វៀតណាម៖ ភ្នាក់ងារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍ថា វៀតណាមបានដាក់ពង្រាយទាហានប្រមាណ ២០,០០០ នាក់ដើម្បីជួយធ្វើការបង្គាប់ និងចាប់ផ្ដើមជម្លៀសប្រជាពលរដ្ឋរស់នៅក្នុងតំបន់នៅពេលដែលខ្លួនទទួលរងនូវឥទ្ធិពលព្យុះ កៃតាក់ ដែលបណ្ដាលឲ្យមានការបាក់ដីកាលពីថ្ងៃសុក្រ ។ អនុប្រធាននៃនាយកដ្ឋានគ្រប់គ្រងទឹកជំនន់ និងព្យុះក្នុងខេត្ត ហ្វ័ងនីញ និយាយថា ទូកប្រមាណ ១១,០០០ គ្រឿងដោយរួមបញ្ចូលទាំងទូករបស់អ្នកទេសចរណ៍ដែលប្រើនៅឯតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ហាឡុង ប្រមាណ ៥៧៥ គ្រឿង ផងដែរនោះត្រូវបានបង្គាប់ឲ្យស្ថិតនៅជិតគោកជានិច្ច ។
លោក ងើយ កុងធួញ និយាយប្រាប់ AFP ថា «ទីក្រុង ម៉ុងកៃ ដែលស្ថិតនៅជាប់ព្រំដែនប្រទេសចិន នឹងទទួលរងការវាយប្រហារដោយចំៗដោយសារព្យុះ ហើយប្រជាជនដែលរស់ នៅតាមតំបន់ដែលជាផ្លូវរបស់ផ្ទុះធ្វើដំណើរមកត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព»។ មុនពេលដែលចាកចេញពីប្រទេសហ្វីលីពីន ព្យុះ កៃតាក់ បានបក់បោកយ៉ាងខ្លាំងទៅលើកោះ លូហ្សុន និងតំបន់ដទៃទៀតនៅភាគខាងជើងដោយបានសម្លាប់មនុស្សចំនួន ៤ នាក់ ។ អ្នកព្យាករណ៍អាកាសធាតុក្នុងប្រទេស វៀតណាម និយាយថា ព្យុះនេះនឹងនាំមកជាមួយកម្លាំងខ្យល់រហូតទៅដល់ ១៣៣ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ។
សារព័ត៌មានរបស់វៀតណាមនិយាយថា ទាហានចំនួន ២០,០០០ នាក់ ឧទ្ធម្ភាគចក្រ ៨ គ្រឿង ទូកសង្គ្រោះ ៧២ គ្រឿង យានយន្ត ៤០០ គ្រឿង និងទូកចែវចំនួន ១,០០០ ទូកត្រូវបានដាក់បម្រុងដើម្បីដើម្បីសង្គ្រោះនៅពេលមានឧបទ្ទវហេតុណាមួយកើតមានឡើង ។ គួរ បញ្ជាក់ថា ជាមធ្យមប្រទេស វៀតណាម បានទទួលរងនូវឥទ្ធិពលព្យុះចំនួនពី ៨ ទៅ ១០ ជារៀងរាល់ឆ្នាំដែលបណ្ដាលឲ្យមានការខាតបង់ជាច្រើននិងសម្លាប់ជីវិតមនុស្ស ផងដែរ ៕
No comments:
Post a Comment
yes