Tuesday, 01 May 2012 08:32 ដោយៈ បាន ចក់-Posted: ID-009
ភ្នំពេញៈ នៅព្រឹកថ្ងៃទី០១ ឧសភា ទិវាពលកម្មអន្តរជាតិ លើកទី១២៦នេះ កម្មករ និយោជិត ប្រមាណជា ១.០០០នាក់ តំណាងឲ្យកម្មករប្រមាណជា៧ម៉ឺននាក់ បានជួបជុំគ្នាដង្ហែរក្បួនពីសួនវត្តច្បារភ្នំ ឆ្ពោះមក វិមានរដ្ឋសភា ក្នុងគោលបំណងបង្ហាញពីទុក្ខកង្វល់ និងស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បន្ថែម ទៀត ដើម្បីដោះស្រាយបន្ទាន់ប្រកបដោយប្រសិទ្ធភាព យុត្តិធម៌ សីលធម៌ ស្របតាមច្បាប់ និងឯកសារ គតិយុត្តិនានា ដែលរាជរដ្ឋាភិបាលបានបង្កើតឡើង។
យោងតាមសេចក្តីថ្លែងការណ៍រួមសំឡេងកម្មករនិយោជិត បានស្នើទៅកាន់រាជរដ្ឋាភិបាលអនុវត្តន៍នូវ ចំណុចមួយចំនួនដូចខាងក្រោមៈ
១. បង្កើតយន្តការបន្ថែមក្នុងការការពារសិទ្ធិកម្មករនិយោជិតគ្រប់វិស័យ ជាពិសេសកម្មករសំណង់ និងសេវាកម្សាន្តគ្រប់ប្រភេទ
២. កំណត់ប្រាក់ឈ្នួលអប្បរមា ដើម្បីជីវភាពរស់នៅសមរម្យដល់កម្មករ និយោជិត និងមន្រ្តីរាជការយ៉ាង ហោចណាស់១២០ដុល្លារក្នុង១ខែ និងប្រាក់លើកទឹកចិត្តផ្សេងៗទៀត
៣. រាជរដ្ឋាភិបាលត្រូវជំរុញនិយោជកឲ្យបញ្ឈប់ការប្រើប្រាស់កិច្ចសន្យាខ្លី ដែលជាបុព្វហេតុនាំឲ្យមានការ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងសិទ្ធិកម្មករនិយោជិត
៤. បញ្ឈប់ការប្រើប្រាស់កិច្ចសន្យាជួលបន្ត និងរាជរដ្ឋាភិបាលត្រូវអនុវត្តន៍ឲ្យមានប្រសិទ្ធភាពលើសេចក្តី ប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងកិច្ចសន្យាជួលផលិតបន្ត
៥. រាជរដ្ឋាភិបាលត្រូវបង្កើតតុលាការការពារឯករាជ្យឲ្យបាន ហើយប្រកបដោយយុត្តិធម៌ ដែលមានការ ចូលរួមពីគ្រប់ភាគី
៦. រាជរដ្ឋាភិបាល និងតុលាការត្រូវចាន់វិធានការ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរលើជនល្មើសមានដូចជា លោក ឈូក បណ្ឌិត
៧. អនុវត្តន៍របបថែទាំសុខភាព និងសោធននិវត្តន៍ឲ្យបានឆាប់រហ័ស និងពង្រឹងប្រព័ន្ធសុខភាព សុវត្ថិភាព នៅកន្លែងការងារសម្រាប់កម្មករនិយោជិតគ្រប់វិស័យ
៨. បញ្ចុះតម្លៃប្រេងសាំងមកត្រឹម ៤.០០០រៀល ក្នុង១លីត្រ និងតម្លៃទំនិញទីផ្សារ ដែលជាតម្រូវការចាំ បាច់របស់ប្រជាពលរដ្ឋ
៩. រាជរដ្ឋាភិបាលត្រូវជំរុញមន្ត្រីនៅក្រោមឱវាទឲ្យអនុវត្តន៍ច្បាប់បទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិ ប្រកប ដោយប្រសិទ្ធភាពខ្ពស់
១០. រាជរដ្ឋាភិបាលត្រូវប្រញាប់ផ្តល់សច្ចាប័នលើអនុសញ្ញា១៨៣ ដែលចែងអំពីការការពារសិទ្ធិស្រ្តី
១១. រាជរដ្ឋាភិបាលត្រូវធានា និងផ្តល់លក្ខខណ្ឌការងារឲ្យបានប្រសើរជាងមុន សម្រាប់កម្មករ និយោជិត ជាស្រ្តី ពិសេសស្រ្តីមានផ្ទៃពោះ និងស្ត្រីសេវាកម្សាន្ត
១២. ច្បាប់សហជីពត្រូវតែធានាសិទ្ធិសេរីភាពកម្មករនិយោជិត និងមន្រ្តីរាជការក្នុងការចូលរួមជាហជីព និងស្របតាមបទដ្ឋានអនុសញ្ញាអន្តរជាតិ។
No comments:
Post a Comment
yes