សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 17, 2012

អ្នករត់​ម៉ូតូ​ឌុប​​​ចោទ​លោក​សាន​ ផានិត​ ជិះ​មិនឱ្យ​ប្រាក់​ តើការ​​​ចោទ​នោះ​​ជា​ការ​ពិត

សាន​ ផានិត​
រាជ​ធានីភ្នំពេញ​​ ៖ លោក​​សាន​ ផានិត​ តារា​ចម្រៀង​​​ម្ចាស់​បទ​«ទូរស័ព្ទ​ប្រាប់​ផង​​»​ចូល​ចិត្ត​ជិះ​ម៉ូតូ​ឌុប​​​ ឬ​រ៉ឺម៉ក​កង់​បី​​ទៅ​ធ្វើការ​​​ តែ​អ្វី​ដែល​​គួរ​ឱ្យ​ចាប់​​អារម្មណ៍​​គឺ​ម្ចាស់​​យាន​មួយចំនួន​​ចោទ​លោក​ថា «ជិះ​​មិនឱ្យ​លុយ​»។ ទន្ទឹម​នេះ​មាន​ព័ត៌មាន​​​ថា តារាចម្រៀង​​​រូប​នេះ​​រៀប​ការ​ស្ងាត់ៗ ហើយ​មិនបាន​​ប៉ុន្មាន​ខែ​​ផង​ក៏​​បែក​បាក់​គ្នា​វិញ ។
តើ​លោក​សាន​ ផា និត​ ពិត​ជា​មាន​រឿង​​បែប​នោះ​មែន​ឬ ?
អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ម្តុំ​ផ្សា​រទួល​ទំពូង​ម្នាក់​ប្រាប់​កោះ​សន្តិភាព​កាល​ពី​​ពេល​ថ្មី​ៗ​នេះ​ថា មួយ​រយៈ​មុន​​​រូប​គាត់​​​​​ឌុប​លោកសាន​ ផា​និត​ ​ចំនួន​​៣ដង​​​​តែ​បាន​ប្រាក់​តែ​​ម្តង​​​​ប៉ុណ្ណោះ ។ នៅពេល​លោក​ សាន​ ផានិត ហៅគាត់ឱ្យ​ឌុប​​ទៅ​ធ្វើការ​ជា​លើក​ទី​មួយ​​​​ប្រាប់​ថា«សុំ​ជំពាក់សិន»​ ។ លើកទី​២ ​​ពេល​គាត់​ឌុប​ទៅ​ដល់​គោលដៅ​​​ហើយ​ស្រាប់​តែ​​​​​លោក​សាន​ ផានិត​ ប្រាប់​ថា ​ចាំលោក​​យក​លុយ​​​ទៅ​ផ្ញើ​​អ្នក​លក់​​​​គ្រឿង​ទេស​នៅខាងក្រោម​ផ្ទះដែល​លោក​​ស្នាក់​នៅ តែពេល​​គាត់​ទៅ​​​​សួរ​ត្រូវ​អ្នកលក់​​គ្រឿង​ទេស​​​​នោះ​និយាយ​ថា ​​គាត់​មិន​ដែល​​​ស្គាល់លោក​ សាន​ ផានិត​ ឬក៏​ឃើញ​លោក​ សាន​ ផានិត ​យក​លុយទៅ​ផ្ញើ​ទេ ។

