សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 20, 2012

អ្នក​ជំងឺ​ខ្លះ​ត្អូញត្អែរ​អំពី​សេវា​ព្យាបាល​របស់​គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ


តាម​ខេត្ត​ក្រុង​នានា ក្នុង​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​មាន​មន្ទីរ​ពហុ​ព្យាបាល និង​គ្លីនិក​ឯកជន ជា​ច្រើន​កន្លែង កំពុង​រីក​ដុះ​ដាល​យ៉ាង​ឆាប់​រហ័ស នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។
អ្នក​បើក​សេវា​សុខាភិបាល​ឯកជន​ទាំង​នោះ​ភាគ​ច្រើន គឺ​ដោយ​ក្រុម​គ្រូពេទ្យ​ខ្មែរ ជា​អ្នក​បម្រើ​ការ​នៅ​តាម​មន្ទីរពេទ្យ​សាធារណៈ​របស់​រដ្ឋ និង​មួយ​ចំនួន​ទៀត ជា​របស់​ជនបរទេស ដែល​មក​បើក​រក​ស៊ី​នៅ​ស្រុក​ខ្មែរ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​រដ្ឋ​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​អ្នក​ជំងឺ ដែល​រត់​ទៅ​រក​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​របស់​រដ្ឋ។
តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ?
មន្ត្រី​សុខាភិបាល ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​សុខាភិបាល បាន​នាំ​គ្នា​បើក​សេវា​ព្យាបាល​ឯកជន និង​ទីតាំង​លក់​ឱសថ មាន​សន្ទុះ​កាន់​តែ​ច្រើន​ឡើង​នៅ​កម្ពុជា។ កំណើន​នេះ ដោយសារ​ពួក​គេ​នាំ​គ្នា​ធ្វើ​តាម​តម្រូវការ​សង្គម និង​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ជាង​ប្រាក់​ខែ​ពី​រដ្ឋ ដែល​ពួក​គេ​អាច​ទទួល​បាន​តិច ឬ​ច្រើន តាម​ឋានៈ​តួនាទី​ក្នុង​មុខ​តំណែង។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថ្លែង​ថា ប្រាក់​ខែ​តិច និង​សេចក្ដី​ត្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នេះ​ហើយ ដែល​ជា​ហេតុ នាំ​ឲ្យ​មាន​ការ​នាំ​គ្នា​ទៅ​បើក​សេវា​សុខាភិបាល​ឯកជន។ ការ​រីក​ដុះ​ដាល​នៃ​សេវា​សុខាភិបាល​ឯកជន​នេះ បាន​ធ្វើ​ក្រុម​គ្រូ​ពេទ្យ​របស់​រដ្ឋ កាត់​បន្ថយ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ចំពោះ​អ្នក​ជំងឺ ដែល​ភាគ​ច្រើន​ជា​អ្នក​ក្រីក្រ ពុំ​មាន​ធនធាន​នាំ​គ្នា​រត់​ទៅ​រក​សេវា​សុខាភិបាល​សាធារណៈ​របស់​រដ្ឋ។
