រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានប្រកាសលុបចោលសម្បទានដីសេដ្ឋកិច្ចចំនួនបួន ដែលផ្តល់ទៅឲ្យក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម ដែលបានគំរាមកំហែង និងបង្កការប៉ះពាល់យ៉ាងខ្លាំង ទៅដល់តំបន់ព្រៃឡង់ ដែលជាព្រៃដ៏សំខាន់ និងធំមួយនៅឧបទ្វីបឥណ្ឌូចិន។
ដោយសារតែបញ្ហាលំបាក ក្នុងការធ្វើឲ្យមានតុល្យភាពគ្នា រវាងគោលដៅបង្កើនកំណើនសេដ្ឋកិច្ច របស់កម្ពុជា និងការអភិវឌ្ឍ ហើយដែលជំរុញឲ្យមានស្ថិរភាពសង្គមមួយ ជាចាំបាច់ សម្រាប់ប្រជាជនរបស់ខ្លួនរដ្ឋាភិបាល ស័ក្តិសមទទួលបានការអបអរសាទរ ចំពោះសេចក្តីសម្រេចនេះ។ ការដែលរដ្ឋាភិបាល បានកំណត់គោលដៅរបស់ខ្លួនជាមួយនឹងការអនុម័តច្បាប់ភូមិ បាលឆ្នាំ២០០១ ដែលរួមបញ្ចូលឲ្យអាជ្ញាធរ ផ្តល់សម្បទានដីសេដ្ឋកិច្ច បានធ្វើឲ្យមាននូវបញ្ហាស្មុគស្មាញ ដូចជាអំពើពុករលួយ ពាក់ព័ន្ធការផ្តល់ដីសម្បទាន និងជម្លោះ ដែលកើតមាន ពីបញ្ហាសម្បទានដីសេដ្ឋកិច្ច ហើយវាជាក្តីសង្ឃឹមតិចតួចប៉ុណ្ណោះ ដែលថា រដ្ឋាភិបាល នឹងអាចដោះស្រាយបានយ៉ាងជោគជ័យចំពោះជម្លោះរបស់ប្រជាជន ដែលពឹងផ្អែកលើដីរបស់ខ្លួន សម្រាប់ជីវភាពរស់នៅ ជាមួយក្រុមហ៊ុនឯកជន ដែលបានកេងចំណេញ និងបំពានលើដីធ្លីរបស់ប្រជាជនទាំងនោះ។
ជាញឹកញាប់ រដ្ឋាភិបាល មានការលម្អៀងសម្រាប់អត្ថប្រយោជន៍ពាណិជ្ជករ ជាងអត្ថប្រយោជន៍របស់ប្រជាជន នៅពេលផ្តល់សម្បទានដីសេដ្ឋកិច្ច ហើយដែលទំនងជាដើម្បីជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច កសិ-ឧស្សាហកម្មទ្រង់ទ្រាយធំ។ ខណៈគោលដៅនេះល្អ នៅក្នុងទ្រឹស្តី តែការអនុវត្តជាក់ស្តែង នៃការផ្តល់សម្បទានដីសេដ្ឋកិច្ច បានបរាជ័យ មិនអាចធ្វើឲ្យមានតុល្យភាព រវាងការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយនឹងការអភិវឌ្ឍសង្គម និងបរិស្ថានទេ។
អង្គការដើម្បីសិទ្ធិមនុស្ស និងការអភិវឌ្ឍកម្ពុជា បានឲ្យដឹងថា យ៉ាងហោចណាស់ ដីចំនួន ២ លានហិកតា ឬជាង ១០ ភាគរយនៃផ្ទៃដីរបស់ប្រទេសកម្ពុជា ត្រូវបានផ្តល់ទៅឲ្យក្រុមហ៊ុនបរទេស សម្រាប់កាប់ឈើខុសច្បាប់ យករ៉ែ ធ្វើកសិកម្ម និងការអភិវឌ្ឍដទៃៗទៀត។