ប្រភព​ដដែល​បន្តថា លើកទី​៣​លោក​ សាន​ ផានិត​ បានឱ្យ​រូប​​គាត់​ឌុប​ហើយ​រក​លេស​​​មិនឱ្យ​លុយ​ទៀត​ ។ ដោយសារ​​លោក​ខឹង​​​ពេក​ក៏​​គំរាម​ថា ​«បើអ្នកឯង​​មិនឱ្យ​លុយ​ខ្ញុំ​​​ៗនឹង​​​ឌុប​អ្នកឯង​​​ទៅ​គោលដៅ​​​ចាស់​វិញ» ។ ឮដូច្នេះលោក សាន​ ផានិត ​ប្រាប់​​ថា ចាំលោក​ចូល​ក្នុង​ក្លឹប​​យក​លុយ​​ឱ្យ​ តែ​រូបគាត់​មិន​ព្រម​​​​ក៏​ទាម​ទារ​​​ឱ្យ​​​ទុក​កាបូប​​យួរ​ដៃ​​នៅលើ​ម៉ូតូ​ ពេល​យកលុយ​​មក​ឱ្យ​ទើប​គាត់​ឱ្យ​វិញ ។ ​បន្ទាប់​ពី​​​លោក​សាន ផានិត​ ចូល​ទៅក្នុង​​​ក្លឹប​មួយ​សន្ទុះ​​ទើប​ចេញ​មក​វិញ​និង​យក​ប្រាក់​មក​ឱ្យគាត់​ចំនួន​​១មឺុនរៀល ។ 
តាំង​ពី​​ពេល​នោះ​មក​​​អ្នក​រត់​ម៉ូតូ​ឌុប​​រូប​នេះ​​​មិនដែល​ឌុប​​លោក សាន​​ ផានិត​​​ ទៀត​ទេ ព្រោះ​គាត់​ថា ខ្លាច​​​មិន​បានប្រាក់ទៀត​ ។ 
ដោយឡែក​អ្នក​រត់​រឺុម៉ក​​​ម៉ូតូ​កង់​បី​​​មួយ​រូប​ទៀត​ ​​នៅម្តុំ​​​ទួល​ទំពូង​​​​ឱ្យ​ដឹងថា ​​​​រូប​គាត់​ឌុប​​លោក​សាន​ ផានិត​ ពេល​ខ្លះ​​​​បាន​ប្រាក់​ ពេល​ខ្លះ​​​មិន​បាន​​​​ទេ ។ ពេល​​រូប​គាត់​ដឹក​​​លោក​សាន​ ផានិត​​ ដំបូង​​ត្រូវ​មិត្ត​ភក្តិ​របស់​គាត់​ប្រាប់​​​កុំ​ឱ្យ​ឌុប​​​ដែរ​ ព្រោះ​​​ប្រាកដ​ជា​មិនបាន​លុយ​ទេ តែ​គាត់​មិន​ជឿ ។
ប្រភព​​ដដែលបន្តថា ​​​​ចំណែក​បង​ប្អូន​​​ប្រុស​ជីដូន​មួយ​​​របស់​គាត់​ដែល​​ធ្លាប់​ឌុប​​​លោក​ សាន​ ផានិត​​​ ដែរ​បាន​ប្រាប់​​​​​រូបគាត់​ថា គេ​ធ្លាប់​ដឹក​​​ តារា​ចម្រៀង​រូបនេះ​ស្ទើរ​ជុំ​វិញ​ភ្នំពេញ ​តាំង​ពីព្រឹក​​រហូត​ដល់​ថ្ងៃ​រសៀល​​​ តែ​បាន​ប្រាក់​តែ​​​២ម៉ឺន​រៀល​ប៉ុណ្ណោះ ចាក់​សាំង​ម៉ូតូ​​ស្ទើរ​តែ​មិនគ្រប់​ ។ ទាក់ទិន​ទៅ​នឹង​ការ​ចោទ​ប្រកាន់​បែប​នេះ​ លោក​សាន ផានិត បកស្រាយ​តាម​ទូរស័ព្ទ​ថា លោក​មិន​ដែល​ជិះ​ម៉ូតូ​ឌុប​មិន​ឱ្យ​ប្រាក់​គេ​ទេ​ បើ​ឱ្យ​មានតែ​លើស​ថែមទៀត​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​លោក​ទទួល​ស្គាល់​ថា មាន​ថ្ងៃមួយ​លោក​បាន​ឱ្យ​ប្រាក់ទៅ​អ្នក​រត់​ម៉ូតូឌុប​ ប៉ុន្តែ​គេ​មិន​មាន​លុយ​អាប់​ឱ្យ​វិញ​ ដូច្នេះ​លោកក៏​ដើរទៅ​ដូរ​ ។ ​នៅ​ពេល​លោក​ត្រឡប់​មក​វិញ​ ស្រាប់​តែ​គេ​ទៅ​បាត់​ ដូច្នេះ​មិន​ដឹងជា​ទៅរក​គេ​នៅ​ទីណា​ទេ ។
