សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 24, 2012

ក្រុម​យោធិន​ពិការ​នៅ​ភូមិ​ថ្ម​សំលៀង កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ស្បៀង



ក្រុម​យោធិន​ពិការ និង​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ថ្ម​សំលៀង ដែល​អាជ្ញាធរ​ខែត្រ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ចម្ការ​របស់​ខ្លួន​នៅ​បន្ទាយ​រងៀង ឃុំ​ក្រយា ស្រុក​សន្ទុក ខែត្រ​កំពង់ធំ កាល​ពី​ឆ្នាំ ២០០៩ នោះ កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ខ្វះ​ស្បៀង។
ការ​ប្រឈម​នេះ ដោយសារ​តែ​អាជ្ញាធរ​ខែត្រ​មិន​ទាន់​ដោះស្រាយ​សំណង​ផ្ដល់​ដី​ចំការ​ក្នុង​មួយ​គ្រួសារ ១ ហិកតារ ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​នៅ​ឡើយ។
ទាក់ទង​នឹង​បញ្ហា​នេះ ខាង​អាជ្ញាធរ​ខែត្រ​អះអាង​ថា អាជ្ញាធរ​ខែត្រ​កំពុង​គិតគូរ​រក​ដី​សង្គម​កិច្ច ឲ្យ​យោធិន​ពិការ និង​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ហើយ។
ក្រុម​យោធិន​ពិការ និង​ប្រជា​ពលរដ្ឋ​ក្រីក្រ នៅ​ភូមិ​ថ្ម​សំលៀង បច្ចុប្បន្ន​អាជ្ញាធរ​ខែត្រ​បាន​ដាក់​ឈ្មោះ ភូមិ​នោះ​ថា ភូមិ​សែន​សេរីមង្គល ដែល​កាល​ពី​មុន​ពួក​គាត់​ធ្លាប់​ជា​ម្ចាស់​ដី​ចម្ការ រស់​នៅ​អាស្រ័យ​លើ​ផល​ដំណាំ​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ មិន​ខុស​ពី​ប្រជា​កសិករ​ទូទៅ​ឡើយ។
ប៉ុន្តែ ក្ដី​សង្ឃឹម និង​ភាព​ជា​ម្ចាស់​ដី​ចម្ការ​របស់​ពួក​គាត់​ត្រូវ​បាត់បង់​ទៅ​វិញ​នៅ​ក្នុង​ឆ្នាំ ២០០៩។ សព្វ​ថ្ងៃ​នេះ ពួក​គាត់​ទាំង​អស់ បាន​ក្លាយ​ទៅ​ជា​កម្មករ​ដាំ​ដើម​កៅស៊ូ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ដែល​ជា​ក្រុមហ៊ុន ដែល​បាន​បណ្ដេញ​ពួក​គាត់​ទៅ​វិញ។

