សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 24, 2012

ពលរដ្ឋ​ប្រតិកម្ម​លើ​ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន សូ ងួន


ពលរដ្ឋ​នៅ​ខេត្ត​កំពត​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សូ ងួន នោះ​កំពុង​រង់ចាំ​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ និង​ការ​បែង​ចែក​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​សហគមន៍ ទៅ​តាម​គោលការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
ការ​រង់ចាំ​នេះ ក្រោយ​ពី​ប្រជាពលរដ្ឋ​ខេត្ត​កំពត មាន​ប្រតិកម្ម​ទៅ​លើ​ក្រុមហ៊ុន សូ ងួន ដែល​ឈូស​ឆាយ​លើ​ដី​របស់​ពួក​គាត់​នោះ។
អ្នកស្រី ស្រី គីម ដែល​ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ប្រមាណ​ជាង​១០០​គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​ជាង​៣០០​គ្រួសារ នៅ​ភូមិ​ភ្នំកូនឆ្កែ ឃុំ​ព្រៃព្រាយ ស្រុក​ឈូក ខេត្ត​កំពត ដែល​ត្រូវ​បាន​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សូ ងួន ឈូស​ឆាយ​ដី បាន​អោយ​ដឹង​ថា គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​លោក សូ ងួន បាន​យក​ទៅ​ឈូស​ឆាយ​នៅ​លើ​ដី​របស់​គាត់​នៅ​ថ្ងៃ​ទី​២២ មិថុនា ប៉ុន្តែ​ត្រូវ​បាន​ក្រុម​អ្នក​ភូមិ​ទៅ​ឃាត់​អោយ​បញ្ឈប់​ការ​ឈូស​ឆាយ​ជា​បន្ត។
អ្នកស្រី​បន្ត​ទៀត​ថា បន្ទាប់​មក​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ចុះ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា​នឹង​ធ្វើ​ការ​រៀបចំ​បែង​ចែក​ដីធ្លី​អោយ​ពលរដ្ឋ​តាម​គោលការណ៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា​កាត់​ជូន​ពលរដ្ឋ​នៅ​កន្លែង​នោះ។

