កូនស្រីក្លាយជាសិស្សពូកែចំណាត់ថ្នាក់លេខ1រាល់ខែ ក្រោយពេលឪពុកឈប់ប្រើអំពើហិង្សាក្នុងគ្រួសា
ខេត្តកំពង់ឆ្នាំង ៖ «ខ្ញុំរៀនបានលេខ១ រៀងរាល់ខែ ចាប់តាំងពីឪពុកខ្ញុំឈប់ប្រើអំពើហិង្សាលើគ្រួសារ»។ កុមារីម៉ុន សុធីតា អាយុ១០ឆ្នាំ ក្នុងសម្លៀកបំពាក់សិស្សអាវសដៃខ្លី និងសំពត់ពណ៌ខៀវ បាននិយាយបែបនេះទៅកាន់មន្ត្រីសម្របសម្រួលនៃអង្គការសង្គ្រោះកុមារ ដែលបានទៅសម្ភាសន៍នាងដោយផ្ទាល់ដល់សាលារៀនរបស់នាង គឺសាលាបឋមសិក្សាល្បើករង្សី ស្ថិតក្នុងភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ កាលពីចុងខែមិថុនា ។
នៅចំពោះមុខលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ប្រធានសហគមន៍ និងមន្ត្រីសម្របសម្រួលនៃអង្គការសង្គ្រោះកុមារនៅក្រោមរោងធ្វើអំពីថ្ម ដំបូលប្រក់ស័ង្កសីក្នុងទីធ្លានៃសាលារៀន កុមារីម៉ុន សុធីតា រៀបរាប់ដោយសេចក្តីក្លាហានថា នាងមានបងប្អូនចំនួន៤នាក់ ក្នុងនោះនាងជាកូនទី៣ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់៤នាក់ ។កុមារីនេះរំលឹកថា កាលពីមុននាងរៀនមិនពូកែដូចពេលនេះទេ ដោយសារឪពុកតែងតែវាយធ្វើបាបម្តាយ និងបងស្រី បងប្រុសទាំងពីររបស់នាងជារៀងរាល់ថ្ងៃ ធ្វើឱ្យនាងមានការភ័យខ្លាចរន្ធត់ក្នុងចិត្តជាខ្លាំង ។ ដោយសារតែអំពើហិង្សារបស់ឪពុកបែបនេះ ធ្វើឱ្យរូបនាងបាក់ស្មារតីរៀនសូត្រមិនចូល មានអារម្មណ៍ភ័យខ្លាចជានិច្ច។ ថ្វីដ្បិតតែនាងនៅតូច តែនាងត្រូវមើលប្អូនតូច ត្រូវជួយធ្វើការងារផ្ទះ ម៉្លោះហើយមេរៀននៅសាលាដែលលោកគ្រូដាក់ឱ្យ ពេលខ្លះធ្វើមិនទាន់ ធ្វើឱ្យការរៀនសូត្រនៅសាលាចុះខ្សោយជាខ្លាំង ។
កុមារីតូច ម៉ុន សុធីតា និយាយទាំងញញឹមថា «ពេលនេះខ្ញុំរៀនពូកែហើយ បន្ទាប់ពីឪពុកខ្ញុំឈប់ប្រើអំពើហិង្សាមកលើគ្រួសារ ។ សព្វថ្ងៃនេះខ្ញុំរៀនថ្នាក់ទី៤ ឯចំណាត់ថ្នាក់របស់ខ្ញុំគឺលេខ១រៀងរាល់ខែ ។ មុខវិជ្ជាដែលខ្ញុំរៀនមាន វិទ្យាសាស្ត្រ អក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងសិក្សាសង្គមជាដើម ប៉ុន្តែមុខវិជ្ជាដែលខ្ញុំចូលចិត្តជាងគេគឺ ភាសាខ្មែរ ព្រោះមានរឿងនិទានជាច្រើនដែលខ្ញុំចង់អាន។