នៅ​ក្នុង​ភូមិ​សែន​សេរី​មង្គល​មាន​តែ​ផ្ទះ​ខ្ទម​តូចៗ ប្រក់​ស្លឹក។ ផ្ទះ​ខ្លះ​មាន​កុមារ​តូចៗ ចាំ​ផ្ទះ មាន​សភាព​ស្ងាត់​ជ្រងំ ដោយសារ​តែ​ឪពុក​ម្ដាយ​របស់​ពួក​គេ​ទៅ ស៊ី​ឈ្នួល​ក្រុមហ៊ុន​ដាំ​កៅស៊ូ។
ប្រជា​ពលរដ្ឋ​ឈ្មោះ នេត្រ សៅ បាន​រៀបរាប់​ថា ពួក​គាត់​ទាំង​អស់​គ្នា ទៅ​ស៊ី​ឈ្នួល​ក្រុមហ៊ុន​វៀតណាម តាន់បៀន ដាំ​ដើម​កៅស៊ូ បាន​មួយ​ថ្ងៃ​ចំនួន ១ ម៉ឺន ៥ ពាន់​រៀល សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង។ ទន្ទឹម​នឹង​គ្នា​នេះ លោក​បញ្ជាក់​ថា ពួក​គាត់​ក៏​រង់ចាំ​អាជ្ញាធរ​ខែត្រ​ផ្ដល់​ដី​ចម្ការ​ឲ្យ​ពួក​គាត់​ក្នុង​មួយ​គ្រួសារ ១ ហិកតារ​ដែរ ដើម្បី​ក​វែក​ក​ឆ្នាំង ធ្វើ​ចម្ការ​គ្រាន់​បាន​ចំណូល​ប្រចាំ​ឆ្នាំ​ពី​ដំណាំ​កសិកម្ម។
ផ្ទុយ​ទៅ​វិញ​លោក​បញ្ជាក់​ថា ការ​ទន្ទឹម​រង់ចាំ​នេះ អស់​រយៈ​ពេល​ចំនួន ៤ ឆ្នាំ​កន្លង​មក​ហើយ អាជ្ញាធរ​ខែត្រ​មិន​ទាន់​រក​ដី​ចម្ការ​ឲ្យ​ពួក​គាត់​បាន​នៅ​ឡើយ។
យោធិន​ពិការ និង​ប្រជា​ពលរដ្ឋ​ប្រមាណ ១០០០​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​បណ្ដេញ​ចេញ​ពី​ដី​ចម្ការ​របស់​ខ្លួន​នៅ​ភូមិ​បន្ទាយ​រងៀង ឃុំ​ក្រយា ស្រុក​សន្ទុក ប្រគល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ តាន់ បៀន ដាំ​ដើម​កៅស៊ូ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩ ហើយ​ឲ្យ​ទៅ​នៅ​លើ​ដី​ក្នុង​ភូមិ​ថ្មសំលៀង​ឬ​ភូមិ​សែន​សេរីមង្គល ដោយ​ចែក​ដី​ភូមិ​ឲ្យ​មួយ​ក្បាល ២០​ម៉ែត្រ បណ្ដោយ ៤០​ម៉ែត្រ។
គិតតាំងពីឆ្នាំ២០០៩មក អាជ្ញាធរ​ខែត្រ បាន​សន្យា​ជា​បន្តបន្ទាប់ ថា​នឹង​ចែក​ដី​ចម្ការ​ឲ្យ​គ្រួសារ​យោធិន ពិការ និង​ប្រជា​ពលរដ្ឋ​ទាំង​នោះ ក្នុង ១ គ្រួសារ ១ ហិកតារ ជា​ថ្នូរ​នឹង​ដី ដែល​ពួក​គាត់​មាន​នៅ​តំបន់​បន្ទាយ​រងៀង គ្រួសារ​ខ្លះ​ចំនួន ៥ ហិកតារ គ្រួសារ​ខ្លះ​មាន ៧ ហិកតារ។
អភិបាល​រង​ខែត្រ​កំពង់ធំ លោក អ៊ុត សំអន បាន​បញ្ជាក់​អំពី​ការ​យឺតយ៉ាវ​ផ្ដល់​ដី​ជូន​ប្រជា​ពលរដ្ឋ​ថា ដោយសារ​តែ​ខែត្រ​កំពង់ធំ​ធ្វើ​យុទ្ធនាការ​កាត់​ដី​ពី​ប្រជា​ពលរដ្ឋ​ផ្សេង ដែល​កាន់កាប់​ដី​រដ្ឋ​លើស​ពី ៥ ហិកតារ​នោះ យក​មក​ធ្វើ​ជា​ដី​សង្គម​កិច្ច ដើម្បី​យក​មក​ចែក​ជូន​ប្រជា​ពលរដ្ឋ និង​ក្រុម​យោធិន​ពិការ នៅ​ភូមិ​សែន​សេរី​មង្គល​នេះ មិន​ទាន់​ចប់​សព្វ​គ្រប់។
លោក អ៊ុត សំអន បាន​បញ្ជាក់​ទៀត​ថា ការ​ស្រង់​ស្ថិតិ​របស់​ខែត្រ​ប្រជា​ពលរដ្ឋ និង​ក្រុម​យោធិន​ពិការ នៅ​ភូមិ​សែន​សេរី​មង្គល​នោះ មាន​ជាង ៦០០ គ្រួសារ ក្នុង​នោះ ខែត្រ​បាន​ផ្ដល់​ដី​គ្រួសារ​យោធិន​ពិការ បាន​ចំនួន ៣៨ គ្រួសារ​ហើយ នៅ​ឃុំ​ក្រយា​ដដែល។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ក្រុម​យោធិន​ពិការ​បាន​លើក​ឡើង​ថា ដី​ដែល​ខែត្រ​ចែក​ឲ្យ​ពួក​គាត់​មួយ​គ្រួសារ ១ ហិកតារ​នោះ មាន​មួយ​គ្រួសារ​មួយ​ចំនួន​ទៅ​ធ្វើ​ចម្ការ​លើ​ដី​សម្បទាន​សង្គម​កិច្ច ដែល​ខែត្រ​កាត់​ពី​ប្រជា​ពលរដ្ឋ​ដទៃ​នោះ គឺ​ប្រជា​ពលរដ្ឋ ដែល​ជា​ម្ចាស់​ដី​នោះ មិន​ឲ្យ​ពួក​គាត់​ធ្វើ​ចម្ការ​លើ​ដី​នោះ​ទេ។
ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ ក្រុម​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ថា ការ​ពន្យារ​ពេល​ផ្ដល់​ដី​ជូន​ប្រជា​ពលរដ្ឋ​នេះ ជា​ការ​បង្ក​ផល​វិបាក​ដល់​យោធិន​ពិការ និង​ប្រជា​ពលរដ្ឋ​ដែល​ពឹង​ផ្អែក​លើ​ដី​សម្រាប់​ធ្វើ​ចម្ការ ហើយ​រដូវ​បង្ក​បង្កើន​ផល​បាន​មក​ដល់​ហើយ​ដែរ អាជ្ញាធរ​ខែត្រ​កំពង់ធំ​គួរ​រក​មធ្យោបាយ និង​គោរព​នូវ​ការ​សន្យា​របស់​ខ្លួន​ពី​មុន​មក។
ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​បាន​អះអាង​ថា​ ការ​ពន្យារ​ពេល​ផ្ដល់​ដី​សង្គម​កិច្ច​ជូន​ក្រុម​យោធិន​ពិការ និង​ប្រជា​ពលរដ្ឋ​ក្រីក្រ​នេះ ហាក់​បី​ដូច​ជា​ផ្ទុយ​ទៅ​នឹង​អ្វី ដែល​រដ្ឋាភិបាល​ប្រកាស​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អតីត​យុទ្ធជន និង​យោធិន​ពិការ​កន្លង​មក។
ស្ត្រី​មេម៉ាយ​អាយុ​ជាង ៥០ ឆ្នាំ ឈ្មោះ ឡី វី បាន​រៀបរាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ថា អ្នក​ស្រី​មាន​កូន ៦ នាក់។ អ្នកស្រី​បញ្ជាក់​ថា កាល​ពី​គាត់​នៅ​ធ្វើ​ចម្ការ​លើ​ដី​របស់​ខ្លួន នៅ​បន្ទាយ​រងៀង គាត់​អាច​ទ្រទ្រង់​គ្រួសារ បាន​ដោយ​ផល​ដំណាំ​ដំឡូង​មី។ ប៉ុន្តែ​បន្ទាប់​ពី​មក​រស់​នៅ​លើ​ភូមិ​ថ្មី មិន​ទាន់​ទទួល​បាន​ដី​ចម្ការ​នៅ​ឡើយ​នេះ គាត់​រស់​នៅ​អាស្រ័យ​លើ​ការ​ស៊ី​ឈ្នួល​ក្រុមហ៊ុន។ ពេល​ខ្លះ​ឈឺ គ្មាន​លុយ​ទិញ​អង្ករ​ទេ។ ពេល​ខ្លះ គាត់​ត្រូវ​បង្ខំ​ឲ្យ​កូន​ស្រី​ទើប​មាន​អាយុ ១២ ឆ្នំា ឲ្យ​ទៅ​ជួយ​ធ្វើ​ការ​ស៊ី​ឈ្នួល​ក៏​មាន។
ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អភិបាល​រង​ខែត្រ​កំពង់ធំ លោក អ៊ុត សំអន បាន​សន្យា​ជា​ថ្មី​ថា នៅ​ក្នុង​យុទ្ធនាការ​កាត់​ដី​ពី​ប្រជា​ពលរដ្ឋ ឬ​ឈ្មួញ ដែល​មាន​ដី​ធំៗ នោះ នឹង​កាត់​យក​មក​ធ្វើ​ជា​ដី​សម្បទាន​សង្គម​កិច្ច ដែល​នឹង​បញ្ចប់​នៅ​ខែ​កក្កដា​ខាង​មុខ។ លោក​បញ្ជាក់​ថា លោក​នឹង​ចែក​ដី​ក្នុង ១ គ្រួសារ ១ ហិកតារ​នៅ​បន្ទាប់​ពី​ខែត្រ​បាន​រៀបចំ​ដី​សម្បទាន​សង្គម​កិច្ច​រួចរាល់។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​យោធិន​ពិការ និង​ប្រជា​ពលរដ្ឋ​បាន​អះអាង​ថា ពួក​គាត់​នឹង​តវ៉ា​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​អាជ្ញាធរ​ខែត្រ​មិន​រក​ដី​ចម្ការ​ឲ្យ​ពួក​គាត់​ឲ្យ​បាន​ឆាប់ៗ ទេ​នោះ ពីព្រោះ​ថា ពួក​គាត់​បាន​រង់ចាំ​អស់​រយៈ​ពេល ៤ ឆ្នាំ​មក​ហើយ។
ម្យ៉ាង​ទៀត អ្នក​ភូមិ​បាន​បញ្ជាក់​ថា ដោយសារ​តែ​ខ្វះ​ស្បៀង​អាហារ ប្រជា​ពលរដ្ឋ​ចំនួន​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​ខ្យល់​គ​នៅ​កន្លែង​ធ្វើ​ការ នៅ​ពេល​ពួក​គេ​កំពុង​ស៊ីឈ្នួល​ក្រុមហ៊ុន​ដាំ​ដើម​កៅស៊ូ កាល​ពី​ថ្ងៃ​ទី​២១ មិថុនា។
រី​ឯ​ក្រុមហ៊ុន បាន​ជួយ​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​អ្នក​ស្លាប់​ចំនួន ១០០ ដុល្លារ​ប៉ុណ្ណោះ៕

No comments:

Post a Comment

yes