កម្មករកំពុងធ្វើការក្នុងរោងចក្រមួយនៅភ្នំពេញ កម្ពុជានៅតែជាកន្លែង
ទាក់ទាញក្នុងវិស័យកាត់ដេរ។ George
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអនុម័តឲ្យបើករោងចក្រកាត់ដេរ និងស្បែកជើងថ្មីៗចំនួន៥៣ ក្នុងត្រីមាសទី១ឆ្នាំនេះ ដែលគិតជាទឹកប្រាក់៣៣៨លានដុល្លារ។
រយៈពេលដូចគ្នាពីឆ្នាំមុន មានរោងចក្របើកថ្មីតែ៣៨ ប៉ុណ្ណោះ និងគិតជាទឹកប្រាក់មានតម្លៃ១៨០លានដុល្លារអាមេរិក។
មន្ត្រី និងតំណាងរោងចក្របានឲ្យដឹងថា កំណើននេះគឺដោយសារការកើនឡើងប្រាក់បៀវត្សរ៍នៅចិន ហើយរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធកាន់តែច្រើននៅលើទីផ្សារ អន្តរជាតិ។
ទោះបីយ៉ាងនេះក្តីពួកគេបានអះអាងថា កូដកម្មរបស់កម្មករ អាចជាក្តីបារម្ភមួយផងដែរ។
ទិន្នន័យជាផ្លូវការទទួលបានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា រោងចក្រថ្មីៗសរុបចំនួន៤០ មានតម្លៃជាទឹកប្រាក់ ២៣៩លានដុល្លារអាមេរិក ក្នុងនោះរោងចក្រផលិតស្រោមដៃ២ មានតម្លៃជាង ១០លានដុល្លារ រោងចក្រស្បែកជើង៨ មានតម្លៃ៦០,៥លានដុល្លារ រោងចក្រផលិតស្រោមជើង២ មានតម្លៃ២៥,៤លានដុល្លារអាមេរិក និងរោងចក្រកាត់ដេរ១ មានតម្លៃ ២,៥៨លានដុល្លារអាមេរិក។
លោក គង់ ពុទ្ធារ៉ា អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្ម បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ឧស្សាហកម្មកាត់ដេរស្បែកជើង និងវាយនភ័ណ្ឌនៅកម្ពុជា បានទទួលប្រព័ន្ធអនុគ្រោះពន្ធ នៅក្នុងប្រទេសជាច្រើន នៅលើពិភពលោក ដូចជា អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។ លោកបន្តថា៖ «ជាការពិតណាស់ យើងមានទីផ្សារជាច្រើនសម្រាប់វិនិយោគក្នុងឧស្សាហកម្មនេះ ខណៈថ្លៃពលកម្មរបស់យើង នៅតែទាប ហេតុអ្វីដែលថាពួកគេមិនមកទីនេះ»។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឲ្យដឹងថា ថ្លៃកម្លាំងពលកម្មកើនឡើងនៅប្រទេសចិន ជាហេតុផលសំខាន់នៅពីក្រោយកំណើនរោងចក្រថ្មីៗនៅកម្ពុជា។
លោក ខេន លូ បានលើកឡើងថា៖ «យើងមានវិនិយោគិនជាច្រើន មកពីចិន ដោយសារម្ចាស់រោងចក្រទាំងនោះ មិនអាចស្វែងរកកម្មករច្រើនសម្រាប់រោងចក្ររបស់ខ្លួន ព្រោះថ្លៃកម្លាំងពលកម្មកើនឡើង និងកង្វះកម្មករ។ កម្ពុជាជាប្រទេសដែលគេកំពុងសម្លឹងរក។ បច្ចុប្បន្នយើងមានកំណើនរោងចក្រថ្មីៗប្រហែល៥០ដែលជាសមាជិករបស់ GMAC។»
លោកបានឲ្យដឹងថា រោងចក្រថ្មីៗទាំងនោះ មកពីប្រទេសចិន តៃវ៉ាន់ ហុងកុង កូរ៉េ។ល។
លោក គង់ ពុទ្ធារ៉ា បានឲ្យដឹងថា ការធ្វើបាតុកម្មអាចជាឧបសគ្គសម្រាប់កំណើនឧស្សាហកម្ម។ ប៉ុន្តែលោកបានសង្កេតឃើញថា បញ្ហានេះត្រូវបានដោះស្រាយ។ លោកបន្តថា៖ «ជាការពិតណាស់ យើងមានការព្រួយបារម្ភ ប៉ុន្តែយើងសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធ បុគ្គលិក និងនិយោជកមិនអាចមានបញ្ហាធំក្នុងឧស្សាហកម្មទេ»។
លោក ខេន លូ បានលើកឡើងថា ប្រសិនបើមិនមានកូដកម្ម ឬបាតុកម្មទេ យើងនឹងមានកំណើនរោងចក្រកាន់តែច្រើនជាងនេះ។
ទិន្នន័យទទួលបានពីក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំចេញសម្លៀកបំពាក់នៅឆមាសទី១ឆ្នាំនេះបានកើនឡើង៨,១២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ គឺកើនឡើងពីជាង១,៩៣ពាន់លានដល់ជាង២,១ពាន់លានដុល្លារ៕
No comments:
Post a Comment
yes