អ្នកស្រី ស្រី គីម៖ «ទាម​ទារ​ចង់​បាន ឧទាហរណ៍​ដី​ខ្ញុំ​ធ្វើ​ស្រែ​ក្នុង​រយៈពេល​៥​ឆ្នាំ ក្នុង​មួយ​ម្នាក់ៗ​ហ្នឹង ហើយ​ដល់​ពេល​មាន​បញ្ហា​ថា​ឈូស​ឆាយ​អញ្ចឹង ពួក​ខ្ញុំ​មាន​ការ​បារម្ភ នាំ​គ្នា​ទៅ​ឃាត់​អញ្ចឹង ចង់​បាន​ឲ្យ​ពិត​ប្រាកដ ឲ្យ​បាន​រាជ​រដ្ឋាភិបាល​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ដូច​គោលការណ៍​របស់​សម្ដេច​នាយក​ហ្នឹង។ អាហ្នឹង ខ្ញុំ​ត្រេកអរ​ឲ្យ​ធ្វើ​តាម​អញ្ចឹង ប៉ុន្តែ​បំណង​ចិត្ត​ប្រជាជន ចង់​បាន​តែ​ប៉ុណ្ណឹង»
ដោយ​ឡែក​លោក​ឧកញ៉ា សូ ងួន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​របស់​លោក​ទៅ​ឈូស​ឆាយ​ដី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ភូមិ​ភ្នំកូនឆែ្ក លោក​ថា លោក​បាន​បែង​ចែក​ដី​អោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​អស់​ជាច្រើន​ហើយ។
លោក​ឧកញ៉ា សូ ងួន៖ «ឧបមា​ថា​ផ្ទះ​គាត់ គិត​ទៅ​មាន​តែ​១ពាន់​ម៉ែត្រ​ការ៉េ ខ្ញុំ​ឲ្យ​គាត់​ថែម​កន្លះ​ហិកតារ​អញ្ចឹង​ទៀត​ទៅ។ គាត់​សុទ្ធ​ផ្ដិត​មេដៃ​អោយ ប្រជាជន​នៅ​ហ្នឹង។ អាហ្នឹង​ចំពោះ​ដី​ដែល​ខ្ញុំ​អត់​កាត់​៣​ពាន់​កម្មសិទ្ធិ​អោយ​គាត់​ទេ​ឃើញ​ទេ នេះ​នៅ​ក្នុង​ផ្ទៃដី​សម្បទាន អា​ចែក​អោយ​ថា​គាត់​អត់​មាន មាន​តែ​ផ្ទះ​ហើយ​អត់​មាន​ដាំ​ដំណាំ​អត់​មាន​អី​ណា»
សម្រាប់​អ្នក​សម្រប​សម្រួល​សមាគមន៍​ការ​ពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពត អ្នកស្រី ទ្រី ឈូន បាន​ហៅ​ការ​អនុវត្តន៍​ក្នុង​ការ​ឈូស​ឆាយ​ដី​ស្រែ​របស់​ពលរដ្ឋ និង​បែង​ចែក​ដី​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា សូ ងួន នេះ​ថា ធ្វើ​ឡើង​ដោយ​គ្រាន់​តែ​បន្លំ និង​បិទ​បាំង​ពី​សកម្មភាព​នៃ​ការ​ទន្ទ្រាន​យក​ដី​ពលរដ្ឋ ខណៈ​ដែល​វិវាទ​ក្នុង​ជម្លោះ​ដីធ្លី​នេះ កំពុង​បន្ត​ផ្ទុះ​ស្ទើរ​គ្រប់​តំបន់​ក្នុង​ឃុំ​ព្រៃព្រាយ នេះ​នៅ​ឡើយ​នោះ។
អ្នកស្រី ទ្រី ឈូន៖ «ដែល​តំបន់​ទំនាស់​ហ្នឹង មិន​មែន​មាន​តែ​មួយ​ហ្នឹង​ទេ ជាមួយ​ក្រុមហ៊ុន​តែ​មួយ​ហ្នឹង។ ប៉ុន្តែ ចំណាត់​ការ​របស់​អភិបាល​ខេត្ត​ទៅ​តែ​មួយ​កន្លែង។ ដោយ​ឡែក យើង​ឃើញ​នៅ​កន្លែង​ផ្សេង​ទៀត នៅ​ក្រុមហ៊ុន​ដដែល គេ​ហៅ​ថា​ចំណុច​ភ្នំកូនឆែ្ក ក្រុមហ៊ុន​កំពុង​រំលោភ​ដោយ​គ្រឿង​ចក្រ​ទៅ​លើ​ដី​ប្រជាពលរដ្ឋ ដី​ស្រែ ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ​ទៅ​វិញ ហើយ​សកម្មភាព​នេះ​ធ្វើ​ឡើង​ពេញ​លេញ​នៅ​ម្សិលមិញ»
កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កំណត់​គោលការណ៍​ក្នុង​ការ​បែង​ចែក​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ពលរដ្ឋ​ក្រោម​៥​ហិកតារ​ចុះ​ក្នុង​មួយ​គ្រួសារ។
ទាក់​ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​កំពត គឺ​លោក ខូយ ឃុនហួរ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ មិថុនា នេះ​ថា កំពុង​មាន​ការ​រៀប​ចំ និង​ពិនិត្យ​មើល​ដី​សារ​ឡើង​វិញ សម្រាប់​ការ​បែង​ចែក​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​នេះ គឺ​ធ្វើ​ឡើង​ដោយ​មិន​មាន​ភាព​លាក់​លៀម សុក្រឹត និង​អនុវត្ត​ទៅ​តាម​គោលការណ៍​ស្មើ​ភាព​គ្នា និង​មិន​មាន​ក្រុមហ៊ុន​ណា​ឈូស​ឆាយ​នៅ​ក្នុង​តំបន់​នោះ​ទេ។
លោក ខូយ ឃុនហួរ៖ «អត់​មាន​ឲ្យ​ក្រុមហ៊ុន​ណា​ឈូស​ឆាយ​ទេ ខ្ញុំ​អោយ​ផ្អាក​ទាំង​អស់។ ក្រុមហ៊ុន ក៏​អត់​ឲ្យ​ឈូស​ឆាយ។ ប្រជាជន​ណា​ដែល​គាត់​ធ្វើ​ហើយ​ធ្វើ​ទៅ ប៉ុន្តែ​អ្វី​ដែល​ថ្មី​ចាំ​បន្តិច ចាំ​យើង​រៀប​ចំ​ស្រួល​ចាំ​នេះ កុំ​អោយ​ទៅ​កាប់​ព្រៃ​ផ្ដេសផ្ដាស​ទៀត»
នៅ​បន្ទាប់​ពី​កិច្ច​ប្រ​ជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ស្តី​ពី​វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព នៃ​ការ​គ្រប់​គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២។
ប្រមុខ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលការណ៍​៤​ចំណុច ក្នុង​នោះ៖
១-ផ្អាក​បណ្ដោះ​អាសន្ន​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច
២-ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព
៣-ចំពោះ​ក្រុមហ៊ុន​ដែល​បាន​គោលការណ៍​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល​រួច​ហើយ តែ​មិន​បាន​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន នឹង​ត្រូវ​ដក​ហូត​មក​វិញ និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ ដោយ​ផ្ទាល់
៤-ចំពោះ​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​ទទួល​ការ​អនុញ្ញាត​ជា​គោលការណ៍​ពី​រាជ​រដ្ឋាភិបាល​មុន​ចេញ​បទ​បញ្ជា​នេះ ត្រូវ​អនុវត្ត​តាម​គោលការណ៍​ច្បាប់ និង​នីតិវិធី​ជា​ធរមាន៕

No comments:

Post a Comment

yes