សម្រាប់​អ្នក​និយម​ចូលចិត្ត​ស្តាប់​បទ​ចំរៀង របស់​លោក​សាន​ ផានិត​ មួយចំនួន​មិន​ជឿលើ​ការ​ចោទ​ប្រកាន់​របស់​អ្នក​រត់​ម៉ូតូឌុប និងអ្នក​រត់​ម៉ូតូរ៉ឺម៉កកង់បីទាំងនោះទេ ដោយ​លើកហេតុ​ផល​ថា​ ក្នុងនាមជាតារាចម្រៀងមួយរូប​មិនទំនងជា​ខ្វះប្រាក់​មួយ​ម៉ឺន​ ឬ​ពីរម៉ឺនរៀលឱ្យ​ថ្លៃឈ្នួល​ធ្វើ​ដំណើរទេ ។ចំពោះកោះសន្តិភាព​វិញ ក៏មិនហ៊ាន​សន្និដ្ឋាន​ថា ការ​ចោទប្រកាន់​របស់​ក្រុម​អ្នក​រត់ម៉ូតូឌុប​ និង​រត់​ម៉ូតូរ៉ឺម៉កកង់បីទាំងនោះជាការពិត ឬ​យ៉ាង​ណា​​ដែរ។នោះគ្រាន់តែជាការចោទប្រកាន់​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺលោក​សាន ផានិត​ បាន​​បញ្ជាក់ហើយថា «វាជារឿងមិនពិត» ។
កោះសន្តិភាពគ្មាន​ចេតនានិយាយ​មិនល្អពី​លោក​ផានិត ទេ តែការចោទនោះចេះតែឮពី​មាត់​មួយទៅមាត់​មួយ ដូច្នេះទើប​យើង​ព្យា​យាម​ឱ្យ​លោក​បក​ស្រាយ​ដើម្បី​កុំឱ្យគេយល់​មិនល្អពី​លោក​ទៀត​ ដោយសារ​តែ​លោក​មិន​បាន​បក​ស្រាយ​នោះ ។មាន​ការ​លេចឮ​មួយទៀត​ថា​ លោក​សាន ផានិត​ បានរៀប​ការ​ដោយ​ស្ងាត់ៗ​ កាល​ពី​​ថ្ងៃទី​​២៨​ មីនា​ ឆ្នាំ​២០១២ ជាមួយ​យុវ​សិស្ស​អាយុ​១៩ឆ្នាំ​នៅ​វិទ្យាល័យ​បឹង​កេង​កង​នៃ​រាជ​ធានី​ភ្នំពេញ ។ អាពាហ៍ពិពាហ៍ខណៈកូន​ក្រមុំ​មាន​ផ្ទៃ​ពោះ​​ទៅ​ហើយនោះធ្វើឡើង​នៅ​គេហ​ដ្ឋាន​ខាង​ស្រី​ក្នុងស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ដោយ​លោក​ផានិត​ លាក់​មិន​ឱ្យ​មិត្តភក្តិ​ស្និទ្ធ​ស្នាលដឹងទេ ។
ឥឡូវភរិយារបស់​លោក​ផានិត បាន​សម្រាលកូនរួចហើយ តែជីវិតអាពាហ៍ពិពាហ៍ក៏​ឈាន​ដល់​ការ​បែកបាក់​ដែរ ។នៅ​ពេល​​ភ្នាក់ងារ​កោះសន្តិភាព​សួរ​រឿង​នេះ លោក​សាន ផានិត មិន​បកស្រាយទេ ។ លោក​និយាយថា «រឿងប្រពន្ធស្អីនោះខ្ញុំមិននិយាយ​ទេ ព្រោះជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ មិនគួរអ្នក​សារ​ព័ត៌មានយករឿងនេះមកសួរ​ខ្ញុំទេ ។ បើ​ចង់សួរ​ម៉េចមិនសួរ​រឿងការងារ​សិល្បៈ​ទៅ»។
ការពិតអ្វីដែលយើង​សួរលោក​ផានិត គឺចង់​បាន​ការបក​ស្រាយ​ព័ត៌មានទាក់​ទិន​រូបលោក​ប៉ុណ្ណោះ ជាជាង​ការចុះផ្សាយ​ ហើយរង​ការ​ចោទប្រកាន់​ថា «មិនសួរនាំ​សាមីខ្លួន​» ។ យើង​បាន​​សួរហើយ​ តែ​តារាចម្រៀងរូបនេះមិនបក​ស្រាយ​​ ដូច្នេះយើង​ក៏មិនអាច​ចាត់​ទុក​ព័ត៌​មាន​នោះ​​ពិត​ឬមិនពិតដែរ ។លោក​សាន ផានិត​ ចាប់ផ្តើមល្បីឈ្មោះតាម​រយៈបទ «ទូរស័ព្ទប្រាប់ផង»។ ក្រោយមក​លោក​ទៅរស់​នៅ​សហរដ្ឋអា​មេរិកមួយរយៈ លុះ​ពេលត្រឡប់​មក​វិញ​បន្ត​អាជីពចម្រៀងទៀត​ តែ​មិន​សូវភ្លឺ​ចែងចាំងដូចអ្នក​ជំនាន់​ក្រោយទេ ។ដោយមិនខ្វល់​ពីរឿងផ្ទាល់​ខ្លួនរបស់​លោក​សាន​ ផានិត​ គេនៅតែនឹក​ដល់​បទ​ចម្រៀង មនោសញ្ចេតនា​ «ទូរស័ព្ទប្រាប់ផង» ដ៏ពីរោះ ស្រទន់របស់លោក ៕

No comments:

Post a Comment

yes