សំឡេង៖ «ប្រជាពលរដ្ឋ ដែល​គាត់​អត់​មាន​លុយ​កាក់ គាត់​ទៅ​ពេទ្យ​ធំ (ពេទ្យ​បង្អែក)។ ប៉ុន្តែ ដោយ​សារ​ពេទ្យ​រដ្ឋ បើក​ជា​គ្លីនិក​ឯកជន អ៊ីចឹង​សេវាកម្ម នៅ​ក្នុង​មន្ទីរ​ពេទ្យ​ធំ​ហ្នឹង​គឺ​អត់​ល្អ ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ជំងឺ រត់​ទៅ​គ្លីនិក​ឯកជន។ គ្លីនិក​ហ្នឹង​មាន​ការ​ថែ​រក្សា​ស្រួល​បួល​ជាង​សំដី​សំដៅ របស់​គ្លីនិក មិន​ដូច​នៅ​ពេទ្យ​រដ្ឋ​ទេ។ ខ្ញុំ​គិត​ថា ការ​បើក​គ្លីនិក​របស់​មន្ទីរពេទ្យ​របស់​គ្រូពេទ្យ​ហ្នឹង គឺ​វា​ជះ​ឥទ្ធិពល​ជាមួយ​សេវាកម្ម​រដ្ឋ ពេល​គាត់​មាន​ឯកជន​ផង ការងារ​រដ្ឋ​ផង ពេល​ខ្លះ​គាត់​គិត​ពី​មុខរបរ​ខ្លាំង​ជាង​ អ៊ីចឹង​គាត់​អត់​សូវ​ខ្វល់​ពី​ការងារ​រដ្ឋ​ទេ»។
ក្រុម​គ្រូពេទ្យ និង​មន្ត្រី​សុខាភិបាល បាន​ដឹង​យ៉ាង​ច្បាស់​ថា នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ទាំង​ថ្ងៃ​ទាំង​យប់ មាន​អ្នក​ជំងឺ​រាប់​ពាន់​នាក់ បាន​សម្រុក​ទៅ​រក​ការ​ព្យាបាល នៅ​ពេល​អ្នក​ជំងឺ​កើត​មាន​ភាព​អាសន្ន​ផ្សេងៗ។ កត្តា​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ កាត់​បន្ថយ​ការ​យក​ចិត្ត​ទុក ដោយសារ​អ្នក​ជំងឺ​ពុំ​សូវ​មាន​លុយកាក់ និង​ម្យ៉ាង​ទៀត ពួក​គេ​ចង់​ឲ្យ​អ្នក​ជំងឺ រត់​ទៅ​ទទួល​សេវា​ព្យាបាល នៅ​តាម​គ្លីនិក​ឯកជន​របស់​ខ្លួន ជាង​ការ​ផ្ដល់​សេវា​ព្យាបាល​ជូន​អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរ។ ឈរ​លើ​ហេតុផល​នេះ គេ​មើល​ឃើញ​ថា គ្រូពេទ្យ​មាន​ការ​រើសអើង​ចំពោះ​អ្នក​ជំងឺ នៅ​តាម​មន្ទីរ​ពេទ្យ​របស់​រដ្ឋ ហើយ​បាន​អនុវត្ត​ផ្ទុយ​ពី​ការ​គោរព​ក្រម​សីលធម៌​គ្រូពេទ្យ​ថែម​ទៀត។
កញ្ញា សៀង កែវ រស់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ បាន​រៀបរាប់​ពី​បទ​ពិសោធន៍​របស់​នាង អំពី​ភាព​សោះ​អង្គើយ និង​ការ​រើសអើង​របស់​គ្រូពេទ្យ នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក​របស់​រដ្ឋ។ ដោយសារ​តែ​បញ្ហា​នេះ នៅ​ពេល​នាង​កើត​មាន​ជំងឺ នាង​សម្រេច​ចិត្ត​រត់​ទៅ​រក​សេវា​សុខាភិបាល​ឯកជន​មួយ នៅ​ក្រុង​ប៉ោយប៉ែត។ ប៉ុន្តែ​នាង​ថា ពេទ្យ​ឯកជន​នោះ​ពុំ​មាន​ជំនាញ​ច្បាស់លាស់ ហើយ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស ក៏​ឱ្យ​ថ្នាំ​លេប ដែល​ធ្វើ​ឲ្យ​នាង​រក​កល​ចង់​ដាច់​ខ្យល់​ដួល​សន្លប់​ថែម​ទៀត។
កញ្ញា សៀង កែវ៖ «ពេល​អេកូ​មើល​ទៅ ខ្ញុំ​រលាក​តម្រង​នោម។ ស្រាប់​តែ​គាត់​វ៉ៃ​ថ្នាំ​ឲ្យ​ខ្ញុំ​ពេល​ខ្ញុំ​លេប​ថ្នាំ​ហ្នឹង​ធ្វើ​ទុក្ខ​ទន់​ដៃ​ ទន់​ជើង​ជិត​សម្លប​ ដល់​ពេល​ទៅ​សួរ​គាត់​វិញ​។ គាត់​ថា​ថ្នាំ​ហ្នឹង​ធ្វើ​ទុក្ខ​តែ​អញ្ចឹង​ លេប​ទៅ​អ្នក​ណា​ក៏​ធ្វើ​ទុក្ខ​អញ្ចឹង​ដែរ​ សូម្បី​តែ​គេ​មាន​ជំងឺ​ផ្សេង​ក៏​ធ្វើ​ទុក្ខ​អញ្ចឹង​ដែរ ​ខ្ញុំ​សួរ​មូលហេតុ​អី​បាន​ថ្នាំ​ហ្នឹង​ លេប​ទៅ​ធ្វើ​ទុក្ខ​ លើស​ដើម​អញ្ចឹង​។ គាត់​ថា យក​ថ្នាំ​កម្លាំង​មួយ​បន្ទះ​ទៅ​ទៀត​ទៅ​ដល់​ពេល​លេប​ថ្នាំ​ហ្នឹង​ហើយ​នៅ​តែ​អញ្ចឹង​ខ្ញុំ​ទៅ​សួរ​គាត់​ម្ដង​ទៀត​។​ គាត់​ថា​អញ្ចឹង​ទាល់​តែ​ថែម​សេរ៉ូម​មួយ​កំប្លោក​ទៀត​ ទៅ​សូម្បី​តែ​ថ្នាំ ​គាត់​លក់​ លើស​តម្លៃ​ទីផ្សារ​ទាំង​អស់​»។
