កញ្ញា តឹក នីម មេឃុំអមលាំង ពីគណបក្សសម រង្ស៊ី។
កញ្ញា ធ្លាប់ជាជនរងគ្រោះក្នុងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅក្នុងឃុំនេះ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទូទាំងប្រទេស ដែលទើបជាប់ឆ្នោតថ្មី បានចាប់ផ្តើមចូលកាន់តំណែងអាណត្តិទី ៣ ឆ្នាំ ២០១២ ២០១៧ ជាបណ្តើរៗហើយក្រោមការប្តេជ្ញា ដើម្បីធ្វើការអភិវឌ្ឍនិងដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋក្នុងមូលដ្ឋាន តាមគោលនយោបាយបក្សរៀងៗខ្លួន។
លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា មេឃុំ ចៅសង្កាត់ មកពីគណបក្សនយោបាយ ដែលទើបជាប់ឆ្នោតតាមការប្រកាសរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវចូលកាន់មុខតំណែង តាមមូលដ្ឋានឃុំ-សង្កាត់រៀងៗខ្លួន ចាប់ពីថ្ងៃប្រកាសលទ្ធផលឆ្នោតជាផ្លូវការ កាលពីថ្ងៃ ២៤ មិថុនា គឺប្រកាសឲ្យអស់ក្នុងពេលពីរសប្តាហ៍។ លោកថ្លែងថា ៖ «បើតាមច្បាប់ ពួកគេត្រូវចូលកាន់តំណែងឲ្យអស់ក្នុងរយៈពេល ១៤ ថ្ងៃ ក្រោយថ្ងៃប្រកាសលទ្ធផលរបស់ គ.ជ.ប។ តែការប្រកាសចូលកាន់តំណែងពិតប្រាកដ តាមឃុំ សង្កាត់នីមួយៗ គឺអាស្រ័យទៅលើអាជ្ញាធរមូលដ្ឋាន ជាអ្នកកំណត់»។ លោកបានបន្តថា ៖ «ក្រោយការប្រកាស ក្រុមប្រឹក្សាថ្មី គេត្រូវរៀបចំកែសម្រួលបទបញ្ជាផ្ទៃក្នុងនិងប្រគល់ឯកសារក្នុងមូលដ្ឋានទាំងអស់ ឲ្យអ្នកជាប់ឆ្នោតថ្មី មានការផ្ទេរប្រាក់ បុគ្គលិក រួមទាំងរៀបចំបទបញ្ជាផ្ទៃក្នុង សម្រាប់អនុវត្តក្នុងឃុំសង្កាត់នោះ»។
តាមការប្រកាសផ្លូវការ នូវលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស កាលពីថ្ងៃទី ២៤ ខែមិថុនាគណបក្សប្រជាជន បានទទួលតំណែងមេឃុំ ចៅសង្កាត់ចំនួន ១៥៩២ ឃុំ សង្កាត់ គណបក្សសម រង្ស៊ី បានចំនួន ២២ ឃុំ គណបក្សសិទ្ធិមនុស្សចំនួន ១៨ ឃុំ និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ១ ឃុំ។
កាលពីម្សិលមិញ សង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសនូវសុពលភាពចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ទាំងអស់ ខណៈដែលសង្កាត់នានាក្នុងខណ្ឌនេះ នឹងធ្វើនៅថ្ងៃអង្គារនេះ។
លោកស្រី កែវ សាកល ចៅសង្កាត់វាលវង់ ពីគណបក្សប្រជាជន ដែលជាសង្កាត់មានជម្លោះដីធ្លី នៅតំបន់បុរីកីឡា បានថ្លែងថា ការកាន់អំណាចអស់ពេល ១០ ឆ្នាំ និងបន្តក្នុងអាណត្តិទីបីទៀតនេះ លោកស្រី នឹងបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន អ៊ុតផ្លូវថ្នល់ ធ្វើប្រព័ន្ធលូ និងដាក់ភ្លើងបំភ្លឺមុខផ្ទះប្រជាជនឲ្យបានគ្រប់ៗគ្នា។ លោកស្រីបន្តថា ការដោះស្រាយទំនាស់ដីធ្លី នៅបុរីកីឡា ត្រឹមថ្នាក់អាជ្ញាធរសង្កាត់ គឺមិនអាចដោះស្រាយបានឡើយ។
លោកស្រីថ្លែងថា ៖ «ក្នុងនាមអាជ្ញាធរ ការដោះស្រាយរឿងដីធ្លីបុរីកីឡា វាហួសពីសមត្ថភាពខ្ញុំហើយ។ តែក្នុងនាមខ្ញុំជាគណបក្សប្រជាជន ខ្ញុំឲ្យគណបក្សជួយពិនិត្យមើល។ គឺនៅសល់ជាង ១០០ គ្រួសារទៀត»។
ប៉ុន្តែសម្រាប់មេឃុំទើបជាប់ឆ្នោតថ្មី របស់គណបក្សសមរង្ស៊ី នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាតំបន់ដែលកើតមានជម្លោះដីធ្លី ដ៏ក្តៅគគុកដែរនោះ បានឲ្យដឹងថា នាងនឹងធ្វើការដោះស្រាយរឿងដីធ្លី ជូនពលរដ្ឋ ព្រោះការជាប់ឆ្នោតនេះ ក៏ដោយសារនាងជាអ្នករងគ្រោះ ក្នុងរឿងដីធ្លី ដែរ។ កញ្ញា តឹក នីម អាយុ ២៨ ឆ្នាំ ថ្លែងថា ឃុំ សង្កាត់នៅទូទាំងប្រទេស ចាប់ផ្តើមយកសប្តាហ៍នេះ ធ្វើពិធីប្រកាសសុពលភាពមេឃុំ ចៅសង្កាត់ថ្មី។ ចំណែកឃុំរបស់នាង គឺធ្វើនៅក្នុងថ្ងៃទី ៧ ខែកក្កដាខាងមុខនេះ។ កញ្ញាថ្លែងថា ៖ «វិស័យដីធ្លី អំពើហិង្សាក្នុងគ្រួសារនិងការអប់រំ ជាបញ្ហាអាទិភាពក្នុងឃុំ ដែលត្រូវយកចិត្តទុកដាក់ ហើយខ្ញុំនឹងប្រកាន់យកផ្លូវច្បាប់មកដោះស្រាយបញ្ហា»។
នៅខេត្តកំពង់ចាម មេឃុំព្រះធាតុ ស្រុកអូររាំងឪ លោក ទុយ សារិន ពីគណបក្សសិទ្ធិមនុស្ស ឲ្យដឹងថា លោកមិនទាន់ទទួលព័ត៌មានពីថ្នាក់ស្រុក ក្នុងការប្រកាសសុពលភាពថ្មីនេះឡើយ ហើយលោករង់ចាំការងារថ្មី ដែលលោកមិនធ្លាប់ធ្វើសោះ ខណៈដែលកាលពីពីរអាណត្តិមុន ឃុំនេះ ត្រូវបានកាន់កាប់ដោយគណបក្សប្រជាជន។ លោកថ្លែងថា៖«អ្វីដែលពលរដ្ឋក្នុងឃុំចង់បាន គឺផ្លូវថ្នល់ស្អាត ហើយចាក់កៅស៊ូ និងធ្វើប្រឡាយបង្ហូរទឹកសម្រាប់់ធ្វើស្រែ។ ខ្ញុំនឹងព្យាយាមជួយអភិវឌ្ឍក្នុងឃុំនៅអាណត្តិនេះ តាមលទ្ធភាពរបស់ខ្ញុំ»៕
No comments:
Post a Comment
yes