សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 18, 2012

រដ្ឋាភិបាល​កំពុង​រៀប​ចំ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត


ភ្នំពេញ​៖ ក្នុង​ខណៈ​ដែល​ចំនួន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​មានការ​កើន​ឡើង​យ៉ាង​ច្រើន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋាភិបាល​មានការ​ព្រួយបារម្ភ​ក៏បាន​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​សម្រាប់​គ្រប់គ្រង​ប្រព័ន្ធ អ៊ីនធឺណិត​ដើម្បី​ដាក់​កំហិត​ការផ្សាយ​ព័ត៌មាន​ណា​ដែល​រដ្ឋាភិបាល​យល់ថា ប្រាសចាក​ការណ៍​ពិត និង​អាច​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅដល់​សន្តិសុខ​សង្គមជាតិ​។

របាយការណ៍​មួយ​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​បាន​កើន​ដល់​១,៦៨​លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០១១ បើ​ប្រៀបធៀប​ទៅ​ឆ្នាំទៅ​មាន​ត្រឹមតែ ៣​សែន​២​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ រីឯ​របាយការណ៍​ខ្លះ​របស់​ក្រុមហ៊ុន​តាមដាន​បណ្ដាញ​អ៊ីនធឺណិត​បញ្ជាក់​ថា អ្នក​ប្រើប្រាស់​កម្ពុជា​មាន​ប្រហែល​៣,១​ភាគរយ​ប៉ុណ្ណោះ​។​

រដ្ឋាភិបាល​បាន​ចាប់ផ្ដើម​ធ្វើ​សេចក្ដី​ព្រាង​មួយ​នេះ​អស់​រយៈពេល​ជាង​មួយ ឆ្នាំ​មក​ហើយ​ដោយ​ប្រមូល​ឯកសារ និង​បទពិសោធន៍​ពី​បណ្ដា​ប្រទេស​នានា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឈុន វ៉ាត អគ្គ​លេខា​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា ដែល​ហៅ​កាត់​ថា (NiDA) ប៉ុន្តែ​មិន​បញ្ជាក់​ថា​ពេលណា​នឹង​រួចរាល់​ទេ​។​

ការ​ពិត​ទៅ​សេចក្ដី​ព្រាង​ច្បាប់​នេះ និង ផ្ដោត​សំខាន់​លើ​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។ យើង​កំពុង​ធ្វើការ​សិក្សា​ច្បាប់​នេះ​ដោយ​ប្រមូល​យក​ឯកសារ​និង​បទពិសោធន៍ ពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​ក្នុង​តំបន់​ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្កើត​សេចក្ដី​ព្រាង​បឋម​មួយ​។​
ទាក់ទិន​ទៅ​នឹង​ច្បាប់​នេះ​ការ​បង្កើត​ច្បាប់​អ៊ីនធឺណិត​នេះ​គឺ​វា​ពិត​ជា​មាន​សារៈសំខាន់​ដើម្បី​ឈាន ទៅ​ដល់​ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​ដ៏​ល្អ​ប្រសើរ ហើយ​ប្រឆាំង​នឹង​បទល្មើស​នៅ​លើ​បណ្ដាញ​មួយ​នេះ ដែល​ប្រទេស​ផ្សេងៗ​ដូចជា បណ្ដា​ប្រទេស​នៅ​សហភាព​អឺរ៉ុប សិង្ហបុរី និង​ម៉ាឡេស៊ី ដែល​មាន​ច្បាប់​នេះ​ហើយ​។​
នៅ​ពេល​ដែល​ច្បាប់​អ៊ីនធឺណិត​ស្ថិត​ក្នុង​ដំណើរការ​ព្រាង​នោះ អ្នកប្រើប្រាស់​អ៊ីនធឺណិត​សង្គម​ស៊ីវិល និង​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រឆាំង​បាន​សម្ដែង​ការ​ព្រួយបារម្ភ​របស់​ពួកគាត់​អំពី​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​លើ​អ៊ីនធឺណិត​។​
អ៊ីនធឺណិត​វា​ប្រៀប​ដូចជា​បាយ​អញ្ចឹង ដែល​មាន​សារៈសំខាន់ ដើម្បី​អភិវឌ្ឍ​ខ្លួនឯង និង​សង្គម​ក៏​ដូចជា​ប្រទេសជាតិ​ពីព្រោះ​អ្វីៗ​ទាំងអស់​វា​នៅ​លើ អ៊ីនធឺណិត​។ ប្រសិនបើ​យើង​ចង់​សិក្សា​ទំនាក់​ទំនង​ជាមួយ​មិត្តភ័ក្ដិ ឬក៏​ធ្វើ​អ្វី​ផ្សេងៗ​យើង​ត្រូវការ​ប្រព័ន្ធ​អ៊ីនធឺណិត​។​
ជា​ការ​ព្រួយបារម្ភ​មួយ​ប្រសិនបើ​ច្បាប់​អ៊ីនធឺណិត​នេះ បង្កើត​ឡើង​ដើម្បី​ធ្វើការ​រឹតត្បិត​ការ​បញ្ចេញមតិ និង​ទទួល​ព័ត៌មាន​នោះ​ពីព្រោះ​ អ្នកប្រើប្រាស់​អ៊ីនធឺណិត​បាន​កើន​ឡើង​ជាច្រើន​។ អ្នកប្រើប្រាស់​អ៊ីនធឺណិត ហ្វេសប៊ុក ទ្វិតទ័រ និង​ប្លុក​បាន ក្លាយ​ជា​អ្នកយកព័ត៌មាន​ប្រជាជន​ទៅ​ហើយៗ​ពួកគាត់​បាន​បិទ​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​ដែល​គាត់​ចង់បាន ប្រសិនបើ​មានការ​រឹតត្បិត​មួយ​នោះ ពួកគេ​នឹង​ក្រោក​ឡើង​តវ៉ា​។ ប្រសិនបើ​មានការ​បង្កើត​ព័ត៌មាន​ជាច្រើន ហើយ​ទៅ​យើង​បិទ​ហ្វេសប៊ុក តើ​ប្រទេស​កម្ពុជា​នឹង​ទៅជា​អ្វី​ទៅ​?​។​
កាលពី​ឆ្នាំទៅ​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា អ៊ីនធឺណិត​ទាំងនោះ​បិទ​គេហទំព័រ​ប្លុក​មួយ​មាន​ឈ្មោះថា​ខេអាយមេឌា (KI Media) ដែល​មាន​និន្នាការ​គាំទ្រ​គណបក្សប្រឆាំង មិន​ឲ្យ​មើល​ឃើញ​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ជាច្រើន​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​។​
បណ្ដាញ​ទូរទស្សន៍ និង​វិទ្យុ​ភាគច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​គ្រប់គ្រង ដែល​ធ្វើ​ឱ្យ​អ៊ីនធឺណិត​ក្លាយ​ជា​មធ្យោបាយ​តែមួយគត់​សម្រាប់​អ្នក​ដែល រងគ្រោះ​ពី​ការ​រំលោភបំពាន​នានា​បញ្ចេញ​ទស្សនៈ​របស់​គេ​បាន​បើ​ទោះ​បី​ជា អ្នក​ដែល​ប្រើប្រាស់​ក្នុងស្រុក​នៅ​មិនទាន់​ទូលំទូលាយ​ក៏ដោយ​។​
កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​គេហទំព័រ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ និង​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ក្រុមហ៊ុន​ស្ករស​នៅ​ខេត្ត​ចំនួន​បី ត្រូវ​បាន​បើក​បង្ហាញ​ដល់​សាធារណជន ។​
គេហទំព័រ​មួយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ស្ករ​ប្រឡាក់​ឈាម​» ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ឈប់​ប្រើ​ស្ករស​ដែល​នាំ​ចេញទៅ​សហភាព​អឺរ៉ុប​ពី​រោងចក្រ​ស្ករស​ទាំងនេះ ដែល​បាន​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង។​
លោក​ជាម យៀប ប្រៀបធៀប​អ៊ីនធឺណិត​ដូចជា​កាំបិត ដែល​មាន​មុខ​ពីរ​ដូច្នោះ​ដែរ​ដែល​ប្រើប្រាស់​សម្រាប់​ទទួល​ព័ត៌មាន​សម្រាប់ ប្រជាពលរដ្ឋ​ទាំងអស់​នៅ​លើ​សកលលោក ប៉ុន្តែ​ក៏​មាន​ផល​អាក្រក់​ដល់ វប្បធម៌ ការអប់រំ និង​ផ្នែក​ផ្សេងទៀត​។ ក្នុងនាម​ខ្ញុំ​គឺជា​តំណាងរាស្ត្រ​មួយ​រូប ខ្ញុំ​សូម​ធ្វើការ​គាំទ្រ​ដល់​សេចក្ដី​ព្រាង​ច្បាប់​នេះ ព្រោះថា​យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​អាច​មាន​ច្បាប់​មួយ​ដែល​ជួយ​ជំរុញ​ឲ្យ​មានការ​គ្រប់គ្រង​មួយ​ដ៏​ល្អ ដើម្បី​ជៀសវាង​ការប្រើប្រាស់​អ៊ីនធឺណិត​នៅ​ក្នុង​ផ្លូវ​ខុស​គន្លង​ប្រពៃណី ដែល​អាច​នាំ​ឲ្យ​មានការ​រំលោភច្បាប់ និង​សិទ្ធិ​របស់​អ្នកដទៃ​។ ឧទាហរណ៍​ដូចជា​ការ​ដាក់​ផ្សាយ​រួប​ភាព​អាសអាភាស​នៅ​ក្នុង​ហ្វេសប៊ុក​ជាដើម​។ ដូច្នេះ​យើង​ត្រូវការ​ច្បាប់​មួយ​ដើម្បី​គ្រប់គ្រង​វា។​
បណ្ដាញ​សង្គម​ក្នុង​អ៊ីនធឺណិត​ដែល​មាន​ដូចជា ហ្វេសប៊ុក (Facebook) ទ្វីតធ័រ (Twitter) និង យូធូប(YouTube) ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​យុវជន​ក្នុង​ការ​ប្រមូល​ផ្ដុំ​គ្នា​ចេញ​មក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អា​រ៉ាប់​ដែល គេ​ហៅ​ឈ្មោះថា «​បដិវត្តន៍​រដូវ​ផ្កា​រីក​អា​រ៉ាប់​» ហើយ​បាន​ទម្លាក់​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​។ រីឯ​នៅ​កម្ពុជា​សកម្មជន​សេរីភាព​អ៊ីនធឺណិត​មួយ​ចំនួន​អះអាង​ថា ក្រុម​អ្នកប្រើប្រាស់​អ៊ីនធឺណិត​បាន​ចែកចាយ​ព័ត៌មាន​ស្ដីពី​ការរំលោភ សិទ្ធិមនុស្ស ការ​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ និង​អំពើពុករលួយ​ជាដើម​៕

No comments:

Post a Comment

yes