រាជធានីភ្នំពេញ ៖ នៅក្នុងជំនួបក្រៅផ្លូវការជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី១០ កក្កដា ២០១២នេះ លោក យ៉ាង ជីជិ រដ្ឋមន្រ្តីការបរទេសចិនបានថ្លែងថា ប្រទេសចិននឹងបញ្ជូនមន្រ្តីជំនាញរបស់ខ្លួនមកធ្វើការស្រាវជ្រាវ និងរិះរកវិធីព្យាបាលប្រភេទជំងឺថ្មីមួយដែលបានសម្លាប់កុមារកម្ពុជាជាង៦០នាក់ នាពេលថ្មីៗនេះ។
លោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅក្រោយជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅគ្រាដែលលោករដ្ឋមន្រ្តីការបរទេសចិន យ៉ាង ជីជិ មកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកក្នុងប្រទេសកម្ពុជានោះថា ប្រទេសចិននឹងបញ្ជូនមន្រ្តីជំនាញរបស់ខ្លួនក្នុងនាមជាប្រទេសមហាមិត្ត ដើម្បីមកជួយស្រាវជ្រាវ និងរិះរកវិធីព្យាបាលនូវប្រភេទជំងឺចម្លែកថ្មី ដែលកំពុងវាយប្រហារលើកុមារកម្ពុជានោះ ។
លោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តទៀតថា ប្រទេសចិនក៏បានសន្យាផងដែរថា ខ្លួននឹងបន្តជួយដល់កម្ពុជាគ្រប់យ៉ាងដូចជាការផ្តល់ ឥណទាននឹងជំរុញឈ្មួញរបស់ខ្លួនឲ្យទិញអង្ករ និងផលិតផលកសិកម្មពីកម្ពុជាបន្ថែមទៀត។ មិនតែប៉ុណ្ណោះ លោកប្រមុខការទូតចិន យ៉ាង ជីជិ បានសន្យាទៀតថា រដ្ឋាភិបាលរបស់លោក នឹងជំរុញដល់ប្រជាជនរបស់ខ្លួនមកទស្សនកិច្ចនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសចិនដែលតែងតែយកចិត្តទុកដាក់ដល់កម្ពុជា ជាពិសេសក្នុងការជូយចុះស្រាវជ្រាវរកជំងឺដែលគ្មានឈ្មោះ ហើយបានសម្លាប់ដល់កុមារកម្ពុជានោះ ៕
No comments:
Post a Comment
yes