ភ្នំពេញៈ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Jeremy Brow-ne បានមកដល់ភ្នំពេញកាលពីថ្ងៃចន្ទ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃដែលក្នុងទស្សនកិច្ចនេះលោកគ្រោងជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងផ្តល់បាឋកថាស្តីពីទំនាក់ទំនងរវាងអង់គ្លេស និងអាស៊ាន នៅទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី៣ កក្កដានេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញដោយស្ថានទូតអង់គ្លេសប្រចាំនៅភ្នំពេញ។
ទស្សនកិច្ច លោក Browne បានធ្វើឡើងមុនពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាតំបន់អាស៊ានពីថ្ងៃទី ៦‑១៣ ខែ កក្កដា នៅរាជធានីភ្នំពេញ។
លោក Browne បានថ្លែងអំពីអាស៊ាន កាលពីថ្ងៃទី២៩ មិថុនា ថា ៖ «ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងលឿន។ ចំណុចចាប់ផ្តើមសម្រាប់ការពិភាក្សាណាមួយអំពីប្រទេសអាស៊ានត្រូវតែជាចំណុចរឹងមាំ ខណៈពួកគេជាតួអង្គសេដ្ឋកិច្ចនិងនយោបាយពិភពលោក»។
«ដោយសារហេតុផលនេះ ខ្ញុំមានសេចក្តីរីករាយចំពោះដំណើរទស្សនកិច្ចមកប្រទេសថៃ កម្ពុជា និងវៀតណាម នៅសប្តាហ៍នេះ បន្ទាប់ពីទស្សនកិច្ចមកអាស៊ីអាគ្នេយ៍នៅឆ្នាំនេះដោយនាយករដ្ឋមន្រ្តី David Cameron និងលោក William Hague។ មន្រ្តីការទូតអង់គ្លេសច្រើនទៀតកំពុងធ្វើការងារនៅអាស៊ីអាគ្នេយ៍ដើម្បីពង្រឹងទំនាក់ទំនងរបស់យើងជាមួយតំបន់នេះ»។
រដ្ឋមន្រ្តីការបរទេសអាស៊ាននឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីពិធីសារចំពោះសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍នៅថ្ងៃទី៩ កក្កដា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ថ្ងៃទី២៩ ខែមិថុនា។
លោក Browne បានសរសេរលើកដែរថា៖ «ជាមួយសមាជិកអចិ ន្រ្តៃយ៍ដទៃទៀតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ យើងនឹងចុះហត្ថលេខាលើពិធីសារស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍។ ខ្ញុំកំពុងទន្ទឹងរង់ចាំការពង្រឹងទំនាក់ទំនងសន្តិសុខជាមួយអាស៊ាន តាមរយៈព្រឹត្តិការណ៍ទំាងនេះ និងពង្រីកវិស័យផ្សេងៗដែលយើងកំពុងធ្វើការជាមួយគ្នា»។
លោក Browne ក៏នឹងផ្តោតផងដែរទៅលើការជំរុញ និងការការពារសិទ្ធិមនុស្សក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជា និងក្នុងតំបន់។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕
No comments:
Post a Comment
yes