ដោយ ហ៊ុំ ចំរើន
ក្រុមប្រជាពលរដ្ឋក្នុងសហគមន៍ការពារឈើឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅព្រឹកថ្ងៃទី២៣ មិថុនានេះ ពួកគាត់បាននាំគ្នាប្រមាណ ១៥០ នាក់ ចេញយុទ្ធនាការ ដើម្បីទប់ស្កាត់ ការលួចកាប់បំផ្លាញព្រៃឈើយកដីក្នុងតំបន់សហគមន៍ ដែលពួកគាត់បានថែរក្សា និងអាស្រ័យផលពីដីនោះ តាំងពីដូនតាមក។
តំណាងប្រជាពលរដ្ឋម្នាក់ គឺលោក សែន វិទូ រស់នៅភូមិថ្មី ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០១២ ថា អ្នកភូមិមានការព្រួយបារម្ភខ្លាចបាត់បង់ដី ព្រៃឈើក្នុងសហគមន៍របស់ពួកគាត់។
ការព្រួយបារម្ភនេះ ដោយសារតែផ្ទៃដីព្រៃនោះ នៅសេសសល់តិចតួច គឺប្រមាណ ៥០០ ហិកតារប៉ុណ្ណោះ។ បុរសរូបនោះបន្តថា ប្រជាពលរដ្ឋចង់ថែរក្សាផ្ទៃដីចំនួន ៥០០ នេះទុក ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ និងដើម្បីឲ្យអ្នកភូមិបានទទួលអនុផលពីព្រៃឈើនោះបន្ត។ ប៉ុន្តែ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានអ្នកលួចកាប់ព្រៃយកដីអស់ប្រមាណ ៣ ហិកតារទៅហើយ តែគ្មានអាជ្ញាធរណាម្នាក់ចេញមុខទប់ស្កាត់ និងហាមឃាត់ឡើយ។ បញ្ហាទាំងនេះធ្វើឲ្យអ្នកភូមិមិនសប្បាយចិត្តបានប្រមូលគ្នាប្រមាណ ១៥០ នាក់ ទៅការពារព្រៃឈើនោះតែម្ដង។
លោក សែន វិទូ៖ «ប្រជាពលរដ្ឋក្នុងឃុំក្រសាំងទាំងមូល បានការពារទុកដើម្បីប្រើប្រាស់តំបន់ហ្នឹង ព្រៃឈើហ្នឹង ហើយវាមានអត្ថប្រយោជន៍ផង សម្រាប់ទាញយកទឹកភ្លៀងបានផលប្រយោជន៍ពីការថែទាំព្រៃបានគង់វង្ស។ ព្រោះដីហ្នឹងប្រជាពលរដ្ឋបានមូលមតិគ្នា អាស្រ័យផលដីសហគមន៍នេះ ដូចជាការប្រើប្រាស់ព្រៃឈើកូនឈើ»។
មេឃុំក្រសាំង គឺលោក ពោន សាង មានប្រសាសន៍ថា មានគេលួចកាប់ឆ្ការព្រៃឈើយកដីក្នុងតំបន់សហគមន៍នោះមែន។ អ្នកភូមិក្នុងសហគមន៍ឃុំក្រសាំងគាត់ខ្លាចបាត់បង់ដីព្រៃរបស់គាត់ក៏នាំគ្នាទៅមើល។
លោក ពោន សាង៖ «កាប់ឆ្ការព្រៃឈើហ្នឹងមែនហ្នឹង លោកប្រធានសហគមន៍ប្រាប់អ៊ីចឹង។ គាត់ថា បានទៅឃើញពីមុននោះ គាត់បានអនុគ្រោះម្ដងគាត់មិនយកប្រដាប់ប្រដា ដែលទៅកាប់ឆ្ការព្រៃឈើដូចជា កាំបិត ដូចជាអ្វីដែលបំផ្លាញព្រៃឈើនោះទេ គាត់បានព្រមានដែរ។ គាត់ព្រមានថា ថ្ងៃក្រោយឈប់ដីហ្នឹងជាដីរបស់សហគមន៍ទេ មិនមែនជាដីរបស់អ្នកណា។ ហើយគាត់ការពារទុកឲ្យប្រជាពលរដ្ឋទាំងអស់គ្នាថ្ងៃឯណោះ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលស្រុករមាសហែក ដើម្បីស្រាយបំភ្លឺជុំវិញបញ្ហានេះបានទេ។ ប៉ុន្តែ អធិការរងស្រុករមាសហែកលោក កើត សុ ធន់ បានអះអាងថា លោកបានទទួលព័ត៌មាននេះពីប្រជាពលរដ្ឋដែរ ហើយលោកបានរាយការណ៍បន្តទៅអភិបាលស្រុកហើយ។ លោកបន្តថា ការទៅកាប់ព្រៃដណ្ដើមយកដីនេះ ដោយសារប្រជាពលរដ្ឋបានឮសេចក្ដីប្រកាស កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ ២០១២ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ចែកដីសម្បទានដល់ប្រជាពលរដ្ឋ។
លោក កើត សុ ធន់៖ «ខ្ញុំទើបទទួលបានព័ត៌មានពីព្រឹកមិញពីសហគមន៍ការពារព្រៃឈើ នៅក្រសាំង។ ប៉ុន្តែ ខ្ញុំបានរាយការណ៍ជូនទៅគណៈអភិបាលហើយ។ តែគាត់មានវិធានការយ៉ាងម៉េចអត់ទាន់បានព័ត៌មានទេ។ ឮបើតាមព័ត៌មាន ដែលសហគមន៍គេរាយការណ៍ឲ្យព័ត៌មានហ្នឹង គឺប្រជាជនអ្នកនៅក្រសាំងហ្នឹង ហើយសហគមន៍នៅក៏នៅក្រសាំងដែរ។ សំណើដីហ្នឹងឮប្រកាសរបស់សម្ដេចហ្នឹងចង់នាំគ្នាចលាចលពេញស្រុកដែរឥឡូវ»។
អ្នកសម្របសម្រួល អង្គការ អាដហុក (Adhoc) ប្រចាំខេត្តស្វាយរៀង គឺលោក ប្រាក់ សារ៉ាន់ មានប្រសាសន៍ថា អាជ្ញាធរគួរតែចេញមុខដោះស្រាយដីធ្លីនោះជូនប្រជាពលរដ្ឋឲ្យឆាប់។ លោកបន្តថា ការបណ្ដោយឲ្យប្រជាពលរដ្ឋដោះស្រាយ លោកព្រួយបារម្ភ ខ្លាចមានអំពើហិង្សាកើតឡើង។
លោក ប្រាក់ សារ៉ាន់៖ «ខ្លាចក្រែងគាត់ប្រើអំពើហិង្សា ដោយសារតែគាត់រង់ចាំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការមិនបានប្រសិទ្ធភាព អាហ្នឹងគាត់ប្រើអំពើ ហិង្សាទៅលើគូភាគីឬក៏ ទៅអ្នក កាប់បំផ្លាញព្រៃឈើហ្នឹងមានការប្រើអំពើ ហិង្សាទៅវិញទៅមក អាហ្នឹងយើងព្រួយបារម្ភអ៊ីចឹង»។
អង្គការសង្គមស៊ីវិល ស្នើឲ្យអាជ្ញាធរចាត់វិធានការចាប់ជន ដែលបង្កបញ្ហាទាំងនោះ យកមកផ្ដន្ទាទោសតាមច្បាប់ព្រៃឈើ ហើយត្រូវមានវិធានការធ្វើយ៉ាងណា ដើម្បីទប់ស្កាត់ និងកុំឲ្យមានការកាប់ព្រៃយកដីនោះជាបន្តទៅទៀត។ ទោះយ៉ាងនេះក្ដី រហូតមកដល់ពេលនេះបញ្ហានៅមិនទាន់ដោះស្រាយឲ្យបានចប់នៅឡើយទេ៕
No comments:
Post a Comment
yes