ភ្នំពេញៈ ពលករចំនួនខ្មែរ ១៦ នាក់ ដែលធ្វើការនៅជប៉ុន បានមករកអង្គការ CARAM កាលពីថ្ងៃសុក្រដើម្បីរៀបចំប្តឹងអង្គការ INAHO Phnom Penh ដែលបានរំលោភសិទ្ធិនិងបានកាត់ប្រាក់ខែពួកគេរាល់ខែ ព្រមទាំងបញ្ជូនពួកគេទៅខុសគោលដៅក្នុងអំឡុងពេលធ្វើការក្នុងប្រទេសជប៉ុន។
ពលករខែ្មរទាំង១៦នាក់នេះ ចែកចេញជាច្រើនក្រុមបានគេធ្វើមាតុភូមិនិវត្តន៍ កាលពីខែមិថុនាថ្មីៗនេះ ដោយស្ថានទូតខ្មែរនៅជប៉ុនបានជួយឲ្យពួកគេត្រឡប់មកស្រុកវិញ ហើយភាគច្រើនគេមកពីខេត្តកណ្តាលនិងខេត្តពោធិ៍សាត់ ក្នុងនោះមានស្រី ២នាក់។
អ្នកស្រី ផាត សារី វ័យ២៩ឆ្នាំ បានថ្លែងថា ពួកគេបានធ្វើមាតុភូមិនិវត្តន៍កាលពីខែមិថុនាមុននេះដោយមានអន្តរាគមន៍ពីស្ថានទូតខ្មែរ នៅជប៉ុន។ ឥឡូវពួកគេបានមកជួបជុំគ្នានៅអង្គការ CARAM ដើម្បីស្វែករកអន្តរាគមន៍ប្តឹងអង្គការ INAHO Phnom Penh និងអង្គការ NEW HOPE ជាសាខាអង្គការក្រៅរដ្ឋាភិបាលនៅជប៉ុនដែលរំលោភសិទ្ធិពួកគេ។
អ្នកស្រីអះអាងថា អង្គការក្រៅរដ្ឋាភិបាលនេះ បានរំលោភសិទ្ធិដោយទុកលិខិតឆ្លងដែន និងសៀវភៅធនាគារពួកគេ ហើយបានកាត់ប្រាក់ខែពីយើង៣ម៉ឺនយ៉េនរៀងរាល់ខែ ជាពិសេសគេបានបញ្ជូនពួកយើង ទៅធ្វើការខុសទីកន្លែងដែលអាជ្ញាធរជប៉ុនរកឃើញថា យើងធ្វើការខុសច្បាប់នៅកន្លែងមិនត្រឹមត្រូវ។
អ្នកស្រីបញ្ជាក់ថា៖ «យើងពុំមានសិទ្ធិទុកលិខិតឆ្លងដែននិងសៀវភៅធនាគារនោះទេ។ វាជារឿងអាក្រក់ណាស់។ គេកាត់ប្រាក់ខែយើងរាល់ខែ ហើយបញ្ជូនយើងទៅធ្វើការខុសកន្លែង។ តាមពិតយើងមានឈ្មោះធ្វើការផ្នែកកសិកម្ម ប៉ុន្តែគេបញ្ជូនយើងទៅធ្វើការនៅរោងចក្របន្លែ។ ប៉ូលិសអន្តោប្រវេសន៍ រកឃើញថា យើងមានកំហុសធ្វើការកន្លែងខុស ពេលអង្គការនោះមានបញ្ហាជាមួយអាជ្ញាធរជប៉ុន គេបានបង្ខំយើងឲ្យវិលមកស្រុកវិញដោយពុំមានសំណងនិងបោះបង់យើង»។
កម្មករម្នាក់ទៀតឈ្មោះ នួន រ៉ានី វ័យ២៤ឆ្នាំ បានធ្វើមាតុភូមិនិវត្តន៍កាលពីថ្ងៃទី ២២ មិថុនា បន្ទរថា៖ «នៅពេលដែលយើងរៀនយើងមានទំនុកចិត្តនឹងអង្គការនេះ ប៉ុន្តែនៅពេលយើងទៅធ្វើការជាមួយ ទើបដឹងថា ពួកយើងត្រូវអង្គការនេះបោកប្រាស់។ យើង សូមថ្លែងអំណរគុណដល់ស្ថានទូតខ្មែរដែលបានជួយយើងឲ្យវិលត្រឡប់ មកវិញ»។
អ្នកស្រី ឃឿន ស្រីណាក់ ដែលជាអ្នកតំណាងអង្គការ INAHO Phnom Penh បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
លោក មាស សាណែត មន្រ្តីកម្មវិធីនៃអង្គការ CARAM ថ្លែងថា CARAM នឹងធ្វើការស៊ើបអង្កេតរឿងនេះ។ លោកបានបញ្ជាក់ថា៖«CARAM កំពុងតែស៊ើបអង្កេតករណីនេះ មុនពេលបញ្ជូនពាក្យបណ្តឹងទៅអាជ្ញាធរ។ ទោះជាយ៉ាងណាក៏ដោយ វាជាករណីកម្រមួយរបស់កម្មករដែលត្រូវគេរំលោភនៅក្នុងប្រទេសជប៉ុន »៕
No comments:
Post a Comment
yes