ភ្នំពេញ: តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក ចាន់ សាវ៉េត បុគ្គលិកអង្គការសិទ្ធិមនុស្សអាដហុក ឲ្យចូលឆ្លើយបំភ្លឺនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២។ ក្នុងដីកា ចេញដោយលោក ឆែ វីរៈ ចៅក្រមស៊ើបសួររបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ លោក ចាន់ សាវ៉េត ពីបទ ផ្តល់ជំនួយដល់ចារីជាអាទិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១២ តាមបញ្ញត្តិ មាត្រា ៥៤៤ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់នោះ ពាក់ព័ន្ធនឹងជម្លោះដី នៅខេត្តក្រចេះ។
ជម្លោះដី នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលរដ្ឋាភិបាល បង្ក្រាបកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ក៏ត្រូវបានតុលាការភ្ជាប់ករណីនោះ ដើម្បីចោទប្រកាន់លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ FM 105 MHz និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ។ លោក ម៉ម សូណង់ដូ ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។
ក្នុងសំណុំរឿងរបស់លោក ម៉ម សូណង់ដូ ត្រូវបានគេទម្លាយឲ្យដឹងថា ភ្នាក់ងារសមាគមអ្នកប្រជាធិបតេយ្យ នៅខេត្តក្រចេះ ៤ នាក់ ដែលជាប់ចោទ ហើយត្រូវបានតុលាការ លើកលែងចោទប្រកាន់ និងប្រែក្លាយជាសាក្សីវិញនោះ នឹងត្រូវចូលបំភ្លឺតុលាការសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៥សីហា ឆ្នាំ២០១២៕
No comments:
Post a Comment
yes