ភ្នំពេញ: មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៤នាក់ ដែលជាប់ឃុំនៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ ពុករលួយ ពាក់ព័ន្ធនឹងកេងប្រវ័ញ្ចថវិការដ្ឋជិត ២ លានដុល្លារអាមេរិក តាមរូបភាពកាត់ភាគរយ លើគម្រោងផ្តល់ដីសម្បទានសង្គមកិច្ច និងសាងសង់លំនៅស្ថាន ជូនអតីតយុទ្ធជន និងជនក្រីក្រ ដើម្បីធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន បានត្រូវលោក លាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ តែដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ប៉ុន្តែរហូតមកទល់ពេលនេះ មន្ត្រីទាំង ៤រូប មិនទាន់ចេញពីពន្ធនាគារទេ ដោយសារកំពុងរង់ចាំបំពេញសំណុំបែបបទ ហើយគេរំពឹងថា មន្ត្រីទាំង ៤រូបនេះ នឹងមានសេរីភាពវិញ នៅរសៀលថ្ងៃដដែលនេះ។
ប៉ុន្តែរហូតមកទល់ពេលនេះ មន្ត្រីទាំង ៤រូប មិនទាន់ចេញពីពន្ធនាគារទេ ដោយសារកំពុងរង់ចាំបំពេញសំណុំបែបបទ ហើយគេរំពឹងថា មន្ត្រីទាំង ៤រូបនេះ នឹងមានសេរីភាពវិញ នៅរសៀលថ្ងៃដដែលនេះ។
ការសម្រេចដោះលែងឱ្យនៅក្រៅឃុំនេះ បានកើតឡើងក្រោយពេលដែលមេធាវីការពារ ដាក់ពាក្យជាបន្តបន្ទាប់ ឱ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី១០ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ កន្លងទៅ។
គួររម្លឹកថា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានលើកគម្រោងប្រគល់ដីសម្បទានសង្គមកិច្ច និងសាងសង់លំនៅស្ថាន ជូនអតីតយុទ្ធជនប្រចាំឆ្នាំ២០១១ ដែលមានទឹកប្រាក់ប្រមាណរាប់សិបពាន់លានរៀល។
ប៉ុន្តែនៅពេលដែលយកទៅអនុវត្តជាក់ស្តែង មន្ត្រីមួយចំនួនបានឃុបឃិតគ្នាកេងប្រវ័ញ្ចថវិកាទាំងនេះ យកទៅធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។
ឆ្លងតាមការត្រួតពិនិត្យ និងស្រាវជ្រាវរួចហើយ អង្គភាពប្រឆាំងអំពើពុករលួយ បានកំណត់អត្តសញ្ញាណមនុស្សជាប់ពាក់ព័ន្ធនឹងករណីនេះ រួចសុំគោលការណ៍ពីតុលាការ ឃាត់ខ្លួនពួកគេយកមកសាកសួរ ប្រយោជន៍ដើម្បីរកបក្ខពួក និងខ្សែរយៈជាបន្តទៀត។
មន្ត្រីទាំង ៤នាក់នេះ មានឈ្មោះ សារ៉េត បូរ៉ាមី ជាអគ្គនាយករងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឈ្មោះ ផូ វុឌ្ឍី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ, ឈ្មោះ មាស ឥស្សរ៉ា អនុប្រធាននាយកដ្ឋាន និងឈ្មោះ ទុយ ឡាយរិទី្ធ ជាមន្ត្រីបម្រើការនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រូវលោក សុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ ពុករលួយ រួចត្រូវចៅក្រមស៊ើបសួរឃុំខ្លួន កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។
បន្ទាប់មក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មាន ដែលមានខ្លឹមសារថា “ក្រោយពីបានទទួលព័ត៌មាន អំពីភាពមិនប្រក្រតី ស្តីពីការអនុវត្តន៍គម្រោងសម្បទានដីសង្គមកិច្ច សម្រាប់អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលបានចុះផ្សាយនៅលើសារព័ត៌មានខ្លះ ក្រសួងបានបង្កើតគណៈកម្មការមួយ ឱ្យចុះទៅពិនិត្យស្ថានភាពលទ្ធផលសម្រេចជាក់ស្តែង នៅខេត្តអនុវត្តគម្រោងមួយចំនួន។
ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យបឋមនេះ ក្រសួងបានព្យួរការងាររបស់លោក ផូ វុឌ្ឍី ប្រធាននាយកដ្ឋានផែនការ សេដ្ឋកិច្ច និងហិរញ្ញកិច្ច របស់ក្រសួង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ ដើម្បីឱ្យគណៈកម្មការសវនកម្ម របស់ក្រសួង ធ្វើអធិការកិច្ច ដោយមានកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។
ជាលទ្ធផល មន្ត្រីរបស់ក្រសួងចំនួន ៤រូប ដែលជាប់ពាក់ព័ន្ធនឹងការសង្ស័យ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការ ដើម្បីបន្តការស្រាវជ្រាវ និងសម្រេចតាមនីតិវិធីច្បាប់៕
No comments:
Post a Comment
yes