស្រ្ត មកពីមណ្ឌលភ្នំពេញ លោក ឃឹម ឡាក់គី អ្នកតំណាងរាស្រ្តមកពីមណ្ឌលកណ្តាល និងលោកសុវណ្ណ ពីសាខា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម កាលពីរសៀល ថ្ងៃទី១២ ខែមករា បានចុះពិនិត្យ ស្ថាន ភាពរស់នៅ របស់អ្នកភូមិសហគមន៏បូរីកីឡា ចំនួនជាង២០០គ្រួសារ ដែលបាន ក្រុមហ៊ុនផានអ៊ីម៉ិច ដឹកយកទៅចាក់ចោលនៅតំបន់ភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ដែលមានចំងាយប្រហែល ៤០គ.ម ពីទីក្រុងភ្នំពេញ ដោយមិនមានការទទួលខុសត្រូវ។
លោកស្រី មួរ សុខហួរ នៅក្រោយពីត្រឡប់ពីការពិនិត្យស្ថានភាពរស់នៅ របស់ពលរដ្ឋបាន លើកឡើងថា ការយកពលរដ្ឋទៅចាក់ចោលដូច្នេះ គឺក្រុមហ៊ុនផានអ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន ហាក់ប្រមាទទៅលើពលរដ្ឋយ៉ាងធ្ងន់ធ្ងរដូចជាសត្វធាតុ។ លោកស្រីថា វាពិតជាលំបាកគ្មានអ្វីប្រៀបផ្ទឹមបាននោះទេ ដោយសារនៅតំបន់រស់នៅថ្មីនោះ ពលរដ្ឋមានតែកៅស៊ូតង់ ចាន ឆ្នាំងបន្តិចបន្តួចបន្សល់ពីផ្ទះចាស់ អ្នកខ្លះគ្មានក្រែស្នាក់នៅតែឥតជញ្ជាំង គ្មានបង្គន់អនាម័យប្រើប្រាស់ គ្មានទឹកភ្លើងប្រើប្រាស់សមរម្យ ជាពិសេសមានការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ហើយអ្នកខ្លះកំពុងធ្លាក់ខ្លួនឈឺថែមទៀត។
លោកស្រីលើកឡើងថា ការបើកដៃពីសំណាក់រដ្ឋាភិបាល អោយក្រុមហ៊ុនផានអ៊ីម៉ិចបណ្តេញ ពលរដ្ឋយកទៅចោលដូច្នេះ គឺពលរដ្ឋរងទុកលំបាកលើសពីសម័យអតីតកាល ដែលពលរដ្ឋ ខ្មែរភៀសខ្លួនទៅរស់នៅជុំរំជាយដែនខ្មែរថៃ កាលពីអតីតកាលនោះ។
លោកស្រី មួរ សុខហួរ បន្តថា អ្វីដែលក្រុមហ៊ុនផានអ៊ីម៉ិច របស់លោកស្រី ស៊ុយ សុផាន ដែល គេស្គាល់ថា ជាមនុស្សស្និតទៅនឹងមន្រ្តីជាន់ខ្ពស់ក្នុងជួរគណបក្ស កាន់អំណាច ក្រុមហ៊ុនេះ បានកំពង់អនុវត្តខុសកិច្ចសន្យារបស់ខ្លួនដែលថា សាងសង់អាគារចំនួន១០ ផ្តល់ជូនពលរដ្ឋ ចំនួន ១៧៧៦គ្រួសារនោះ ប៉ុន្តែនៅពេលនេះក្រុមហ៊ុនផានអ៊ីម៉ិច ទើបបានសាងសង់អាគារ បានតែចំនួន៨អាការតែប៉ុណ្ណោះ ហើយពលរដ្ឋដែលនៅសេសសល់ជាង៣០០គ្រួសារ ត្រូវក្រុមហ៊ុន ប្រើកងកម្លាំងរាប់រយនាក់ បណ្តេញចេញទាំងបង្ខំ ដោយមិនទទួលខុសត្រូវដូច្នេះ ទៅវិញ។ លោកស្រីថា ទង្វើរដ្ឋាភិបាលដែលបើកដៃអោយក្រុមហ៊ុនអនុវត្តបណ្តេញចេញដូច្នេះ គឺកំពុងតែធ្វើបាបពលរដ្ឋរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។
មិនខុសពីនេះឡើយ ពលរដ្ឋម្នាក់ឈ្មោះ ឡាយ សំអុល ដែលបានរស់នៅតំបន់បូរីកីឡា ចាប់តាំងពីខែកញ្ញា ឆ្នាំ១៩៩៩ មក ហើយត្រូវបានក្រុមហ៊ុនដឹកទៅចាក់ចោល នៅតំបន់ ភ្នំបាត បានថ្លែងថា ទោះបីក្រុមហ៊ុនសន្យាថាផ្តល់ដីអោយរស់នៅតំបន់ភ្នំបាតក៏ដោយ ក៏មកទល់ពេល នេះគ្រួសារលោក និងគ្រួសារពលរដ្ឋមួយចំនួនទៀត នៅមិនទាន់ទទល់់បានដីកម្មសិទ្ឋិ របស់ខ្លួន នោះឡើយ។
ប្រភពព័ត៌មានចុងក្រោយអោយដឹងថា មកទល់ពេលនេះមានពលរដ្ឋចំនួន៨០គ្រួសារ នៅតំបន់ភ្នំបាត ត្រូវបានក្រុមហ៊ុនចែកដីកម្មសិទ្ឋិអោយ ប៉ុន្តែនៅចំនួន១៩៧គ្រួសារទៀត នៅតំបន់ភ្នំបាតនោះ ពួកគាត់អះអាងថា នៅមិនទាន់ទទួលបានដីកម្មសិទ្ឋិនៅឡើយ។ ចំណែកពលរដ្ឋចំនួនជាង១០០គ្រួសារ ពុំទាន់ចាកចេញពីតំបន់បូរីកីឡានៅឡើយទេ ដោយនៅបន្តតវ៉ា សុំការអភិវឌ្ឍន៏សង់ផ្ទះនៅនឹងកន្លែងជូនពួកគាត់វិញ។ រីឯពលរដ្ឋ៣០នាក់ក្នុងចំណោមជាង ១០០គ្រួសារនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ចាប់បញ្ជូនខ្លួនទៅឃុំនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ជាយក្រុងភ្នំពេញ នឹងពលរដ្ឋចំនួន៨នាក់ ដែលត្រូវអាជ្ញាធរចាប់ខ្លួនដាក់ពន្ឋនាគារព្រៃសរ នៅក្នុងព្រឹត្តការណ៏បណ្តេញចេញកាលពីថ្ងៃទី០៣ មករា រហូត មកទល់ពេលនេះ មិនទាន់មានការដោះលែងនៅឡើយ ៕
No comments:
Post a Comment
yes