មន្រ្តីក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា សន្ធិសញ្ញាស្តីពីសហគមន៍អាស៊ានគ្មានអាវុធនុយក្លេអ៊ែរ ដែលគ្រោងចុះហត្ថលេខារវាងប្រទេសជាសមាជិកអាស៊ាន និងប្រទេសមហាអំណាចទាំង៥ដែលមានអាវុធនុយក្លេអ៊ែរនៅថ្ងៃទី១២ ខែកក្កដា នោះ ត្រូវលើកពេលទៅចុងឆ្នាំនេះវិញ។
លោក កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ការលើកពេលចុះហត្ថលេខាលើសន្ធិសញ្ញាអាស៊ានគ្មានអាវុធនុយក្លេអ៊ែរនេះ គឺដោយសារសមាជិក៤ នៃសមាជិកទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬប្រទេសដែលមានអាវុធនុយក្លេអ៊ែរ រក្សាសិទ្ធិរបស់ខ្លួនក្នុងប្រការផ្សេងៗមុននឹងចុះហត្ថលេខា។ «ដូច្នេះសេចក្តីប្រកាស ឬក៏ឯកសារដែលដាក់ជូនមកប្រទេសដែលជាសមាជិកភាគី នៃសន្ធិសញ្ញានេះ មិនមានពេលគ្រប់គ្រាន់ក្នុងការសិក្សា និងឯកភាពទៅលើពិធីសារដែលគ្រោងសម្រាប់ចុះហត្ថលេខានៅថ្ងៃទី១២ ខែកក្កដា បានទេ»។
បើតាមលោក កៅ គឹមហួន គ្រប់រដ្ឋមន្រ្តីការបរទេសដែលជាសមាជិក នៃសន្និសីទ សង្ឃឹមថា ការពន្យារពេលចុះហត្ថលេខានេះ នឹងធ្វើឲ្យប្រទេសមហាអំណាចទាំង៥ មានពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាពីសន្ធិសញ្ញានេះ ហើយនឹងអាចចុះហត្ថលេខាបាននៅក្នុងកិច្ចប្រជុំអាស៊ានលើកទី២១នាចុងឆ្នាំនេះ៕
No comments:
Post a Comment
yes