ដោយសារតែអស់ក្ដីសង្ឃឹម ក្នុងការស្វែររកសិទ្ធិជ្រក កោនជាជនភៀសខ្លួន ពីឧត្តមស្នងការ នៃអង្គការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ ថា UNHCR នៅប្រទេសថៃ លោក ចៅ អ៊ុក បានវិលត្រឡប់មកប្រទេសកម្ពុជា ដើម្បីស្នើសុំអង្គការ សមាគមខ្មែរកម្ពុជាក្រោម និងអង្គការ ការពារសិទ្ធិ មនុស្សជាតិ-អន្តរជាតិដទៃទៀត ជួយចាត់វិធានការ យ៉ាងណា ដើម្បីទទួលបានយុត្តិធម៌ និងឲ្យគាត់បាន រស់នៅក្នុងស្ថានភាពដ៏មានសេចក្ដីសុខ ដូចប្រជាពលរដ្ឋដទៃៗ ទៀតដែរ។
លោក ចៅ អ៊ុក មានអាយុ ៣៦ ឆ្នាំ នៅភូមិជីក្អេង ឃុំចូវឡាំង ស្រុកស្វាយទង ខេត្តមាត់ជ្រូក កម្ពុជាក្រោម បានមានប្រសាសន៍ថា កាលពីឆ្នាំ២០០៧ អាជ្ញាធរយួនបានរឹបអូសយកដីស្រែរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជា ក្រោម ជាច្រើនគ្រួសារ និងដីស្រែរបស់ឪពុកលោកចំនួន៨ហិកតា ដែលឪពុកលោកបានប្រគល់ឲ្យលោក បង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិតជាយូរឆ្នាំមកហើយនោះ។
លោកជាមួយនិងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមទាំងនោះបាននាំគ្នា តវ៉ាទាមទារដីស្រែទាំងនោះមកវិញ តែត្រូវ បានអាជ្ញាធរយួនចោទថា បានចូលដៃជាមួយសហព័ន្ធខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេស ទាមទារទឹកដីកម្ពុជា ក្រោម មកវិញ និងចោទពីបទបំភ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ហើយបានចេញដីការចាប់ខ្លួនលោក និងលោក ចៅ ហេន។
លោក ចៅ អ៊ុក និងលោក ចៅ ហេន បានភៀសខ្លួនមកប្រទេសកម្ពុជានៅឆ្នាំ២០០៨ ពេលនោះលោកបានមកជួប និងបានជម្រាបជូនរឿងរ៉ាវ ដល់សមាគមការពារសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ហើយសមាគមនេះ បានផ្តល់អនុសាសន៍ថាឲ្យលោករស់នៅក្នុងប្រទេសកម្ពុជាសិនចុះ។ តែដោយសារការភ័យខ្លាចក្រែងអាជ្ញាធរ យួនតាមចាប់ខ្លួន លោក និងលោក ចៅ ហេន បានភៀសខ្លួនបន្តទៅ ប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោន ជាជនភៀសខ្លួនពី UNHCR ប្រចាំទីក្រុងបាងកក ប្រទេសថៃ។ តែត្រូវបាន UNHCR ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃបដិសេធជាច្រើនលើកច្រើសាររហូតដល់ទីបញ្ចប់ “ដីស្រែខ្ញមាន៨ហិកតាដែលយួនអូសយកទាំងអស់ពីស្រុកទិញបៀន និងស្រុកស្វាយទង យួនយកទៅចែក ទៅឲ្យប្រជាពលរដ្ឋរបស់យួន វាមិនឲ្យមកខ្មែរ ទៅចែកឲ្យយួនគ្នាវា វាយករបស់ខ្ញុំអស់៨ហិកតា”។ ពេលនេះ លោកអស់សង្ឃឹមហើយ លោកក៏បានមកកម្ពុជាវិញដើម្បីស្នើសុំឲ្យអង្គការ សមាគមខ្មែរកម្ពុជាក្រោម និងអង្គការ សិទ្ធិមនុស្សជាតិ-អន្តរជាតិផ្សេងទៀតជួយលោកឲ្យមានសុវត្ថិភាពក្នុងការរស់នៅផង។ លោក ចៅ អ៊ុក បានបន្ត ទៀតថា លោកបានទៅជួប និងជម្រាបរឿងដល់អង្គការលីកាដូ ហើយអង្គការលីកាដូបានផ្តល់អនុសាសន៍ថា អង្គការនេះអាចការពារសិទ្ធិលោកក្នុងខណៈដែលលោករស់នៅក្នុងរង្វង់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លោក ចៅ អ៊ុក ក៏បានចូលទៅសុំសិទ្ធិជ្រកកោនជាជនភៀសខ្លួនពី UNHCR ប្រចាំនៅទីក្រុងភ្នំពេញទៀត តែ UNHCR ប្រចាំនៅទីក្រុងភ្នំពេញមិនទទួលឡើយ ដោយលើកហេតុផលថា ខ្មែរក្រោមពេលមកដល់ទឹកដី កម្ពុជាគឺបានក្លាយជាពលរដ្ឋកម្ពុជាដោយស្វ័យប្រវត្តិ “សូមអំពាវនាវដល់អង្គការ សមាគមខ្មែរកម្ពុជាក្រោមជួយ ខ្ញុំពីគ្រោះថ្នាក់ដែលយួនតាមចាប់ខ្លួនខ្ញុំ ហើយដល់អង្គការសហប្រជាជាតិ UNHCR សូមបើកកែសខ្ញុំឡើងវិញ ជួយខ្ញុំដើម្បីទៅរកកន្លែងមានសេចក្ដីសុខ កុំឲ្យអាជ្ញាធរយួនហ្នឹងតាមចាប់ខ្លួនខ្ញុំធ្វើបាបដូចលោកចៅ ហេន ដាក់គុក២ឆ្នាំ គេវាយ ចៅ ហេន ហ្នឹងគាត់ចេញពីគុកវិញមានតែស្លាប់ហើយ គាត់មិនអាចរស់ទេ និយាយក៏ អត់បាន យួនគេតាមចាប់ខ្ញុំ”។
លោក សឺន សុធន មន្ដ្រីស៊ើបអង្កេត នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានសំដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការណីនេះ លោកថា អាជ្ញាធរយួនបានប្រព្រឹត្តអំពើអយុត្តិធម៌មកលើប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម លោកនឹងព្យាយាមស្វែងរកវិធីសាស្ដ្រដើម្បីឆ្លើយតបទៅនឹងសំណើរបស់លោក ចៅ អ៊ុក “រូបខ្ញុំបាទជាមន្ដ្រីស៊ើបអង្កេតនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ក្នុងក្នុងជានាមជា កូនខ្មែរមួយរូប ហើយក៏ជាកូនខ្មែរក្រោមមួយរូបដែរ ខ្ញុំមាមការសោកស្ដាយមែនទែនចំពោះហេតុការណ៍នេះ កើតឡើង ខ្ញុំនឹងចូលរួមសហការជាមួយគាត់ ខ្ញុំនឹងជួយតាមដែលអាចធ្វើទៅបាន ដែលគាត់សំណូមពរមកខ្ញុំហ្នឹង ខ្ញុំនឹងជួយគាត់ ខ្ញុំនឹងសហការជាមួយអង្គការ សមាគមខ្មែរកម្ពុជាក្រោមនៅស្រុកខ្មែរទាំងអស់ពិភាក្សារឿងហ្នឹង និងចាត់វិធានការទៅលើរឿងដែលលោក ចៅ អ៊ុក ស្នើឲ្យជួយហ្នឹង”។
សូមជម្រាបផងដែរថា បច្ចុប្បន្នលោក ចៅ អ៊ុក ស្នាក់នៅក្នុងទីក្រុងភ្នំពេញដោយការសុំទីកន្លែងគេជ្រកពួនស្ងាត់ៗ លោកមិនហ៊ានចេញទៅណាឲ្យគេឃើញឡើយដោយសារតែយួនតាមចាប់ខ្លួន ព្រោះអាជ្ញាធរយួន បានព្រមានតាមចាប់ខ្លួនលោកឲ្យទាល់តែបាន៕
No comments:
Post a Comment
yes