មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានស្ដីពីការបោះឆ្នោតនៅទូទាំង ២៤ រាជធានី ខេត្ត ដើម្បីឲ្យពលរដ្ឋត្រៀមលក្ខណៈចូលរួមពិនិត្យ និងចុះឈ្មោះបោះឆ្នោតឲ្យបានច្រើន។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានឲ្យដឹងនៅថ្ងៃពុធ ទី១៥ ខែសីហា ថា យុទ្ធនាការនេះ គ.ជ.ប. ក៏បានជំរុញឲ្យមន្ត្រីដឹកនាំតាមរាជធានី-ខេត្ត ក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ និងតំណាងស្ថាប័ន ឲ្យជួយផ្សព្វផ្សាយបន្តទៅប្រជាពលរដ្ឋ។
លោកបន្តថា យុទ្ធនាការនេះមានគោលដៅកែលម្អការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដែលត្រូវរៀបចំបញ្ជីបោះឆ្នោតមួយប្រកបដោយគុណភាពសំរាប់បំរើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ អាណត្តិទី៥ ឆ្នាំ២០១៣។
លោក ទេព នីថា បន្ថែម៖ «សូមមេត្តាយកចិត្តទុកដាក់បំពេញឯកសារនេះឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចូនឯកសារមក គ.ជ.ប. លុបឈ្មោះអ្នកមិនស្របច្បាប់ ឬក៏អ្នកអស់លក្ខខណ្ឌទៅតាមច្បាប់បោះឆ្នោតចេញពីបញ្ជីបោះឆ្នោត ហើយក៏សូមក្រុមប្រឹក្សាឃុំសង្កាត់ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធមេត្តាយកចិត្តទុកដាក់បង្កលក្ខណៈចេញឯកសារជូនប្រជាពលរដ្ឋដើម្បីបំពេញលក្ខខណ្ឌចុះឈ្មោះបោះឆ្នោត»។
សេចក្ដីប្រកាសព័ត៌មាន គ.ជ.ប. ចុះថ្ងៃទី១៤ ខែសីហា ក៏បានស្នើឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អន្តរាគមន៍ទៅមេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ ឲ្យចូលរួមបំពេញការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យស្របតាមប្រតិទិនកំណត់របស់ គ.ជ.ប.។
បន្ថែមលើនេះ គ.ជ.ប. បានស្នើទៅមន្ត្រីក្រសួងការងារជួយអន្តរាគមន៍នៅគ្រប់ម្ចាស់រោងចក្រសហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថាននានា ត្រូវអនុញ្ញាតឲ្យនិយោជិត កម្មករ កម្មការិនី បានទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ឲ្យបានគ្រប់គ្នា។
យ៉ាងណាក៏ដោយ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានអំពាវនាវឲ្យប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតនៅទូទាំងប្រទេសឲ្យចូលរួមពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឬលុបឈ្មោះស្ទួន លុបឈ្មោះសមាជិកគ្រួសារដែលស្លាប់ ឬផ្លាស់ទីលំនៅចេញពីបញ្ជីបោះឆ្នោតនាដើមខែកញ្ញា តទៅ។
ទាក់ទិនបញ្ហានេះ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (Comfrel)។ លោកបានឲ្យដឹងថា ស្ថាប័នខ្លួនបានត្រៀមភ្នាក់ងារចំនួន ២៥០នាក់ ដើម្បីឃ្លាំមើល និងផ្ដល់ការអប់រំប្រជាពលរដ្ឋជុំវិញដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២។ ជាងនេះទៅទៀត ខុមហ្វ្រែល ក៏មានកម្មវិធីអប់រំព័ត៌មានជុំវិញការងារបោះឆ្នោតតាមវិទ្យុ និងទូរស័ព្ទថែមទៀត។
លោក គល់ បញ្ជា៖ «បើសិនជាពួកគេមានចម្ងល់អី គេអាចទូរស័ព្ទមកសារសំឡេង ដើម្បីស្តាប់ការពន្យល់អំពីរឿងការងារចុះឈ្មោះបោះឆ្នោត តាមរយៈលេខ ០១០ ៨០២ ៧៧៧ និង ០១៥ ៨០២ ៧៧៧ និងផ្សាយតាមវិទ្យុអេហ្វអឹម ១០៥មេហ្គាហឺត្ស ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ ជារៀងរាល់ព្រឹក»។