នៅ​មន្ទីរ​ពេទ្យ​បង្អែក​របស់​រដ្ឋ​វិញ ក្រុម​គ្រូពេទ្យ​មាន​ការ​រើសអើង​ចំពោះ​អ្នកជំងឺ ដោយសារ​តែ​អ្នក​ជំងឺក្រីក្រ​ពុំ​មាន​ថវិកា​បង់​ទៅ​ឲ្យ​គ្រូពេទ្យ។ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ឈ្មោះ ផាន់ សុភាន់ អាយុ ៣៣ ឆ្នាំ រស់​នៅ​ភូមិ​អូរ​នាង សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ។ ដោយ​សារ​តែ​គាត់​ក្រីក្រ​ពុំ​មាន​លុយ ចំណាយ​លើ​ថ្លៃ​វះកាត់​បង្កើត​កូន ក្រុម​គ្រូពេទ្យ​បាន​បង្ខំ​បូម​កូន​ចេញ​ពី​ផ្ទៃ​ពោះ​ម្ដាយ​ប៉ោង​ក្បាល​ទារក​រហូត​ដល់​កូន​នោះ​ស្លាប់។
សាក្សី​ដឹង​រឿង​នេះ​បាន​ចាត់​ទុក​ថា នេះ​ជា​ទង្វើ​អសីលធម៌​មួយ​របស់​គ្រូពេទ្យ ចំពោះ​អ្នក​ជំងឺ៖ «ពេទ្យ​របស់​រដ្ឋ​ហ្នឹង មាន​បញ្ហា​ច្រើន​ណាស់។ អ្នក​ខ្លះ​ស្លាប់។ ច្រើន​ដង​ហើយ ដោយសារ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​អី​ក្រុម​គ្រូពេទ្យ​ទាំង​ហ្នឹង គាត់​រវល់​តែ​មក​បង្កើត​គ្លីនិក​ផ្ទាល់​ខ្លួន​របស់​គាត់ ហើយ​អ្នក​ក្រី​ក្រ  អត់​មាន​លុយ​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ទេ ទៅ​ព្យាបាល​នៅ​ពេទ្យ​រដ្ឋ។ អ៊ីចឹង​ពេទ្យ​រដ្ឋ អត់​យក​ចិត្ត​ទុក​ដាក់​ទៀត។ មិន​មែន​តែ​មួយ​ករណី​ទេ។ និយាយ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប្រជាពលរដ្ឋ​ មាន​ការ​ព្រួយបារម្ភ ពេល​ឃើញ​ស្លាប់​ជា​បន្ត​បន្ទាប់ ហើយ​គិត​តែ​ពី​រវល់​មក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន»។
អ្នក​ទាក់​ទាញ​​មតិ​គាំទ្រ​សិទ្ធិ​ស្ត្រី ​នៃ​អង្គការ លីកាដូ កញ្ញា ចាប់ សុចិន្ដា ថ្លែង​ថា លំហូរ​គ្រូពេទ្យ​រដ្ឋ​ជា​ច្រើន ដែល​បាន​នាំ​គ្នា​ទៅ​បើក​អាជីវកម្ម​ឯកជន ដូចជា​ពហុ​ព្យាបាល គ្លីនិក​ឯកជន​នេះ បាន​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ចំពោះ​ការ​ទទួល​ត្រូវ​របស់​ក្រុម​គ្រូពេទ្យ ដែល​ត្រូវ​ផ្ដល់​សេវា​មើល​ថែទាំ​អ្នក​ជំងឺ​នៅ​តាម​មន្ទីរ​ពេទ្យ​សាធារណៈ​របស់​រដ្ឋ។ គ្រូ​ពេទ្យ​ខ្លះ​ពុំ​គោរព​ក្រមសីលធម៌​របស់​ខ្លួន​ទេ។ ពួក​គេ​បាន​ ព្យាបាល​អ្នក​ជំងឺ​តាម​របៀប​ចិញ្ចឹម​ជំងឺ ដើម្បី​ប្រមូល​លុយ​ឲ្យ​បាន​ច្រើន។
