ពលរដ្ឋខ្មែរជាច្រើននាក់ក្នុងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នាកាលពីថ្ងៃទី៨ សីហា នៅក្នុងភោជនីយដ្ឋាន Harvest Moon ក្នុងរដ្ឋវឺជីនីញ៉ា (Virginia) ដើម្បីអបអរដល់ក្រុមចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលគ្រោងទៅបង្កើតគណបក្សសង្គ្រោះជាតិ សម្រាប់ចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៣ ខាងមុខ។
ពលរដ្ឋខ្លះនិយាយថា ទិដ្ឋភាពនយោបាយ នៃក្រុមបក្សប្រឆាំងទាំងពីររួបរួមគ្នានេះ គឺជាគំរូដ៏ល្អសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យទាំងអស់។
ពលរដ្ឋខ្មែរ និងខ្មែរអាមេរិកាំងជាង១០០នាក់ ដែលមកពីតាមបណ្ដារដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នាកាលពីល្ងាចថ្ងៃពុធ ទី៨ សីហា នៅក្នុងតំបន់វ៉ាស៊ីនតោន (Washington) ដើម្បីជជែកសួរដេញដោលដល់ក្រុមមេដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលទើបបានបង្កើត។
ពលរដ្ឋខ្មែរម្នាក់លោក ប៊ុន ធឿនដេវីត ដែលស្កាត់ពីរដ្ឋកាលីហ្វ័រនីញ៉ា (California) មកចូលរួមការប្រជុំនោះដែរ មានប្រសាសន៍ថា នេះជាឱកាសលើកទីមួយរបស់លោក ដែលបានចូលរួមសួរដេញដោលក្នុងទិដ្ឋភាពនយោបាយនៃក្រុមបក្សប្រឆាំង ដែលមិនធ្លាប់មានពីមុន ហើយថាលោកគាំទ្រដល់គំនិតផ្ដួចផ្ដើមបង្កើតគណបក្សថ្មីនាពេលខាងមុខ។
គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស កាលពីខែកក្កដា ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានព្រមព្រៀងច្របាច់គណបក្សទាំងពីរបញ្ចូលគ្នា ដើម្បីស្វែងរកជ័យជំនះសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខ។ ក្រុមមេដឹកនាំនៃគណបក្សទាំងពីរបានប្រកាសប្រាប់ពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិក ក៏ដូចជានៅប្រទេសកាណាដា ថា ពួកគេនឹងដាក់ឈ្មោះគណបក្សថ្មីនោះឈ្មោះថា គណបក្ស សង្គ្រោះជាតិ។
ពលរដ្ឋខ្មែរម្នាក់ទៀត គឺលោក ទូច វិបុល ដែលមកពីរដ្ឋវឺជីនីញ៉ា ចូលរួមក្នុងកម្មវិធីនោះដែរ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ថា ការបញ្ចូលគណបក្សប្រជាធិបតេយ្យទាំងពីរនេះ គឺជាគំរូដ៏ល្អមួយសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីឆ្ពោះទៅរកការកសាងមាតុភូមិរបស់ខ្លួន។ លោកបន្តថា ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ហាក់មានភាពចាស់ទុំខាងផ្នែកនយោបាយច្រើនក្នុងរយៈពេលចុងក្រោយនេះ។
ចំណែកអ្នកស្រី ទេព សុភ័ណ្ឌ អតីតប្រធានអង្គការទិវាសហគមន៍ខ្មែរពីរដ្ឋវឺជីនីញ៉ា ដែរនោះ មានប្រសាសន៍ថា អ្នកស្រីមានក្តីសង្ឃឹមជាថ្មីចំពោះការប្ដេជ្ញាចិត្តរបស់មេបក្សប្រឆាំងទាំងពីរថា នឹងធ្វើការរួមគ្នាយ៉ាងស្មោះត្រង់ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
រីឯអ្នកចូលរួមម្នាក់ទៀត អ្នកនាង ហុល សុភ័ណ្ឌ វិញមានប្រសាសន៍ថា ការច្របាច់គណបក្សប្រជាធិបតេយ្យទាំងពីរចូលគ្នា គឺជាក្តីប្រាថ្នារបស់អ្នកនាងជាយូរមកហើយ ក៏ដូចជាពលរដ្ឋខ្មែររាប់លាននាក់ផ្សេងទៀត។
ទាំងលោក កឹម សុខា និងលោក សម រង្ស៊ី មានប្រសាសន៍ថា អ្នកទាំងពីរមានភាពកក់ក្តៅ និងកម្លាំងចិត្ត ដែលបានឃើញមានការគាំទ្រដ៏ធំធេងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រទាំងអស់ចំពោះការបង្កើតគណបក្សសង្គ្រោះជាតិ នៅពេលដ៏ឆាប់ខាងមុខ។ អ្នកទាំងពីរមានប្រសាសន៍ថា ពួកគេឈប់នាំគ្នាចាញ់ទៀតហើយ តែដល់ពេលដែលត្រូវនាំគ្នាឈ្នះវិញ។
បើទោះជាលោក សម រង្ស៊ី អះអាងថា ការបង្កើតគណបក្ស សង្គ្រោះជាតិ អាចនាំឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចអាចមានការភ័យព្រួយយ៉ាងណាក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់គំរាមថា លោកមិនខ្លាចចលនាថ្មី ឬបក្សសង្គ្រោះជាតិនោះឡើយ ហើយថា បក្សទាំងពីរដែលច្របាច់បញ្ចូលគ្នានេះ មិនអាចយកឈ្នះលើបក្សប្រជាជនកម្ពុជា ដើម្បីអាចទៅអង្គុយនៅវិមានសន្តិភាពនោះបានឡើយ៕
No comments:
Post a Comment
yes