អ្នកភូមិជាច្រើនគ្រួសារនៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល កំពុងរងទុក្ខលំបាកដោយសារគម្រោងពង្រីកផ្លូវមួយខ្សែរបស់រដ្ឋាភិបាល ដែលតភ្ជាប់ពីខេត្តព្រៃវែង ទៅខេត្តកំពង់ចាម តាមបណ្តោយទន្លេមេគង្គ ដោយកាត់ស្រុកល្វាឯម ខេត្តកណ្ដាល។
អ្នកភូមិថា រដ្ឋាភិបាល ឬអាជ្ញាធរខេត្តពុំមានគោលការណ៍ផ្តល់សំណងចំពោះផលប៉ះពាល់ដី ឬការខូចខាតផ្ទះសម្បែងនោះឡើយ។
ស្ត្រីអ្នកភូមិម្នាក់ឈ្មោះ កែវ ស្រី វ័យប្រមាណជាង៤០ឆ្នាំ រស់នៅភូមិតាជោរ ឃុំសារិកាកែវ បានរៀបរាប់ពីការលំបាកទាំងទឹកភ្នែកនៅគ្រាដែលគាត់កំពុងជញ្ជូនបំណែកឈើ និងប្រដាប់ប្រើប្រាស់ខ្លះៗនៅពេលគាត់កំពុងរុះផ្ទះចេញពីទីកន្លែងដែលត្រូវពង្រីកផ្លូវនោះ។
ផ្ទះលោកស្រី សង់ពីឈើប្រក់ស័ង្កសី ទទឹង៧ម៉ែត្រ បណ្តោយប្រមាណ១០ម៉ែត្រ ត្រូវប៉ះពាល់ទាំងស្រុងពីគម្រោងពង្រីកផ្លូវនោះ។ បញ្ហាសំខាន់ គឺលោកស្រីពុំមានដីផ្សេងសម្រាប់សង់ផ្ទះថ្មីនោះទេ ហើយរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋានក៏មិនទទួលខុសត្រូវចំពោះការខូចខាតនេះដែរ។
អ្នកភូមិជាច្រើនគ្រួសារផ្សេងទៀតក៏កំពុងរងផលប៉ះពាល់ដូចគ្នាដែរ ពីគម្រោងពង្រីកផ្លូវនេះ គឺខ្លះដាច់បាត់របង និងជណ្ដើរ ខ្លះទៀតប៉ះដាច់ពាក់កណ្ដាលផ្ទះ ខ្លះខូចខាតទាំងស្រុង។ ផ្ទះនីមួយៗមានបណ្តោយចាប់ពីជាង៥ម៉ែត្រ ដល់ជិត២០ម៉ែត្រ ហើយក្រៅពីនេះ នៅមានដំណាំទៀត។
បុរសអ្នកភូមិម្នាក់ទៀតឈ្មោះ ញ៉ិប ថន រស់នៅភូមិតាជោរ ដែរ បានឲ្យដឹងថា ផ្ទះរបស់គាត់ត្រូវខូចខាតទាំងស្រុង ហើយគ្រួសារគាត់ក្រីក្រពុំមានសល់ដីចម្ការ ឬស្រែសម្រាប់ធ្វើលំនៅជ្រកកោនបានឡើយ។
លោកបន្តថា គម្រោងពង្រីកផ្លូវនេះធ្វើឡើងដោយតក់ក្រហល់ ដោយអាជ្ញាធរពុំបានប្រាប់ពលរដ្ឋឲ្យបានដឹងមុន ដើម្បីត្រៀមដោះស្រាយចំពោះផលប៉ះពាល់ពីចម្ងាយនោះទេ។
ប្រធានសហគមន៍ឃុំសារិកាកែវ លោក ចាន់ សាវ៉ន មានប្រសាសន៍ឲ្យដឹងស្រដៀងគ្នានេះដែរថា លោកបានបង្ហាញទស្សនៈយល់ឃើញជុំវិញបញ្ហានេះដែរថា ការអភិវឌ្ឍដោយពុំបានគិតគូរពីផលប៉ះពាល់ គឺជាការអភិវឌ្ឍលើទឹកភ្នែកពលរដ្ឋក្រីក្រ និងបន្ថែមទុក្ខលំបាកឲ្យដល់ពួកគាត់ដែលកំពុងជួបប្រទះសព្វថ្ងៃនេះថែមទៀត។
លោក ញ៉ិប ថន វិញមានប្រសាសន៍ទៀតដែរថា ការមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ បណ្ដាលមកពីគម្រោងអភិវឌ្ឍរដ្ឋរបស់រដ្ឋាភិបាលបែបនេះ ជាការរំលោភទៅនឹងច្បាប់ភូមិបាល ពីព្រោះពលរដ្ឋដែលរស់នៅតំបន់នោះម្នាក់ៗយ៉ាងតិចចាប់ពី១០ឆ្នាំឡើងទៅ។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រាទី៤៤ ត្រង់វាក្យខណ្ឌទី៣ បានចែងថា កម្មសិទ្ធិឯកជនស្របច្បាប់ស្ថិតនៅក្រោមការគាំពារនៃច្បាប់។ ចំណែកវាក្យខណ្ឌទី៤ បានចែងថា ដែលនឹងដកហូតកម្មសិទ្ធិជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឲ្យធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។
