ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ អាជ្ញាធរខណ្ឌ៧មករា បានចុះទៅបិទផ្សារ សំពៅមាស ជាថ្មីម្ដងទៀត ហើយបានដាក់ឱសានវាទ ត្រឹម០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែសីហា តម្រូវឲ្យក្រុម អាជីវករទាំង អស់ ចាំបាច់ត្រូវតែរុះរើផ្សារនេះ ជាកំហិត ប្រសិនបើក្រុមអាជីវករ មិនព្រមរុះរើ តូបលក់ម៉ូតូទាំងអស់នោះចេញទេ គណៈកម្មការចម្រុះ សាលាខណ្ឌ៧មករា នឹងចុះទៅធ្វើការរុះរើចេញ ដោយពុំទទួលខុសត្រូវ លើការខូចខាត ឫបាត់បង់សម្ភារៈឡើយ។
បើតាមសេចក្ដីជូនដំណឹងលេខ ២១.សជណ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ចុះហត្ថលេខា ដោយលោក សោម សុវណ្ណ អភិបាលខណ្ឌ៧មករា ដែលបានបិទផ្សាយនៅជញ្ជាំង របងផ្សារ សំពៅមាស។ នៅក្នុង ខ្លឹមសារនៃការបិទនេះ បានបញ្ជាក់ទៀតថា គឺធ្វើឡើង យោងតាមលិខិតលេខ ៧២៥ ឆត.អវិ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ ចុះហត្ថលេខា ដោយលោក កែប ជុតិមា អភិបាល រាជធានីភ្នំពេញ ដោយបញ្ជាក់ថា ចំពោះ ការធ្វើអាជីវកម្មលក់ ទិញ ម៉ូតូ របស់លោក លោកស្រី ដែលមានទីតាំង លើដីឡូត៍ខាងលើនេះ សាលារាជធានី មិនអនុញ្ញាតជូនទេ ព្រោះទីតាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈ និងសោភណ័ភាព រាជធានីភ្នំពេញ។
ការបិទផ្សារសំពៅមាស ទាំងចម្រូងចម្រាស ដែលបានបើកធ្វើអាជីវកម្ម អស់រយៈពេល ១១ឆ្នាំ ហើយ នាំឲ្យ ក្រុមម្ចាស់ដីឡូត៍ និងអាជីវកររាប់សិបនាក់ បាននាំគ្នាចេញមកតវ៉ា ដោយមានកាន់ទាំងបដា សរសេរនូវពាក្យ សុំជួយរកយុត្ដិធម៌ ជាមួយនិងកាន់រូបថត សម្ដេចតេជោ និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ផងដែរ ដើម្បីសុំ អន្ដរាគមន៍រកយុត្ដធម៌ ហើយពួកគេបានចោទអាជ្ញាធរ ខណ្ឌ៧មករា ថា ឃុបឃិតគ្នាជាមួយឈ្មួញ ដើម្បី បណ្ដេញពួកគាត់ឲ្យទៅលក់កន្លែងផ្សេង ដែលមានតម្លៃតូប ឫស្ដង់ថ្លៃ ហើយពួកគាត់ មិនអាចរក ទទួលទានបាន។
ទាក់ទងដល់ការចោទប្រកាន់នេះ លោក ស៊ូ សារ៉ា អធិការរងនគបាលខណ្ឌ៧មករា ដែលដឹកនាំ សមត្ថកិច្ច ចុះបិទផ្សារសំពៅមាស កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១២ បានថ្លែងប្រាប់ ភ្នាក់ងារដើមអម្ពិល តាម ទូរស័ព្ទថា "សមត្ថកិច្ចបានត្រឹមអនុវត្ដន៍តាមបទបញ្ជា របស់សាលា រាជធានីភំពេញ ប៉ុណ្ណោះ សមត្ថកិច្ចថ្នាក់ ក្រោមបានត្រឹមអនុវត្ដន៍តួនាទីខ្លួន ហើយការសម្រេចបិទនេះ អាជ្ញាធរតាមរយៈ សាលារាជធានី បានជូនដំណឹងចំនួន០២លើក រួចមកហើយ មុនសម្រេចចុះបិទ" ។
លោកអធិការរងបន្ដថា ជាគោលការណ៍ សាលារាជធានី តម្រូវឲ្យម្ចាស់ដីឡូត៍ផ្សារសំពៅមាស ទាំងបីម្ចាស់ ត្រូវធ្វើការ កែលម្អសោភណ័ភាពផ្សារ បរិស្ថាន អនាម័យ និងសន្ដិសុខ សណ្ដាប់ធ្នាប់ បានត្រឹមត្រូវ។ ហើយគោលការណ៍តម្រូវឲ្យម្ចាស់ដីឡូត៍ធ្វើពាក្យសុំទៅកាន់សាលាសង្កាត់ សាលាខណ្ឌ រហូតដល់ សាលា រាជធានីភ្នំពេញ ទាល់តែមានការសម្រេចឲ្យបើក ទើបចាត់ទុកថា ផ្សារនេះ មានច្បាប់ទម្លាប់ត្រឹមត្រូវ។
ទោះជាយ៉ាងនេះក៏ដោយ ក្រុមម្ចាស់ដីឡូត៍ សម្ដែងការមិនសុខចិត្ដ ហើយបានស្វះស្វែងរក សេវាច្បាប់ ដើម្បីការពារការតវ៉ារបស់ពួកគាត់ ហើយនៅតែចោទប្រកាន់ថា អាជ្ញាធរខណ្ឌ៧មករា ឃុបឃិត ជាមួយឈ្មួញ និងអ្នកមានអំណាចបំផ្លាញឆ្នាំងបាយ របស់ពួកគាត់តែប៉ុណ្ណោះ។ បងប្អូនអាជីវករ និងម្ចាស់ដីឡូត៍ បានសម្ដែង ការលំឱនកាយគោរព ដល់សម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត សូមមេត្ដាជួយ អន្ដរាគមន៍ ដល់ពួកគាត់ បានប្រកបរបររកស៊ីដូចធម្មតាឡើងវិញ ព្រោះទីនេះជាឆ្នាំងបាយ ទៅហើយសម្រាប់រក ទទួល ទានប្រចាំថ្ងៃ បើអត់ពីការលក់ដូរទៅ មិនត្រឹមតែ អាណាព្យាបាលទេ សូម្បីតែកូនៗនៅផ្ទះ ខ្លះកំពុងរៀនសូត្រ ច្បាស់ជាជួបវិបត្ដិជីវភាពជាមិនខាន ដូច្នេះមានតែសម្ដេច និងលោកជំទាវទេ ដែលដឹងពីសុខទុក្ខ ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ៕
No comments:
Post a Comment
yes