បើយោងតាមអង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា ៥០ ភាគរយ នៃដីដាំដំណាំ របស់ប្រទេសកម្ពុជា ឥឡូវនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនបរទេស។ ជាងនេះផងដែរ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានអះអាងថា ចន្លោះពីឆ្នាំ ១៩៩០ និងឆ្នាំ ២០១០ កម្ពុជា បានបាត់បង់ព្រៃឈើរបស់ខ្លួន ចំនួន ២២ ភាគរយ។ ហេតុដូច្នេះ វាមិនអាចទៅរួចទេ ដែលថា ការផ្តល់សម្បទានដីសេដ្ឋកិច្ច ដែលមិនមានការពិនិត្យត្រឹមត្រូវ សម្រាប់អត្ថប្រយោជន៍ពាណិជ្ជកម្ម ផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនធម្មតា។ ជាឧទាហរណ៍ យុទ្ធសាស្រ្តកាត់ស្បែកខ្លា របស់រដ្ឋាភិបាល ដែលគ្មានប្រសិទ្ធភាព មិនអាចកាត់ដីជូនប្រជាជន ដែលរងគ្រោះពីដីសម្បទានសេដ្ឋកិច្ច ហើយវានៅតែជាបញ្ហា។
ក្រៅពីយុទ្ធសាស្រ្តនេះ ដែលមិនអាចដោះស្រាយបញ្ហា សម្រាប់ប្រជាជនបាន ប្រជាជនមួយចំនួន ប្រឈមមុខ នឹងការរស់នៅក្នុងតំបន់មួយ ដែលព័ទ្ធជុំវិញទៅដោយសម្បទានដីសេដ្ឋកិច្ច ដែលគ្មានសាលារៀនមណ្ឌលសុខភាព ទឹកប្រើប្រាស់គ្រប់គ្រាន់ និងលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតសមស្រប។
ជាជាក់ស្តែង ដូចករណីថ្មីៗនេះ ប្រជាជនមួយចំនួន នៅក្នុងខេត្តស្ទឹងត្រែង បានក្លាយជាអ្នកទោស នៅលើដីរបស់ខ្លួន ដែលត្រូវបានកាត់ទាំងស្រុង ដោយសម្បទានដីសេដ្ឋកិច្ច ទៅឲ្យក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនចិន ហើយធ្វើឲ្យប្រជាជនទាំងនោះ បាត់បង់ជីវភាពរស់នៅដូចពីមុន។ ហេតុដូច្នេះហើយ គេសង្ឃឹមថា ការលុបចោលសម្បទានដីសេដ្ឋកិច្ចចំនួនបួន នៅតំបន់ព្រៃឡង់ គឺជាឧទាហរណ៍មួយ នៃគោលនយោបាយ រំដោះឲ្យមានសេរីភាព ដែលប្រកាសដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី ៧ ឧសភាកន្លងទៅ នៅពេលដែលលោកធ្វើការធានាថា ការផ្តល់សម្បទានដីសេដ្ឋកិច្ច នាពេលអនាគត នឹងត្រូវបានត្រួតពិនិត្យឲ្យបានម៉ត់ចត់។
ប្រសិនបើដូច្នេះមែនការអភិវឌ្ឍនេះ នឹងជាការបង្ហាញគួរឲ្យស្វាគមន៍មួយ ដែលរដ្ឋាភិបាល យល់ដឹងអំពីសេចក្តីត្រូវការយ៉ាងចាំបាច់ ដើម្បីកែលម្អ គោលនយោបាយរបស់ខ្លួន។
