លោកលីសាងឌឹក បងប្រុសច្បងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកលីម្យុងបាក់ បានឡើងមកកាន់តុលាការកណ្តាលនៃក្រុងសេអ៊ូលកាលពីថ្ងៃទី១០ កក្កដា ក្នុងក្របខណ្ឌនៃដីកាចាប់ខ្លួនមួយរបស់បណ្តារដ្ឋអាជ្ញាដែលចោទប្រកាន់លោកថាសង្ស័យទទួលសំណូកពីបណ្តាធនាគារដែលជួបការលំបាក ។
អតីតសមាជិកសភានៃគណបក្សកាន់អំណាច រូបនោះបានចូលមកកាន់តុលាការដែលស្ថិតនៅភាគខាងត្បូងក្រុងសេអ៊ូលនាវេលាម៉ោង១០និង២៨នាទីព្រឹក ។ មនុស្សជាច្រើនសិបនាក់ដែលមានកំហឹងដោយសារប្រាក់សន្សំរបស់ពួកគេត្រូវអាសាបង់ជាមួយនឹងការផ្អាកសកម្មភាពរបស់ធនាគារដែលពួកគេដាក់ប្រាក់មានវត្តមាននៅមុខតុលាការដើម្បីគប់ពងមាន់ដាក់លោក ។ បាតុករម្នាក់រហូតដល់ក្របួចកលោករយៈពេលខ្លី ព្រោះខឹងថា លោកលីសាងឌឹកក៏ជាអ្នកទទួលខុសត្រូវមួយផ្នែកដែរលើការដួលរលំរបស់បណ្តាធនាគាររយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
លោកលីទទួលការចោទប្រកាន់ថាទទួលសំណូករវាងឆ្នាំ២០០៧ទៅ២០១១ចំនួនខ្ទង់ ៦០០លានវ៉ុន (៥២៥ ០៧២ដុល្លារ) ពីប្រធាននៃធនាគារសន្សំប្រាក់២ដែលជួបនឹងសភាពការណ៍លំបាកហើយស្វះស្វែងឱ្យលោកជួយចៀសវាងការផ្អាកសកម្មភាពធនាគាររបស់ពួកគេ ។ មានការចោទប្រកាន់ទៀតថាបងប្រុសប្រមុខរដ្ឋបានទទួលប្រាក់១៥០លានវ៉ុន ពីសំណាក់អតីតនិយោជកម្នាក់នៃក្រុមហ៊ុន KOLON ហើយទឹកប្រាក់៧០០លានវ៉ុន ត្រូវបានរកឃើញក្នុងគណនីរបស់និយោជិតម្នាក់ក្នុងចំណោមនិយោជិតរបស់ក្រុមហ៊ុននេះ ៕
No comments:
Post a Comment
yes