កញ្ញា ចាប់ សុចិន្ដា៖ «ជំងឺ ដែល​គាត់​ត្រូវ​ព្យាបាល​រយៈ​ពេល​ខ្លី​ជា គាត់​ចាក់​ថ្នាំ​ពន្យារ ​ឲ្យ​បាន​យូរ​ ដើម្បី​ឲ្យ​បាន​ចំណេញ​ច្រើន (ចិញ្ចឹម​ជំងឺ)។ ដូច​ករណី​មួយ កាល​ពី​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​បន្ទាយ​មានជ័យ បងប្អូន​នៅ​កន្លែង​ខ្ញុំ គាត់​ឈឺ​ក្រពះ គាត់​ចូល​ទៅ​ពេទ្យ។ ពេទ្យ​ថា ពោះ​វៀន​គាត់​ដុះ​ខ្វែង វះ​គាត់។ ដល់​ពេល​ក្រោយ ឈឺ​ពោះ​ទៅ​ពេទ្យ​ហ្នឹង​ទៀត វះ​មួយ​សារ​ទៀត។ ដល់​ពេល​លើក​ទី ៣ គាត់​អត់​ទុក​ចិត្ត។ អ៊ីចឹង​ទៅ​គាត់​ទៅ​ពិនិត្យ​នៅ​ពេទ្យ ​នៅ​ភ្នំពេញ គេ​ថា គាត់​គ្រាន់​តែ​ឈឺ​ក្រពះ ការ​វះ​ពីរ​ថេរ​កាល​មុន គ្រាន់​តែ​វះ​ហើយ​ដេរ​ជិត​ទៅ​វិញ»។
ស្ថានភាព​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​មាន​លំហូរ អ្នក​មាន​ធនធាន​រត់​ទៅ​រក​សេវា​សុខាភិបាល​ឯកជន ហើយ​មិន​ចង់​ទៅ​ទទួល​សេវា​ព្យាបាល នៅ​មន្ទីរពេទ្យ​របស់​រដ្ឋ​នោះ បាន​ធ្វើ​អោយ​ក្រុម​គ្រូ​ពេទ្យ និង​មន្ត្រី​សុខាភិបាល​ភាគ​ច្រើន ងាក​ទៅ​រក​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ធ្វើ​អាជីវកម្ម​ឯកជន​របស់​ខ្លួន ជាង​ ការ​បំពេញ​តួនាទី ដែល​រដ្ឋ​បាន​ប្រគល់​ឲ្យ។
ក្រុម​មន្ត្រី​សុខាភិបាល ដែល​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​បើក​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន ភាគ​ច្រើន​បាន​បដិសេធ ពុំ​ផ្ដល់​អត្ថាធិប្បាយ​បែប​ណា​ទេ ជុំ​វិញ​ចំណុច​អវិជ្ជមាន​ទាំង​នេះ។
ការ​ព្យាបាល​អ្នកជំងឺ​ស្លាប់​នៅ​តាម​មន្ទីរ​ពេទ្យ​របស់​រដ្ឋ និង​អ្នក​ជំងឺ​ស្លាប់ នៅ​គ្លីនិក​ឯកជន ជា​ពិសេស ស្ត្រី​ជា​ម្ដាយ និង​ទារក​ស្លាប់​នៅ​ក្រោយ​ការ​សម្រាល​នោះ បាន​កើត​មាន​ជា​បន្ត​បន្ទាប់។ ករណី​នេះ ត្រូវ​បាន​ម្ចាស់​គ្លីនិក​ព្យាយាម​រត់​ការ​បិទបាំង មិន​ឲ្យ​បែក​ធ្លាយ​ជា​សាធារណៈ ដើម្បី​ការពារ​កុំ​ប៉ះពាល់​ដល់​កិត្តិយស នៃ​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន។
មាន​គ្លីនិក​ឯកជន​មួយ​ចំនួន បាន​បើក​ធ្វើ​អាជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់។ សេវា​ព្យាបាល​ឯកជន​ខ្លះ​នៅ​តាម​ខេត្ត​ក្រុង​នានា បាន​បើក​ធ្វើ​អាជីវកម្ម​មុន ទើប​រត់​ការ​សុំ​ច្បាប់​តាម​ក្រោយ។ កត្តា​ទាំង​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ធូរ​រលុង នៃ​ការ​អនុវត្ត​ច្បាប់​របស់​ក្រសួង​សុខាភិបាល ដែល​ពុំ​មាន​ចំណាត់​ការ​ រឹង​មាំ ចំពោះ​សេវា​សុខាភិបាល​រដ្ឋ និង​ឯកជន និង​ការ​ស្លាប់​បង់​អាយុជីវិត​របស់​ប្រជា​ពលរដ្ឋ នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ៕

No comments:

Post a Comment

yes