កម្មការិនីរោងចក្រ សម្រាកព្យាបាលនៅមន្ទីរពេទ្យកន្លងទៅ
កំពង់ឆ្នាំងៈកម្មករប្រមាណជាង៥០នាក់នៅរោងចក្រ M&V ក្នុងខេត្តកំពង់ឆ្នាំងបានដួលសន្លប់កាលពីព្រឹកមិញពេលកំពុងធ្វើការ ដែលនេះគឺជាលើកទីបីហើយនៃការដួលសន្លប់ ដោយសារតែពួកគេធ្វើការខ្លាំងពេកនិងមានសុខភាពខ្សោយ។
អ្នកស្រីនួន សំអុល ប្រធានសហជីពសេរីកម្មករនៅក្នុងរោងចក្រ M&V បានឲ្យដឹងថាក្រុមកម្មករធ្វើការនៅផ្នែកផលិតកម្មសម្រេចបានដួលសន្លប់ ហើយបន្ទាប់មកកម្មករដែលនៅជុំវិញនោះក៏ចាប់ផ្តើមដួលសន្លប់ដែរ។
អ្នកស្រីបានបញ្ជាក់ថា «ប្រហែលជាម៉ោង៩:១០ នាទីពេលព្រឹក កម្មករប្រមាណជាង៥០នាក់ធ្វើការនៅផ្នែកផលិតកម្មសម្រេច បានចាប់ផ្តើមសន្លប់ ហើយត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យេខេត្តទាន់ពេលវេលា»។
អ្នកស្រីនួន សំអុលបានឲ្យដឹងទៀតថា សមត្ថកិច្ចនិងមន្ទីរសុខាភិបាលខេត្តបានចុះទៅត្រួតពិនិត្យនិងរកមូលហេតុនៃការដួលសន្លប់នេះ។
អ្នកស្រីបានរៀបរាប់ឲ្យដឹងថា«ពួកកម្មករដួលសន្លប់ដោយសារតែពួកប្រឹងធ្វើការខ្លាំង គ្មានពេលសម្រាក។ ពួកគេធ្វើការហួសម៉ោង ហើយថ្ងៃឈប់សម្រាកពួកគេត្រូវធ្វើការងារស្រែចំការទៀត។»
អ្នកស្រីបានបញ្ជាក់ថាអ្នកស្រីដឹងពីមូលហេតុនេះដោយសារតែអ្នកស្រីបានធ្វើការជិតដិតជាមួយកម្មករទាំងអស់។
No comments:
Post a Comment
yes