កាលពីរសៀល ថ្ងៃអាទិត្យ ទី០១ ខែកក្កដា ឆ្នាំ ២០១២ កន្លងទៅនេះ សម្ព័ន្ធសមណនិស្សិត – និស្សិតខ្មែរកម្ពុជាក្រោម បានបើកកិច្ចប្រជុំសំខាន់មួយ នៅទីស្នាក់ការរបស់ខ្លួនឋិតក្នុងកុដិលេខ ១៧ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ដើម្បីបូកសរុបលទ្ធផលនៃសកម្មភាពប្រចាំ ឆមាសទី១ ឆ្នាំ២០១២ និងការផ្តល់អាហារូបករណ៍ ដល់សមាជិក សមាជិកា ប្រចាំឆ្នាំ ២០១២ ផងដែរ។
ឋិតក្នុងអង្គប្រជុំក្រោមព្រះអធិបតីភាពព្រះតេជព្រះគុណ យឿង តារា ព្រះប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម និងដោយមានការនិមន្ត អញ្ជើញចូលរួមពីក្រុមប្រឹក្សាភិបាល គណៈកម្មការនាយក គណៈកម្មការបណ្ដាការិយាល័យទាំងប្រាំមួយ និងសមាជិក សមាជិកាទាំងអស់មានប្រមាណ២២អង្គ និងរូប អង្គប្រជុំបានចាប់ផ្តើមដោយការធ្វើបទនមស្សការព្រះរតនត្រ័យ រំឭកដួង វិញ្ញាណក្ខន្ធបុព្វបុរស និងការធ្វើ សេចក្ដីរាយការណ៍ស្ដីអំពីសកម្មភាព និងសមិទ្ធផលពីបណ្ដា ការិយាល័យទាំងអស់ ព្រមទាំងការវាយតម្លៃ និងការផ្តល់ជាអនុសាសន៍អំពីសំណាក់ក្រុមប្រឹក្សាភិបាលថា “ការចូលរួម ការងារសង្គម ជាកត្តាសំខាន់ណាស់ សម្រាប់ការរស់នៅក្នុងសង្គម ហេតុនេះការជ្រោមជែង ការយក ចិត្តទុកដាក់ នៃគណៈកម្មការក្នុងការងារ ជាកត្តាល្អណាស់”។
ប្រភពពីអង្គប្រជុំបានឲ្យដឹងផងដែរថា អាហារូបករណ៍ដែលសម្រាប់ផ្តល់ដល់សមាជិក សមាជិកា គឺបានមក ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ក្នុងនោះមានសហរដ្ឋអាមេរិក និងសឹង្ហបុរីជាដើម។ អង្គប្រជុំបាន ឲ្យដឹងទៀតថា ឆ្នាំនេះសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានសម្រេចផ្តល់អាហារូបករណ៍ដល់ សមាជិក សមាជិការបស់ខ្លួនរួមមានចំនួន៨អង្គ និងរូប ដែលក្នុងនោះសុទ្ធសឹងតែជាសមាជិក សមាជិកា ដែលធ្វើការយ៉ាងសកម្ម និងមានភាពខ្វះខាតយ៉ាងខ្លាំងក្នុងការសិក្សារៀនសូត្រ ជាពិសេសនិស្សិតដែលកំពុង សិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងប្រទេសកម្ពុជា។ ការជ្រើសរើសបេក្ខជនដែលមានឧបនិស្ស័យត្រូវបានទទួលអាហារូបករណ៍នោះ គឺធ្វើឡើងដោយក្រុមប្រឹក្សាភិបាល និងគណៈកម្មការនាយក។ ហើយពិធីចែកអាហារូបករណ៍នេះនឹងធ្វើឡើងនៅវេលាម៉ោង ១៣:៣០នាទី ល្ងាច ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១២ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលមានទស្សនៈវិស័យគឺផ្តោតទៅលើ ការអភិវឌ្ឍន៍ធនធានមនុស្សនោះ ក្នុងមួយឆ្នាំៗ បានបញ្ជូនសមណនិស្សិតខ្មែរកម្ពុជាក្រោមប្រមាណជាជាង ១០ អង្គទៅសិក្សានៅប្រទេសថៃ និងការផ្តល់អាហារូបករណ៍ដល់សមាជិកសមាជិការបស់ខ្លួន ប្រមាណជាជាង ១០ អង្គ ដែលកំពុងសិក្សានៅក្នុងប្រទេសកម្ពុជា។
No comments:
Post a Comment
yes