ខេត្តព្រះសីហនុ ៖ រូបសម្រស់បាត់បង់ ស្នេហាក៏បាត់បង់ ដោយប្តីបែកបែរចិត្តទៅមានស្រីថ្មី។ នេះជារឿងជីវិតសោករបស់នារីអ្នកចម្រៀងវ័យក្មេងម្នាក់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ពេលជិះរថយន្តជាមួយអ្នករួមអាជីពរបស់នាងទៅប្រគំតន្ត្រី ។ នារីរូបនេះឈ្មោះ ប៉ែន រស្មី តែរស្មីជីវិតរបស់នាងរលត់សូន្យសុងទៅហើយ ។ នាងជាសមាជិកនៃក្រុមតន្ត្រីមួយនៅខេត្តព្រះសីហនុ ហើយក៏ជាទីដែលគ្រោះថ្នាក់ចរាចរណ៍បំផ្លិចបំផ្លាញយកអស់ក្តីសង្ឃឹម និងសុភមង្គលពីជីវិតនាងដែរ ។
រឿងរ៉ាវដ៏ខ្លោចផ្សារបស់នាងរស្មី អាយុ២៨ឆ្នាំ គេដឹងឮតែនៅតំបន់របស់នាងរស់នៅប៉ុណ្ណោះ ប៉ុន្តែទើបតែកាលពីថ្ងៃសៅរ៍ទី៣០ មិថុនា ២០១២ បានដឹងឮជាសាធារណៈតាមរយៈនាងឡើងច្រៀងរំលេចដោយផ្ទៃមុខមានស្នាមរបួសយ៉ាងអាក្រក់ និងប្រអប់ដៃទាំងពីរដាច់ពិការ ក្នុងងកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍មួយ ។បច្ចុប្បន្ននាង ប៉ែន រស្មី ប្រឹងត្រដររស់ទាំងតូចចិត្តខ្លួនឯង ដ្បិតភាពស្រស់ប៉ប្រិមនៃវង់ភ័ក្ត្របាត់បង់អស់ សល់តែស្លាកស្នាមឆេះខ្លោច និងស្នាមវះកាត់ ចំណែកដៃទាំងសងខាងដាច់អស់ម្រាម ។ ក្នុងស្ថានភាពបែបនេះនាងមានជីវិតរស់ដូចជាស្លាប់ទៅហើយ ប៉ុន្តែកាន់តែឈឺចាប់ថែមទៀតដ្បិតប្តីមិននៅថែទាំ លើកទឹកចិត្តនាងទេ គឺចាកចោលនាងទៅមានស្រីថ្មីទៀត ។ធ្លាក់ខ្លួនក្នុងសភាពបែបនេះទៅហើយ នាងពុំចង់គិតពីខ្លួនឯងទេ ប៉ុន្តែមានកូនប្រុសតូចមួយអាយុ១ឆ្នាំ៩ខែ ដែលត្រូវយកចិត្តទុកដាក់ពីជីវិតរបស់គេ ។
នារីអ្នកចម្រៀងអភ័ព្វម្នាក់នេះ និយាយទាំងយំអួលអាក់ថា «នៅពេលឃើញខ្ញុំធ្លាក់ខ្លួនពិការ និងផ្ទៃមុខបាត់បង់សម្រស់អស់ ប្តីមិនអាណិតខ្ញុំទេ គេបែកចិត្តទៅមានស្រីថ្មី ។ ខ្ញុំត្រូវបង្ខំចិត្តរស់នៅយ៉ាងលំបាកជាមួយកូនប្រុស ។ សព្វថ្ងៃនាងខ្ញុំតូចចិត្តអាណិតខ្លួនឯងណាស់ តែមិនដឹងធ្វើម៉េច មានតែទ្រាំរស់តាមយថាកម្មចុះ» ។ នាង ប៉ែន រស្មី មានស្រុកកំណើតនៅភូមិអូរច្រនាង ស្រុកកំពង់ត្រាច ខេត្តកំពត និងមានបងប្អូន៥នាក់ ក្នុងនោះប្រុស៣នាក់ ចំណែករូបនាងជាកូនពៅ ។មុនក្លាយជាអ្នកចម្រៀងសម័យ នៅវ័យកុមារអាយុ៥ឆ្នាំ នាងបានចូលរួមសម្តែងល្ខោនបាសាក់នៅក្រុមអូសេតេ ។ នាងចាប់ផ្តើមជីវិតជាអ្នកចម្រៀងសម័យប្រចាំក្រុមតន្ត្រីអូសេតេនៅឆ្នាំ២០០៥ ដែលអ្នកខេត្តព្រះសីហនុអាចស្គាល់នាងតាមរយៈការចូលរួមច្រៀងក្នុងពិធីផ្សេងៗ ពិសេសពិធីជប់លៀងមង្គលការ ។