លោកបន្តថា កង្វល់បាត់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតពីបញ្ជីឈ្មោះបោះឆ្នោតនៅតែជាបញ្ហាចោទក្នុងថ្ងៃបោះឆ្នោត។ ក្រៅពីនេះ លោក គល់ បញ្ញា បញ្ជាក់ថា សំរាប់កម្មករ ឬពលរដ្ឋផ្លាស់ប្ដូរទីលំនៅថ្មីនៅមានផលវិបាកក្នុងការចុះឈ្មោះបោះឆ្នោត។
ទោះយ៉ាងណា លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានឲ្យដឹងថា ដើម្បីជំរុញឲ្យការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ មានដំណើរការល្អ គ.ជ.ប. កំពុងផលិតស្ប៉តអប់រំ និងត្រៀមចាក់ផ្សាយតាមវិទ្យុ ទូរទស្សន៍ និងតាមមេក្រូ ក្នុងពេលចុះឈ្មោះបោះឆ្នោត។
រយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ឆ្នាំនេះ មានរយៈពេល ៤២ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។
រីឯពេលវេលានៃការចុះឈ្មោះតំណាងគណបក្សនយោបាយចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ចាប់ផ្ដើមនៅថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២។ ចំណែកកាលបរិច្ឆេទនៃការបោះឆ្នោតនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុ ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ (កើតមុន ឬត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៩៥) ដែលមិនទាន់ចុះឈ្មោះបោះឆ្នោត ឬបានផ្លាស់ទីលំនៅចូលក្នុងឃុំសង្កាត់មានសិទ្ធិសុំចុះឈ្មោះបោះឆ្នោតក្នុងការិយាល័យណាមួយក្នុងឃុំសង្កាត់ដែលខ្លួនកំពុងរស់នៅ។
គ.ជ.ប.ប្រកាសឲ្យចុះឈ្មោះសង្កេតការណ៍ដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី១៥ ខែសីហា ឲ្យសមាគមអង្គការមិនមែនរដ្ឋាភិបាល និងគណបក្សនយោបាយ ចុះឈ្មោះសង្កេតការណ៍ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣។
គ.ជ.ប. បានកំណត់ពេលឲ្យមន្ត្រីអង្គការសង្គមស៊ីវិល និងអន្តរជាតិ ចុះឈ្មោះជាអ្នកសង្កេតការណ៍ដោយត្រូវចុះឈ្មោះនៅទីស្ដីការ គ.ជ.ប. ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣។
ដោយឡែកតំណាងគណបក្សនយោបាយមានសិទ្ធិចាត់តាំងតំណាងពេញសិទ្ធិរបស់ខ្លួនម្នាក់ ដើម្បីសង្កេតការមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំ សង្កាត់នីមួយៗ ដោយត្រូវដាក់ពាក្យសុំចុះឈ្មោះតំណាងរបស់ខ្លួនទៅក្រុមប្រឹក្សាឃុំ សង្កាត់ តាមទម្រង់បែបបទលេខ ១០ ០៧ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១២។
រីឯការដាក់ពាក្យសុំចុះឈ្មោះតំណាងគណបក្សនយោបាយក្នុងដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតជាតិអាណត្តិទី៥ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈ្មោះបោះឆ្នោត មានសិទ្ធិបញ្ជូនតំណាងពេញសិទ្ធិ ១នាក់ និងតំណាងបម្រុង ១នាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ដើម្បីចូលរួមសង្កេតមើលការបោះឆ្នោតតាមការិយាល័យបោះឆ្នោត៕
No comments:
Post a Comment
yes