ភ្នំពេញៈក្រុមអាជីវករលក់ខ្សាច់ ថ្មសំណង់ក្នុងខណ្ឌចំនួនបួនក្នុងរាជធានីភ្នំពេញ បានសម្ដែងនូវក្ដីព្រួយកង្វល់ជាខ្លាំងអំពីការបាត់បង់ប្រាក់ចំណូល និងមុខរបរអាជីវកម្មរបស់ខ្លួន បន្ទាប់ពីសាលារាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃចន្ទ ស្ដីពីការ«បិទទីតាំងអាជីវកម្មលក់ខ្សាច់-ថ្មសំណង់ក្នុងរាជធានីភ្នំពេញ»។
សេចក្ដីជូនដំណឹងនោះ បានតម្រូវឲ្យម្ចាស់អាជីវកម្មលក់ខ្សាច់-ថ្មសំណង់ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និងខណ្ឌទួលគោក ធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ខ្លួនចេញទៅរកទីតាំងថ្មី ចាប់ពីថ្ងៃជូនដំណឹង[ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២] នេះតទៅ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង សោភ័ណ្ឌភាពទីក្រុង ។
សេចក្ដីជូនដំណឹងនោះនៅបានព្រមានទៀតថា អាជ្ញាធរមានសមត្ថកិច្ចនឹងចុះចាត់វិធានការតាមផ្លូវច្បាប់ «បិទទីតាំងអាជីវកម្ម» ក្នុងករណីម្ចាស់ទីតាំងអាជីវកម្មលក់ខ្សាច់-ថ្មសំណង់ទាំងឡាយណា នៅក្នុងខណ្ឌទាំងបួនខាងលើនេះ មិនចូលរួមសហការអនុវត្តន៍តាមសេចក្ដីជូនដំណឹងនេះឲ្យបានល្អប្រសើរទេនោះ។
លោកឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ការដាក់ខ្សាច់ និងថ្មសំណង់នៅលើចិញ្ចើមផ្លូវ មិនគ្រាន់តែធ្វើឲ្យខូចសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាពទីក្រុងប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធលូបង្ហូរទឹកនៅក្នុងទីក្រុង។
លោកឌីម៉ង់បានថ្លែងថា៖«ខ្សាច់ដែលម្ចាស់អាជីវកម្មដាក់នៅលើចិញ្ចើមផ្លូវសាធារណៈ វាអាចហូរចូលទៅកកស្ទះបណ្ដាញលូបង្ហូរទឹក ដែលអាចធ្វើឲ្យមានការជន់លិចផ្លូវមួយចំនួនក្នុងទីក្រុង នៅពេលមានភ្លៀងធំ»។
ទោះជាបែបនេះក្ដី ក្រុមអាជីវករលក់ខ្សាច់-ថ្មសំណង់មួយចំនួនបានលើកឡើងថា ការផ្លាស់ប្ដូរទីតាំងអាជីវកម្ម គឺត្រូវចំណាយពេលវេលានិងថវិការច្រើនបន្ថែមទៀត ដើម្បីរកជួលទីតាំងថ្មី ខណៈអាជីវករផ្នែកនេះមួយចំនួនទៀតដែលមិនទាន់មានភាពប្រកដប្រជាខ្លួនឯងថា នឹងត្រូវធ្វើការផ្លាស់ប្ដូរទីតាំងថ្មីឬយ៉ាងណានោះ បានរអ៊ូរទាំថាពួកគេទំនងជាត្រូវបិទមុខរបរអាជីវកម្មមួយនេះ ហើយចាប់យកមុខរបរថ្មី។
No comments:
Post a Comment
yes