ប៉ុន្តែ ទោះយ៉ាងនេះក្តី កំណែទម្រង់បន្ថែមទៀត នៅតែត្រូវការឲ្យមានជាចាំបាច់ ពោលគឺៈ
១- បង្កើតយន្តការតម្លាភាពមួយ សម្រាប់ការអនុម័ត ផ្តល់សម្បទានដីសេដ្ឋកិច្ច ដោយមានការត្រួតពិនិត្យពេញលេញ និងត្រឹមត្រូវ លើផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន និងត្រូវឲ្យមាននូវបញ្ជីសម្បទានដីសេដ្ឋកិច្ច នៅលើប្រព័ន្ធអ៊ីនធឺណិតដែលមានលក្ខណៈតម្លាភាព សាធារណៈជន អាចចូលមើលបាន ហើយក្នុងនោះផងដែរ ដីសម្បទានសេដ្ឋកិច្ចមុនៗ ដែលមានរួចហើយ អាចត្រូវបានពិនិត្យយ៉ាងម៉ត់ចត់។
២-ត្រួតពិនិត្យរាល់សម្បទានដីសេដ្ឋកិច្ច ដែលមានស្រាប់នោះឡើងវិញ និងលុបចោលដីណា ដែលខុសច្បាប់ ដែលនៅក្រោមច្បាប់ភូមិបាលឆ្នាំ ២០០១។
៣- ជំរុញដំណើរការប្រគល់ប័ណ្ណកម្មសិទ្ធដីធ្លី ដ៏សមរម្យ ដើម្បីទប់ស្កាត់ នឹងទំនាស់ដីធ្លី និងចលាចលស៊ីវិល មិនឲ្យកើតមានឡើង។ ប្រការនេះ ពាក់ព័ន្ធជាមួយការកំណត់ខណ្ឌសីមាដីធ្លីឲ្យបានជាក់លាក់ នៃអី្វដែលជាដីឯកជនរបស់រដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ និងដីក្នុងតំបន់ការពារ ហើយត្រូវធានាដាច់ខាត ឲ្យមានការការពារសហគមន៍ប្រជាពលរដ្ឋក្រីក្រ និងជីវភាពរស់នៅសមរម្យរបស់ពួកគាត់ ព្រមទាំងតំបន់ព្រៃសំខាន់ៗទាំងឡាយ ដែលជិតផុតពូជ ជីវចំរុះ ការអភិរក្ស និងសត្វព្រៃ។
៤-បោះបង់ចោល«យុទ្ធសាស្រ្តកាត់ស្បែកខ្លា»ដ៏ចម្រូងចម្រាស និងគ្មានប្រសិទ្ធភាព ហើយធ្វើវិសោធនកម្មច្បាប់ភូមិបាលឆ្នាំ២០០១ ដើម្បីទប់ស្កាត់ក្រុមហ៊ុនមួយចំនួន មិនឲ្យយកដីបន្ថែមទៀត លើសពីចំនួនកំណត់ ១ ម៉ឺន ហិកតា នៅតំបន់ជិតៗនោះ។
៥-ធ្វើកំណែទំរង់ប្រព័ន្ធយុត្តិធម៌ ដើម្បីឲ្យភាគីទាំងអស់ អាចមានការជឿជាក់ លើសមត្ថភាពរបស់ប្រទេស ក្នុងការដោះស្រាយទំនាស់ក្នុងលក្ខណៈតម្លាភាព និងយុត្តិធម៌ពេញលេញ។
ការលុបចោល ដីសម្បទានសេដ្ឋកិច្ចចំនួន ៤ នៅតំបន់ព្រៃឡង់ គឺជាជំហានប្តេជ្ញាដំបូងមួយ លើគន្លងអតីតកាល ដែលពោរពេញទៅដោយល្បិចកល ប៉ុន្តែបញ្ហាដែលត្រូវដោះស្រាយ នៅត្រូវការឲ្យមានទៀត ពីមុនពេលដែលរដ្ឋាភិបាល អាចអះអាងថា ខ្លួនបានដោះស្រាយបញ្ហាសម្បទានដីសេដ្ឋកិច្ច។
No comments:
Post a Comment
yes