ដោយ ដែន អយុធ្យា
ក្រសួងមហាផ្ទៃចាប់ផ្ដើមប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅទូទាំងប្រទេស ដែលនឹងចូលកាន់តំណែងជាបណ្ដើរៗ ហើយការប្រកាសសុពលភាពនេះធ្វើឡើងតាមឃុំ-សង្កាត់និមួយៗ។
លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍នៅថ្ងៃទី៣ ខែកក្កដា ថាមេឃុំ-ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ បានចាប់ផ្ដើមប្រកាសសុពលភាព នៅទូទាំងប្រទេស ចាប់ពីខែកក្កដា នេះតទៅ។
ពិធីប្រកាសចូលកាន់តំណែងមេឃុំ-ចៅសង្កាត់ ធ្វើឡើងតាមឃុំ-សង្កាត់និមួយៗ និងមានប្រធានក្រុមប្រឹក្សាអភិបាល និងអភិបាលរងរាជធានី ខេត្ត ជាអធិបតី។
ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣ ធ្វើឡើងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ មានគណបក្សចំនួន ១០ ចូលរួមប្រកួតដណ្ដើមអាសនៈឃុំ-សង្កាត់ សរុបចំនួន ១១.៤៥៩រូប ក្នុងឃុំ-សង្កាត់សរុប ១.៦៣៣ឃុំ-សង្កាត់ ទូទាំងប្រទេស។ មានគណបក្ស ៧ ទទួលបានអាសនៈនៅឃុំ-សង្កាត់ ក្នុងអាណត្តិទី៣ នេះ។
ការប្រកាសសុពលភាពនេះ សម្រាប់តែគណបក្សឈ្នះតំណែងជាមេឃុំ-ចៅសង្កាត់។ ទន្ទឹមគ្នានេះដែរ គណបក្សប្រឆាំង បានប្ដេជ្ញាថា មេឃុំ ចៅសង្កាត់ ដែលចេញពីបក្សរបស់ខ្លួននោះនឹងបម្រើពលរដ្ឋឲ្យអស់លទ្ធភាព។
លោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស មានប្រសាសន៍ថា មេឃុំជាប់ឆ្នោតបក្សរបស់ខ្លួន បានត្រៀមលក្ខណៈបម្រើពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកបន្តថា មេឃុំបក្ស សិទ្ធិមនុស្ស មិនទទួលសំណូកពីពលរដ្ឋ រាល់ការធ្វើលិខិតស្នាម ឬក៏ពលរដ្ឋស្នើឲ្យជួយធ្វើកិច្ចការអ្វីមួយនោះទេ។
ចំណែក លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្ស សម រង្ស៊ី បានឲ្យដឹងដែរថា មេឃុំបក្សខ្លួនបានត្រៀមបម្រើពលរដ្ឋ មិនឲ្យខុសកិច្ចសន្យាមុនយុទ្ធនាការបោះឆ្នោតនោះទេ។
មន្ត្រីបក្សប្រឆាំងរូបនេះ ក៏បានអះអាងពីភាពស្អាតស្អំ របស់មេឃុំបក្សខ្លួន ដើម្បីបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋ មិនយកកម្រៃនោះទេ។
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឲ្យដឹងថា តាមច្បាប់ការប្រកាសសុពលភាពមេឃុំ-ចៅសង្កាត់ ឬសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ ចាប់ផ្ដើមក្នុងរយៈពេល ពីរសប្ដាហ៍ ក្រោយថ្ងៃប្រកាសលទ្ធផលផ្លូវការ។
លោកថា ការប្រកាសសុពលភាពនេះ ក្រសួងមហាផ្ទៃជាអ្នកទទួលខុសត្រូវ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២។
លទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៨.២៩២អាសនៈ ឈ្នះតំណែងជាមេឃុំ-ចៅសង្កាត់ ចំនួន ១.៥៩២ឃុំ-សង្កាត់។
គណបក្ស សម រង្ស៊ី ទទួលបាន ២.១៥៥អាសនៈ ឈ្នះតំណែងមេឃុំ-ចៅសង្កាត់ ចំនួន ២២ឃុំ-សង្កាត់។
គណបក្ស សិទ្ធិមនុស្ស ទទួលបានចំនួន ៨០០អាសនៈ ឈ្នះតំណែងជាមេឃុំចំនួន ១៨ឃុំ។
គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ១៥១អាសនៈ ឈ្នះមេឃុំចំនួន១។
គណបក្ស នរោត្តម រណឫទ្ធិ ទទួលបាន ៥២អាសនៈ។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន ៨អាសនៈ និងគណបក្សសញ្ជាតិកម្ពុជា ទទួលបាន ១អាសនៈ៕
No comments:
Post a Comment
yes