កម្មករនេសាទសមុទ្រជនជាតិខ្មែរទាំង៨នាក់នេះ ដែលទើបវិល
ត្រលប់មកដល់ស្រុកវិញ។ រូបថត លីកាដូ
កោះកុងៈពលករខ្មែរ ១៧ នាក់ ក្នុងចំណោម ២០ នាក់ ដែលលួចឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅលើទូកនេសាទ ក្នុងប្រទេសថៃ ដោយគ្មានប្រាក់ខែបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីពលករខ្លះ បានបង់ប្រាក់ ១ ពាន់បាត ទៅឲ្យថៅកែថៃ និងមានការជួយអន្តរាគមន៍ពីអាជ្ញាធរកម្ពុជារួចមក។
លោក ចាស់ ជឿន មេឃុំទងត្រឡាច ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាឃុំដែលពលករ ២០ នាក់ បានធ្វើចំណាកស្រុកទៅធ្វើការ នៅលើទូកនេសាទ ក្នុងប្រទេសថៃ ដោយគ្មានប្រាក់ខែ តាមរយៈមេខ្យល់នោះ កាលពីថ្ងៃទី ១១ ខែសីហា បានដាក់ពាក្យប្តឹង សុំការជួយអន្តរាគមន៍ ទៅការិយាល័យ ប្រឆាំងការជួញដូរមនុស្ស ខេត្តកោះកុង ដើម្បីជួយរំដោះពលករទាំងនេះ។
លោក សុខ ម៉ាលី នាយរងការិយាល័យនគរបាល ប្រឆាំងការជួញដូរមនុស្ស ខេត្តកោះកុង បានឲ្យដឹងកាលពីម្សិលមិញថា ពលករទាំង ២០ នាក់ បានត្រឡប់មកជាបន្តបន្ទាប់ដោយខ្លួនឯង មុននិងក្រោយពីមានបណ្តឹងសុំអន្តរាគមន៍ ពីលោកមេឃុំទងត្រឡាច។ ក្នុងនោះ ពលករ ៨ នាក់ ត្រូវបង់លុយឲ្យថៅកែ ថៃ ចំនួន ៨ ពាន់បាត ដើម្បីបានវិលត្រឡប់មកកម្ពុជាវិញ។ មកទល់ពេលនេះ មានពលករ ៣ នាក់ ដែលនគរបាលបានអន្តរាគមន៍ទាក់ទងទៅ មិនព្រមវិលមកវិញទេ ដោយសារគេចង់បន្តធ្វើការជាអ្នកនេសាទ នៅទីនោះទៀត បើទោះបីជាដឹងថា ធ្វើការខុសច្បាប់ក៏ដោយ។
ទោះយ៉ាងណា លោកអះអាងថា នគរបាល បានរកឃើញថា ការបង់លុយឲ្យថៅកែ ដើម្បីបានវិលមកវិញ មិនមែនជាការបង់លោះមនុស្សនោះទេ ប៉ុន្តែជាការសងថ្លៃខ្ចីបុលមុន ដើម្បីទិញសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន។ លោកនិយាយថា ៖ «តាមពិត គាត់ទៅបានតែ ២០ ថ្ងៃ ក៏ត្រឡប់មកវិញ ដូច្នេះថៅកែណា គេបើកលុយឲ្យ ព្រោះធ្វើការមិនទាន់បានមួយខែផង។ សូម្បីតែធ្វើការរដ្ឋ ក៏ត្រូវបើកដាច់ខែដែរ។ ណាមួយ គាត់ខ្ចីលុយគេមុន ដើម្បីទិញបារីជក់ ទិញថ្នាំដុសធ្មេញ។ អ៊ីចឹងគេក៏ឲ្យពួកគាត់បង់លុយសងគេវិញ»។
លោកបន្តថា ករណីពលករទាំង ២០ នាក់នេះ មិនមានបញ្ហាចោទ លើការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចជាធ្វើការលំបាកអ្វីឡើយ តែដោយសារពួកគាត់មិនចេះរស់នៅ ទើបវិលមកវិញ។
លោកបន្តថា ទោះយ៉ាងណា អាជ្ញាធរ មិនគាំទ្រឲ្យមានការលួចឆ្លងដែនទៅធ្វើការនៅក្រៅប្រទេស ដោយខុសច្បាប់ឡើយ ពីព្រោះវាងាយនឹងធ្វើឲ្យមានការរំលោភបំពានផ្សេងៗ។
ប៉ុន្តែលោក ផន ភួង អ្នកនេសាទដែលទើបតែត្រឡប់ពីប្រទេសថៃវិញ និយាយថា លោកនិងអ្នកផ្សេងទៀត មិនបានបើកប្រាក់ខែដែលបានធ្វើការ ២០ ថ្ងៃ នៅប្រទេសថៃនោះទេ ហើយក៏មិនបានខ្ចីបុលប្រាក់ពីថៅកែ ដើម្បីទិញរបស់របរប្រើប្រាស់ផ្ទាល់ខ្លួននោះឡើយ។ លោកបញ្ជាក់ថា ការបង់លុយឲ្យថៅកែ ១ ពាន់បាត ដើម្បីបានវិលត្រឡប់មកស្រុកវិញ ត្រូវថៅកែប្រាប់ថា ជាថ្លៃដែលត្រូវបង់នៅពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។ លោកថា ៖ «យើងមិនដឹងថា ត្រូវគេឲ្យឆ្លងដែនទៅធ្វើការនៅថៃទេ។ ខ្ញុំមិនដែលខ្ចីលុយថៅកែទេ គឺហូបតែបាយនៅលើទូកសុទ្ធសាធ»៕
No comments:
Post a Comment
yes