កំពង់ធំៈ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបារាយណ៍ បានចុះបង្ក្រាបការចែកចាយគ្រឿងញៀន កាលពីថ្ងៃទី១ ខែកក្កដា នៅវេលាម៉ោង១២ថ្ងៃត្រង់ ដោយបានឃាត់ខ្លួនជនល្មើសបាន២នាក់។
លោកអនុសេនីយ៍ឯក ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អឿ ស៊ីណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឆែករកឃើញថ្នាំញៀន ម៉ាទឹកកកចំនួន៧កញ្ចប់ និងស្ត្រីឈ្មោះ សៅ រ៉ា រឹបអូសបានថ្នាំញៀន១កញ្ចប់។ ចំណែកស្វាមីអ្នកស្រី សៅរ៉ា ឈ្មោះ សាន ទី បានរត់គេចខ្លួនបាត់។ លោកបានអះអាងថា៖«ជនសង្ស័យបានបញ្ជូនទៅតុលាការហើយ កាលពីម្សិលមិញ តែតុលាការមិនទាន់ចោទពីបទអីនៅឡើយទេ»។
លោកបានបន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានតាមដានមុខសញ្ញាជាច្រើនថ្ងៃ ទើបចុះឆែកឆេរផ្ទះឈ្មោះ អឿ ស៊ីណា រកឃើញថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន ៧កញ្ចប់ និង នៅផ្ទះឈ្មោះ សាន ទី មានប្រពន្ធឈ្មោះ សៅ រ៉ា រកឃើញថ្នាំមួយកញ្ចប់ និងសម្ភារវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។ លោកបានបញ្ជាក់ថា៖ «ពួកគេជាមុខសញ្ញាចាស់ នៃក្រុមជួញដូរថ្នាំញៀន»។ ជនសង្ស័យមិនអាចទាក់ទងរកការបំភ្លឺបានទេ កាលពីម្សិលមិញ៕
No comments:
Post a Comment
yes