ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានហៅ ការស្លាប់របស់ប៉េអឹម លោក អ៊ិន រតនា កាលពីថ្ងៃទី២៦ ខែមេសា នៅចំណុចវាល់បី ស្រុកមណ្ឌលសីមា ខេត្តកោះកុង នោះថា ពុំមែនជាការធ្វើអត្តឃាតដោយខ្លួនឯងនោះទេ។ លោក អ៊ូ វីរៈ បានដាក់ការសង្ស័យ ក្នុងរឿងរ៉ាវដ៏រសើបមួយនេះថា អាចជាគំរោងការគិតទុកជាមុន ៖” យើងមើលទៅក្នុងនេះ មានឆន្ទៈមួយដើម្បីបំបិទមាត់ យើងមើលទៅពួកគាត់ទាំងអស់គ្នា ទាំងប៉េអឹម ដែលស្លាប់ រតនា សុទ្ធតែជឿថា ខ្លួនឯងអាចសម្លាប់លោក ឈុត វុទ្ធី បានដោយគ្មានបញ្ហា គ្មានសំរាប់ខ្លួន គ្មានគេរកយុត្តិធម៌សំរាប់លោក ឈុត វុទ្ធី មានជំនឿ អញ្ចឹង សុទ្ធតែមានអាង ដឹងពីមូលហេតុតែមានអាងច្រើន។ខ្ញុំមិនជឿថា មនុស្សដែលមានអាង សំលាប់លោក ឈុត វុទ្ធី ហើយមនុស្សហ្នឹង អាចសម្លាប់ខ្លួនឯងអញ្ចឹងទេខ្ញុំមើលទៅផ្ទុយពីការពិតទាំងអស់”។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ និងបានចុះពិនិត្យផ្ទាល់ដល់ទីកើតហេតុ លោក អំ សំអាត ច្រានចោលចំពោះរបាយការណ៍របស់ក្រុមសមត្ថកិច្ច ដែលរកឃើញថា មន្រ្តីប៉េអឹម លោក អ៊ិន រតនា បាញ់សម្លាប់ខ្លួននោះ។ លោក អំ សំអាត ចាត់ទុកថា របាយការណ៍នោះ គឺជាឧករណ៍ដើម្បីដោះបន្ទុកដើម្បីបញ្ចប់សំណុំរឿង ៖”អ្វីដែលយើងមិនអាចទទួលយកបានទៀតពីព្រោះ កាំភ្លើង នេះជាកាំភ្លើងអាកា ហើយការធ្វើអត្តឃាតបាញ់ដើមទ្រូងខ្លួនឯងដល់ទៅពីរគ្រាប់តើអាចទេ? នៅពេលដែលកាំភ្លើងអាកា ដាក់ចំដើមទ្រូង ហើយបាញ់ខ្លួនឯងដល់ទៅពីរគ្រាប់ អានេះប្រៀបធៀបដែលយើងគិតថា មិនប្រក្រតី យើងគិតទុកថា មិនប្រក្រតី យើងមិនអាចទទួលយកបាន យើងនៅតែសង្ស័យថា តើនរណាជាអ្នកបាញ់?”។
ស្តាប់សំឡេង៖
ចំណែកអតីតប៉ូលីសជំនាន់អ៊ុនតាក់ និងបច្ចុប្បន្នជាប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន វិញពន្យល់ថា ការបាញ់ដើម្បីបញ្ចប់ជីវិតខ្លួនឯង ដោយប្រើកំាភ្លើងវែង នឹងពុំអាចបាញ់ចំទ្រូង ឬទីតាំងផ្សេងក្រៅពីចង្កា ឬក្បាលនោះទេ។ ផ្អែកតាមបច្ចេកទេសនៃការប្រើប្រាស់អាវុធ លោក សុក សំអឿន អធិប្បាយថា ការធ្វើអត្តឃាតខ្លួនឯង នឹងពុំអាចបាញ់បានរហូតដល់ចំនួនពីរគ្រាប់នោះទេ ៖”តាមការស្រាវជ្រាវ និងការពិសោធន៍របស់ខ្ញុំ ការធ្វើអត្តឃាតខ្លួនឯងមិនអាចបាញ់កើតទេ បើបាញ់កាំភ្លើងខ្លីច្រើនតែបាញ់ស្នៀតផ្កា បើបាញ់កាំភ្លើងវែងអាចបង់ចង្ការ ឬប្រហោងមាត់អញ្ចឹង ហើយដ៏មកបាញ់ទ្រូងខ្លួនឯង ខ្ញុំដូចជាថា អត់បាញ់ខ្លួនឯងទេទី១។ ហើយទី២ ប្រសិនបើបាញ់ខ្លួនឯងកម្របាញ់ពីគ្រាប់ណាស់ បើវាកាច់ចេញទៅចេញ automatic មានព្រុះ ហ្នឹងវាអាចមាន តែបើបាញ់ម្ដងហើយ ម្ដងទៀតវាមិនមានទេ”។
ផ្អែកតាមការចុះស៊ើបអង្កេតផ្ទាល់នៃអង្គហេតុបែបនេះ ក្រុមអ្នកវិភាគ ចាត់ទុកថា ការស្លាប់របស់លោក ឈុត វុទ្ធី និងប៉េអឹមលោក អ៊ិន រតនា អាចមានការពាក់ព័ន្ធទៅនឹងភាគីទី៣។
ក្រុមគ្រួសារមន្រ្តីប៉េអឹមរូបនោះ ក៏បានប្រាប់កាសែត The Cambodia Daily ដែរថា ពួកគាត់មិនជឿថា លោក អ៊ិន រតនា ស្លាប់ដោយការធ្វើអត្តឃាតដោយខ្លួនឯងនោះទេ ។
តាមការចុះផ្សាយរបស់កាសែត The Cambodia Daily ដែលមានអ្នកយកព័ត៌មានរបស់ខ្លួនជាស្រ្តីពីរនាក់ បានស្ថិតក្នុងហេតុការណ៍នោះ បានស្រង់ប្រភពពីអ្នកឃើញព្រឹត្តិការណ៍ នៅទីកើតហេតុនោះថា ខណៈជនរងគ្រោះទាំងពីរនាក់មិនទាន់ស្លាប់ គឺមានសមត្ថកិច្ចប្រហែល ពី៣ទៅ៤នាក់ នៅទីនោះ និយាយថា”មិនត្រូវខ្វល់ពីអ្នកទាំងពីរនេះទេ ហើយសម្លាប់ពួកគេចោលទៅ” ។
យ៉ាងណាក៏មន្រ្តីជំនាញរបស់កងរាជអាវុធហត្ថ អះអាងថា ខ្លួនកំពុងស៊ើបអង្កេតនៅឡើយ ហើយអ្វីដែលបានរកឃើញកន្លងមក គឺគ្រាន់តែជារបាយការណ៍បឋមប៉ុណ្ណោះ។
កាសែត The Cambodia Daily បានស្រង់សំដីរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា និយាយថា អង្គភាពនេះនឹងបង្កើតគណៈកម្មការថ្មីមួយដើម្បីពិនិត្យមើលករណីនេះ។
បើតាមរបាយការណ៍របស់ប៉េអឹមខេត្តកោះកុង ឲ្យដឹងថា ប្រធានអង្គការការពារធនធានធម្មជាតិ ត្រូវបានប៉េអឹមបាញ់ត្រូវចំជង្គង់ និងចំពោះនៅគ្រាលោក ឈុត វុទ្ធី អង្គុយក្នុងរថយន្តបំរុងបើកចេញ។ ចំណែកប៉េអឹមដែលគេថា ជាអ្នកបាញ់សម្លាប់លោក ឈុត វុទ្ធីនោះ គឺបានត្រូវគ្រាប់កាំភ្លើងចំនួនពីរ ចំទ្រូង ហើយតាមការធ្វើកោសល្យវិច័យរបស់គ្រូពេទ្យ អះអាងថា គ្រាប់កាំភ្លើងដែលសម្លាប់ជនរងគ្រោះទាំងពីរនាក់នោះ គឺជាគ្រាប់ប្រភេទដូចគ្នា៕
No comments:
Post a Comment
yes