មាត្រាទី៥ នៃច្បាប់ភូមិបាលបានចែងដែរថា គ្មានបុគ្គលណាមួយត្រូវបានគេដកហូតសិទ្ធិរបស់ខ្លួនបានទេ ប្រសិនការដកហូតសិទ្ធិនេះមិនមែនដើម្បីប្រយោជន៍សាធារណៈ។ ការដកហូតត្រូវធ្វើទៅតាមទម្រង់នីតិវិធីបញ្ញត្តិដោយច្បាប់ និងបទបញ្ជាបន្ទាប់ពីបានផ្តល់សំណងដោយសមរម្យ និងយុត្តិធម៌។
ប្រជាពលរដ្ឋមានប្រសាសន៍ថា ពួកគាត់មិនជំទាស់ទេចំពោះគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាល។ ប៉ុន្តែរដ្ឋាភិបាល ឬអាជ្ញាធរត្រូវតែជូនដំណឹងឲ្យពលរដ្ឋដឹងជាមុន និងត្រូវតែទទួលខុសត្រូវចំពោះផលប៉ះពាល់ ហើយបើតាមច្បាប់ ពួកគាត់ត្រូវទទួលបានសំណងចំពោះការខូចខាត និងមានការដោះដូរដីសង់លំនៅឋានជាថ្មី ក្នុងករណីពលរដ្ឋណាទីទាល់ក្រពុំមានសេសសល់ដីសង់លំនៅឋានជាថ្មីនោះ។
អ្នកដទៃទៀតបានឲ្យដឹងថា ការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលកើតចេញពីការពង្រីកផ្លូវនេះ គិតជាទឹកប្រាក់ប្រមាណជា២ពាន់ដុល្លារ ទៅ៥ពាន់ដុល្លារ។ ដោយផ្ទះខ្លះ ប៉ះពាល់ទាំងស្រុង ត្រូវរុះចេញ ផ្ទះខ្លះដាច់ត្រឹមរបង និងទីធ្លាមុខផ្ទះ ខ្លះត្រូវដាច់ជណ្ដើរបាត់ ហើយខ្លះទៀតត្រូវដាច់ពាក់កណ្ដាល ខ្លះដាច់អស់សល់ត្រឹមតែបន្ទប់ទឹក ឬផ្ទះបាយក៏មាន។
ផ្ទះទាំងនោះមួយចំនួនខាងក្រោមសង់ពីថ្ម ខាងលើឈើ នៅលើដីឡូត៍ និងមានដំណាំឈើហូបផ្លែផងដែរ។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងអភិបាលខេត្តកណ្ដាល ឬអភិបាលស្រុកល្វាឯម ដើម្បីពន្យល់ពីគម្រោងពង្រីកផ្លូវក្នុងស្រុកនេះ និងការដោះស្រាយផលប៉ះពាល់នោះបានទេ នៅថ្ងៃពុធ ទី១៥ សីហា។
ប៉ុន្តែ មេឃុំសារិកាកែវ លោក កង លាង មានប្រសាសន៍ថា លោកពុំបានដឹងច្បាស់ពីគម្រោងពង្រីកផ្លូវនោះទេ ពីព្រោះជាគម្រោងរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែ លោកអះអាងថា ពុំមានផលប៉ះពាល់ច្រើនពេកទេ ក្នុងចំណោមប្រជាពលរដ្ឋក្នុងឃុំរបស់លោក ដែលមានប្រមាណជិត២ពាន់គ្រួសារនោះ។
មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តកណ្ដាល លោក ម៉ែន មករា មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវចំពោះផលប៉ះពាល់ទាំងឡាយណាដែលកើតមានចំពោះមុខ ដើម្បីឲ្យការអភិវឌ្ឍនោះមានគោលដៅបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ។
អាជ្ញាធរឃុំបានឲ្យដឹងដែរថា ផ្លូវដែលត្រូវពង្រីកនៅស្រុកល្វាឯម នោះ មានប្រវែងប្រហែល១៥គីឡូម៉ែត្រ ទទឹង២០ម៉ែត្រ កាត់តាមឃុំប្រមាណ៤ គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង និងឃុំកោះរះ ដែលចាប់ផ្ដើមឈូសឆាយជាបណ្ដើរៗតាំងពីខែមិថុនា មក ហើយមិនទាន់ដឹងថានឹងបញ្ចប់នៅពេលណានោះទេ៕
No comments:
Post a Comment
yes