ជារៀងរាល់ថ្ងៃខ្ញុំបានងើបពីម៉ោង៦ព្រឹក ធ្វើកិច្ចការផ្ទះមានបោសផ្ទះ លាងចាន ។ ម្តាយខ្ញុំបានបង្ហាត់ខ្ញុំឱ្យចេះវាល់អង្ករដាំបាយ តាំងពីខ្ញុំអាយុ៧ឆ្នាំម៉្លេះ ។ នៅម៉ោង៦និង៣០នាទី ខ្ញុំទៅសាលារៀន លុះម៉ោង១១ចេញពីសាលាទៅផ្ទះជួយមើលប្អូនអាយុ៤ឆ្នាំ និងដាំបាយជាដើម ។ ពេលទំនេរនៅផ្ទះខ្ញុំតែងតែមើលមេរៀន និងអានរឿងនិទានជាដើម»។ លោក ខាន់ ស៊ីវ នាយកសាលាបឋមសិក្សាល្បើករង្សីថ្លែងថា កុមារី ម៉ុន សុធីតា កាលពីមុនរៀនខ្សោយណាស់ ប៉ុន្តែចាប់តាំងពីថ្នាក់ទី៣មក កុមារីនេះរៀនពូកែបានលេខ១រៀងរាល់ខែ ហើយបានក្លាយជាសិស្សពូកែប្រចាំសាលាទៀតផង ។ មូលហេតុគឺដោយសារមានអង្គការសង្គ្រោះកុមារបានមកជួយទាំងការជួសជុល និងកសាងអគារសិក្សាជាដើម ។ ក្រៅពីនេះក៏មានរៀបចំសហគមន៍ម៉ែៗតាមភូមិ ដែលជួយអប់រំ មេគ្រួសារឱ្យឈប់ប្រើអំពើហិង្សាក្នុងងគ្រួសារ ។
ចំពោះកុមារី ម៉ុន សុធីតា ពេលមកសាលារៀនមិនសូវលេងច្រើនប៉ុន្មានទេ នាងប្រឹងរៀនសូត្រណាស់ ពេលគ្រូបង្ហាត់ ពន្យល់ នាងត្រងត្រាប់ស្តាប់និច្ច ។ ក្រៅពីរៀនពូកែ នាងក៏ជាក្មេងសុភាពរាបសា ស្លូតបូត និងចេះគួរសម គោរពចាស់ទុំ លោកគ្រូ អ្នកគ្រូទៀតផង ។ លោកស្រី រស់ សីុវ៉ុយ ប្រធានសហគមន៍តាមភូមិបានមានប្រសាសន៍ថា សព្វថ្ងៃនេះតាមភូមិមានគ្រូបង្គោលដែលហៅថា ម៉ែៗស្ម័គ្រចិត្តចំនួន២០នាក់ ។ ការងារម៉ែៗ គឺស្ម័គ្រចិត្តទៅអប់រំតាមផ្ទះមានដូចជា ការពន្យល់ឱ្យឈប់ប្រើអំពើហិង្សាក្នុងគ្រួសារ ការជួយបង្ហាត់ឱ្យមេផ្ទះចេះអប់រំកូនចៅឱ្យចេះប្រើពាក្យទន់ភ្លន់ ឱ្យកុមារចេះគោរពចាស់ទុំ និងជួយបង្ហាត់កុមារ
តូចៗឱ្យចេះរាប់លេខ និងផាត់ពណ៌ជាដើម ដែលជាទុនមុនពេលចូលដល់មតេ្តយ្យសាលា ។
តូចៗឱ្យចេះរាប់លេខ និងផាត់ពណ៌ជាដើម ដែលជាទុនមុនពេលចូលដល់មតេ្តយ្យសាលា ។
