គំនរឈើហុប ដែលគេកាប់គរទុក នៅកណ្តាលព្រៃ នៃខេត្តរតនគិរី
ត្រូវបានសហគមន៍រកឃើញ កាលពីពេលកន្លងមក។ រូបថត សហការី
ស្ទឹងត្រែងៈឈើប្រណីត ចំនួន ៦៥១ កំណាត់ ស្មើនឹងជាង ១០០ ម៉ែត្រគូប និងគោយន្តចំនួន ៤ គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ស្រុកសេសាន បង្ក្រាបនិងរឹបអូសបាន ពីក្នុងព្រៃជ្រៅស្ថិតនៅក្នុងឃុំចំនួនបី ដែលក្រុមឈ្មួញទុច្ចរិត បានកាប់ និងលាក់ទុក ដើម្បីនាំចេញទៅលក់នៅទីផ្សារដោយខុសច្បាប់។ នេះបើតាមការឲ្យដឹង ពីសមត្ថកិច្ចកាលពីម្សិលមិញ។
លោក អន សំអាត អធិការស្រុកសេសាន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើរយៈពេលមួយ សប្តាហ៍មកនេះ សមត្ថកិច្ចបានរកឃើញ និងរឹបអូសបានឈើប្រណីតចំនួនជាង ៦៥០កំណាត់ និងគោយន្តកែច្នៃចំនួនបួនគ្រឿង ដែលក្រុមឈ្មួញទុច្ចរិត បានកាប់ និងលាក់ទុកនៅក្នុងព្រៃជ្រៅ ស្ថិតក្នុងឃុំចំនួនបី រួមមានឃុំតាឡាត ឃុំស្រែគ និងឃុំផ្ដៅ។
លោកបន្តថា៖«បច្ចុប្បន្នកម្លាំងសមត្ថកិច្ចរបស់យើង កំពុងរកមធ្យោបាយ ដឹកជញ្ជូន ឈើទាំងនោះចេញពីព្រៃ ដើម្បីយកមករក្សាទុកជាទ្រព្យសម្បត្តិរដ្ឋ»។
លោកបន្តថា៖«ដោយភូមិសាស្ត្រនៅតំបន់នោះជាព្រៃស្រោងគ្មាន ផ្លូវ និងជាតំបន់ទឹកលិច ដូច្នេះការដឹកជញ្ជូនឈើទាំងនោះមករក្សាទុកមានការលំបាក»។
លោក រាជ សុខុន ស្នងការនគរបាលខេត្តស្ទឹងត្រែង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិល មិញថា ឈើប្រណីតចំនួនជាង១៨ ម៉ែត្រគូប ក្នុងចំណោមឈើ ទាំងអស់ដែលបានរកឃើញនិងបង្ក្រាបបាន រួមទាំងគោយន្តចំនួនបួនគ្រឿង ត្រូវបានកម្លាំងនគរបាល នាំយកមករក្សាទុកនៅក្នុងសាលាខេត្ត និងកំពុងបន្តធ្វើការដឹកជញ្ជូនឈើ ដែលនៅសេសសល់។
លោកបាននិយាយថា៖«គោយន្តចំនួនបួនគ្រឿងនោះ និងឈើជាង ១៨ ម៉ែត្រគូប ត្រូវបានក្រុមសមត្ថកិច្ចយើង រឹបអូសមករក្សាទុកជាបណ្ដោះអាសន្ន នៅសាលាខេត្ត ហើយយើង កំពុងរកមធ្យោបាយ ដើម្បីស្រង់យកកំណាត់ឈើមួយចំនួនទៀតដែលក្រុមឈ្មួញ បានលាក់ទុកនៅក្នុងទឹក ដែលមានជម្រៅជាង៣ ម៉ែត្រ ជាបន្តទៀត»។ លោកបានបន្ថែមថា៖«ប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើរបស់ យើងនឹងនៅតែបន្ត»។
សកម្មជន សហគមន៍ ការពារព្រៃឈើ បានអះអាងថា បទល្មើសព្រៃឈើ ដែលនៅតែបន្តកើតឡើង រហូតមកដល់សព្វថ្ងៃនេះ ភាគច្រើន មានជាប់ពាក់ព័ន្ធជាមួយនឹងមេព្រៃ និងមន្ត្រីមានសមត្ថកិច្ចដទៃទៀត៕
No comments:
Post a Comment
yes