នាងរស្មី បានរៀបការនៅឆ្នាំ២០០៣ និងមានកូនប្រុសម្នាក់ ។ ក្នុងកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍នាពេលនោះ នាងរស្មីច្រៀងចំនួន២បទ គឺបទ«ផ្កាស្រពោន» និងបទ«រាត្រីទឹកឃ្មុំ» ដែលទំនងអត្ថន័យនៃបទចម្រៀងទាំងនេះមានលំនាំប្រហាក់ប្រហែលឆាកជីវិតពិតរបស់នាង ហើយនាងទម្លាយចេញពីបេះដូងរបស់នាងទៅទស្សនិកជន ។ នាងច្រៀងពីរោះគួរសម តែមិនទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនជាងរឿងជីវិតសោករបស់នាងដែលពិធីករនិទាន និងភាពពិការរបស់នាងទេ ។ ទស្សនិកជនទាំងនៅទស្សនាផ្ទាល់ និងទស្សនាតាមកញ្ចក់ទូរទស្សន៍ ម្នាក់ៗរំភើបខ្លោចចិត្តអាណិតនាង ។
ដោយក្តីអាណិតអាសូរសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ បានឧបត្ថម្ភប្រាក់ដល់នាងរស្មីចំនួន១.០០០ដុល្លារ ។ ក្រៅពីនេះក៏មានសប្បុរសជនមួយចំនួនទៀតដែរ ផ្តល់ប្រាក់ឧបត្ថម្ភដល់នាង ។គ្រោះថ្នាក់ចរាចរណ៍ដែលឆក់យករូបសម្រស់របស់នាងរស្មីនោះ គឺរ៉ឺម៉កម៉ូតូកង់បីបុករថយន្តដឹកក្រុមតន្ត្រីរបស់នាង បណ្តាលឱ្យឆេះកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១ នៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងរថយន្តមានតន្ត្រីករ និងអ្នកចម្រៀងចំនួន១២នាក់ ក្នុងនោះមានអ្នកចម្រៀង៤នាក់ឆេះស្លាប់ និង៨នាក់ទៀតឆេះខ្លោចខ្លួនប្រាណស្ទើរស្លាប់រាប់ទាំងនាងរស្មីផង ។នារីអ្នកចម្រៀងរូបនេះត្រូវគេនាំចូលព្យាបាលនៅមន្ទីរពេទ្យចម្ការចេក ក្រុងព្រះសីហនុ ។ អស់រយៈពេលជាង១ឆ្នាំទើបនាងជាស្បើយមុខរបួសទាំងបាត់បង់អស់សម្រស់ និងពិការដៃទាំងសងខាង។អតីតកាលមិនត្រឡប់មករកនាងរស្មីវិញទេ តែទោះបីជានាងរស់នៅក្នុងបច្ចុប្បន្នទាំងសោកសៅ តែនាងនៅតែត្រដរស់ដោយសល់ក្តីសង្ឃឹមមួយសម្រាប់នាងដែរ នោះគឺកូនប្រុសតូចជាទីស្រឡាញ់ ដែលនាងត្រូវតែយកចិត្តទុកដាក់ជួយតម្រង់អនាគតរបស់គេ ៕
No comments:
Post a Comment
yes