ក្បួនកូដកម្មរបស់កម្មកររោងចក្រតៃយៀន និងខេមវែលដែលមានសមាជិកចូលរួមប្រមាណ៣០០០នាក់ ដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ត្រូវបានអាជ្ញាធររារាំងកាលពីព្រឹកមិញនេះ ត្រង់ចំណុចបញ្ជាការដ្ឋានកងពលតូចឆ័ត្រយោងពិសេសលេខ៩១១ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ នៅពេលដែលក្រុមកម្មករគ្រោងដង្ហែក្បួនទៅស្វែងរកអន្តរគមន៍ពីស្ថានទូតអាមេរិក និងសហគមន៍អឺរ៉ុប។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលដឹកនាំក្បួនកូដកម្មបានឲ្យដឹងថា ខណៈដែលអាជ្ញាធរមករារាំងក្បួនរបស់កម្មករនោះ បានធ្វើឲ្យមានការប៉ះទង្គិចគ្នាមួយប្រាវ រវាងក្រុមប៉ូលិស និងកម្មករ ប៉ុន្តែមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ។ ហើយនៅវេលាម៉ោងប្រមាណ១ និង៣០នាទីរសៀលថ្ងៃនេះ ក្រុមកម្មករបានយល់ព្រមរំសាយគម្រោងដង្ហែក្បួនហើយ ព្រោះតែមានការសន្យាពីក្រសួងការងារថានឹងដោះស្រាយបញ្ហានេះ។
បើតាមលិខិតដាច់ដោយឡែកមួយទៀតរបស់សហភាពសហជីពកម្ពុជា ដាក់ទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះដែរ បានឲ្យដឹងថា កម្មករកម្មការិនីរោងចក្រតៃណាន (អតីតរោងចក្រតៃយៀនទី១ ទី២ និងខេមវែល) ស្ថិតនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានកម្មករចំនួនជាង៤០០០នាក់ បានធ្វើកូដកម្មតាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ មកម៉្លេះ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន៥ចំណុច។ ប៉ុន្តែខាងភាគីរោងចក្របានគេចវេសមិនព្រមចរចាជាមួយតំណាងកម្មករ សហជីពដែលការពារផលប្រយោជន៍កម្មករកម្មការិនីពិតប្រាកដទេ។ តែបែរជាព្យាយាមយ៉ាងសកម្ម ដើរគំរាម បំភិតបំភ័យដល់តំណាងកម្មករឲ្យទទួលយកលុយដើរចេញពីក្រុមកម្មករ មិនឲ្យតវ៉ាតទៅទៀត។ សហភាពសហជីពកម្ពុជាបានហៅការដើរទិញទឹកចិត្តអ្នកដឹកនាំសហជីព និងតំណាងកម្មករនេះថា ជាទង្វើខុសច្បាប់ និងជាការជំរុញឲ្យមានកូដកម្ម និងបាតុកម្មកើតឡើង។
លក្ខខណ្ឌការងារទាំង៥ចំណុចដែលក្រុមកម្មកររោងចក្រតៃយៀនទី១ ទី២ និងខេមវែល ស្នើឲ្យមានដំណោះស្រាយនោះរួមមាន ៖ ១-សុំឱ្យក្រុមហ៊ុនធ្វើការទូទាត់នូវអត្ថប្រយោជន៍ផ្សេងៗជូនកម្មករកម្មការិនី ចំពោះការប្តូរឈ្មោះក្រុមហ៊ុន, ២-សុំឱ្យក្រុមហ៊ុនផ្ដល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅឱ្យបាន១៥ដុល្លារ ក្នុងមួយខែៗ, ៣-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់ថ្លៃទឹកដោះគោឱ្យបាន១៥ដុល្លារ ក្នុងមួយខែៗ, ៤-សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់រង្វាន់ទៀងទាត់ (ប្រាក់ព្រីម) ឱ្យបាន១៥ដុល្លារ ក្នុងមួយខែៗ និង ៥-សុំឱ្យក្រុមហ៊ុនកុំយកប្រាក់មុខតំណែង និងបច្ចេកទេសយកមកកាត់ទូទាត់នៅពេលកម្មករ-កម្មការិនី និងថ្នាក់ដឹកនាំសុំច្បាប់ចាប់ពី៣ថ្ងៃឡើងទៅ៕
No comments:
Post a Comment
yes