ដោយឡែកគ្រួសារលោកស្រី សីុម៉ន អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះឃួន សុវី អាយុ៤០ឆ្នាំ កាលពីមុនគឺជាគ្រួសារមួយដែលពោរពេញដោយអំពើហិង្សា គឺ បុរសជាប្តីតែងវាយធ្វើបាបប្រពន្ធ-កូនស្ទើររាល់ថ្ងៃ សូម្បីតែប្រពន្ធដែលបានចុះឈ្មោះធ្វើជាសមាជិកសហគមន៍ម៉ែៗតាមភូមិក៏រករឿង និងវាយនាងដែរ ប៉ុន្តែដោយការព្យាយាមពីអង្គការ ពីសហគមន៍ និងពីអាជ្ញាធរមូលដ្ឋានទើបបុរសនោះប្រែចិត្តម្តងបន្តិចៗរហូតឈប់ប្រើអំពើហិង្សាក្នុងគ្រួសារទាំងស្រុង។បុរសនោះចេះអប់រំកូនចៅឱ្យចេះគួរសម គោរពចាស់ទុំ និងជួយធ្វើកិច្ចការផ្ទះទៀតផង ។
គួរឱ្យសោកស្តាយទម្រាំឪពុកកែប្រែបានប៉ុណ្ណឹង ហួសពេលបន្តិចទៅហើយ ព្រោះកូនៗបង២នាក់បានឈប់រៀនអស់ទៅហើយ ។ ទោះជាយ៉ាងណាក្តី ឪពុកក្រោយពីភ្ញាក់រលឹកក៏បានឱ្យកូនស្រីបងទៅរៀនភាសា និងដាក់ពាក្យប្រឡងទៅប្រទេសកូរ៉េ ចំណែកកូនប្រុសបន្ទាប់បានឱ្យទៅរៀនជួសជុលម៉ូតូ ។ សព្វថ្ងៃក្រៅពីការងារស្រែចម្ការ គ្រួសារនេះប្រកបរបរប៉ះកង់-ម៉ូតូ និងលក់ដូរបន្តិចបន្តួចនៅផ្ទះ ។នៅក្នុងតៀមលក់ដូរតូចល្មម លោកស្រីសីុុម៉ន ដែលតែងតែប្រើអំពើហិង្សាក្នុងគ្រួសារបាននិយាយទៅកាន់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងមន្ត្រីសម្របសម្រួលអង្គការសង្គ្រោះកុមារថា «កាលពីមុនដោយសារខ្វះការយល់ដឹងច្រើន ខ្ញុំបានប្រើអំពើហិង្សាលើគ្រួសារជាញឹកញាប់ និងជួនកាលធ្ងន់ទៀតផង ទៅលើប្រពន្ធ-កូន ។
ពេលខ្ញុំខឹងប្រពន្ធ-កូន តែងតែងវាយធ្វើបាបជារៀងរាល់លើក ។ ពេលប្រពន្ធខ្ញុំចូលធ្វើម៉ែៗក្នុងភូមិខ្ញុំខឹងខ្លាំងណាស់ ខ្ញុំថា គ្មានបានការអីទេ ខាតតែពេលវេលា ជួនកាលខ្ញុំនាំប្រពន្ធគេចពីភ្ញៀវអង្គការទៀតផង ប៉ុន្តែក្រោយមកខ្ញុំបានយល់ពីការអប់រំរបស់ម៉ែៗតាមភូមិ ដោយឃើញក្មេងៗចេះគោរពចាស់ទុំ ឯកូនខ្ញុំចេះគួរសម ។ ខ្លួនខ្ញុំបានទទួលការអប់រំពីអង្គការ អាជ្ញាធរ ខ្ញុំក៏ឈប់វាយប្រពន្ធ-កូន ធ្វើឱ្យគ្រួសារខ្ញុំមានសុភមង្គល កូនខ្ញុំក៏រៀនពូកែ ចំណែកឯជីវភាពរបស់គ្រួសារខ្ញុំវិញ គឺបានធូរធារមួយកម្រិត ទាំងនេះបានធ្វើឱ្យខ្ញុំ គ្រួសារខ្ញុំសប្បាយចិត្តគ្រប់ៗគ្នា»៕
No comments:
Post a Comment
yes