យុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីកាលពីវគ្គមុន
ភ្នំពេញ: យុវជនស្ម័គ្រចិត្ត បានវិលត្រឡប់មកវិញ ដែលជាក្រុម វគ្គទី៣ ហើយនៅមានវគ្គទី៤ ដែលកំពុងតែហ្វឹកហាត់ ដើម្បីចុះទៅ ១០ ក្រុមថែមទៀត។ យើងកំពុងរៀបចំសម្ភារៈ ដើម្បីរៀបចំបញ្ជូនយុវជនស្ម័គ្រចិត្តទៅ ១០ ក្រុមថែមទៀត។ នេះតាមសេចក្តីប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ បៀលប្រាយ នាព្រឹកថ្ងៃទី១៥សីហា ឆ្នាំ២០១២ នៅកោះពេជ្រ ដោយសំដែងក្តីរីករាយ និងថ្លែងអំណរគុណ គោរពកោតសរសើរ ចំពោះក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងថា "មកដល់ពេលនេះ ក្រុមយុវជនស្ម័គ្រចិត្ត វាស់វែងដីធ្លី បានជាង ១០ ម៉ឺនគ្រួសារហើយ ដែលបានមកចុះប្រព័ន្ធបញ្ជី។ ការដែលយើងធ្វើនេះ មិនមែនជាការចៃដន្យមួយទេ។
ដំណើរការទៅមុខរបស់យើង បានជាង ១០ ម៉ឺនគ្រួសារ ហើយក្នុងនោះ ផ្ទៀងផ្ទាត់បាន ៨៤.០០០ គ្រួសារ ហើយតំបន់វិនិច្ឆ័យ ចេះតែបន្ត។ ប៉ុន្តែតំបន់ ដែលប្រកាសឲ្យមកត្រួតពិនិត្យ ត្រូវបានប្រកាសនៅតំបន់មួយចំនួនហើយ។ ធ្វើរួចហើយ។ ប៉ុន្តែដើម្បីកុំឲ្យបន្សល់ទុកនូវទំនាស់ព្រំដីរបស់ប្រជាពលរដ្ឋ យើងត្រូវបិទផ្សាយឲ្យប្រជាពលរដ្ឋ មកត្រួតពិនិត្យ ក្នុងរយៈពេល ១ ខែ។ យើងវាស់វែង យើងគូសផែនទីរួចហើយ? មានការផ្ទៀងផ្ទាត់ ដែលបានបិទផ្សាយ។ នៅស្រុកស្នួល ក្នុងខេត្តក្រចេះ មានការបិទផ្សាយមួយចំនួន។ ឃុំស្រែចារ និងឃុំ២ធ្នូ។ នៅតំបន់មួយចំនួនទៀត កំពុងធ្វើ"។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា "សូមអំពាវនាវដល់ប្រជាពលរដ្ឋ ព្រោះនេះ មិនមែនគ្រាន់តែវាស់ដីហើយចប់សព្វគ្រប់នោះទេ ត្រូវមានការបិទផ្សាយរយៈពេលមួយខែ ដើម្បីផ្ទៀងផ្ទាត់ និងមានការតវ៉ា ក្នុងរយៈពេលនោះ។ បើសិនជាមិនត្រឹមត្រូវ ត្រូវមានការកែតម្រូវ។ ផុតរយៈពេលមួយខែ ប័ណ្ណបឋមនឹងត្រូវចេញ មុននឹងទទួលបានប័ណ្ណស្ថាពរ ហើយខ្ញុំនឹងធ្វើដំណើរទៅតំបន់ណា ដែលធ្វើហើយមុនគេ។ ឥឡូវជ្រើសរើស ប្រហែលជាទៅស្រុកស្នួល ខេត្តក្រចេះ។ មួយខេត្តអាចខ្ញុំនឹងទៅមួយកន្លែង ដើម្បីប្រគល់ជូនប្រជាពលរដ្ឋនូវប័ណ្ណកម្មសិទ្ធិ ដែលពីមុនប្រជាពលរដ្ឋ កាន់កាប់ខុសច្បាប់ ឥឡូវស្របច្បាប់ហើយ"។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បានបន្ថែមថា បេសកកម្មលើកនេះ មិនសាមញ្ញទេ គឺពិបាកណាស់ ត្រូវចូលព្រៃ មុតបន្លារ ជាដើម។ សម្តេចក៏បានអរគុណចំពោះស្ថាប័ននានា ដែលបានចុះសួរសុខទុក្ខដល់ក្រុមយុវជនស្ម័គ្រចិត្ត វាស់វែងដីធ្លីចែកដល់ប្រជាពលរដ្ឋពេលនេះ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ក៏បានបញ្ជាក់ថា "ទោះជាប្រើប្រាស់តម្លៃណា និងពេលយូរប៉ុណ្ណាក៏ដោយ ក៏ត្រូវវាស់វែងផ្តល់ដីជូនប្រជាពលរដ្ឋផងដែរ។ សកម្មភាពនេះ ជាសកម្មភាពមិនដកថយទេ ដរាបណាប្រជាជន មិនទាន់ទទួលបានកម្មសិទ្ធិ នៅតំបន់ដែលគប្បី ត្រូវបានទទួល។ បញ្ជាក់ហើយថា អាទៅកាប់ថ្មី មិនឲ្យទេ។ អាតំបន់ ដែលមានជម្លោះវាក់វិន រវាងប្រជាជន និងប្រជាជន។ អានឹងក៏អត់ឲ្យដែរ។ យើងដោះស្រាយបានត្រឹមតែ ដីដែលត្រូវបានកាន់កាប់មិនស្របច្បាប់ ឲ្យវាទៅជាស្របច្បាប់។ ដីក្នុងព្រៃសម្បទាន និងដីសម្បទាន។ ដីសម្បទាន ត្រូវអាទិភាព កាត់ឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់ ដែលមិនទាន់មានការដាំដុះ។ កន្លែងខ្លះ ទៅបំពាន អានឹងក៏អត់ទៅរួចដែរ"។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានយកឱកាសនោះ ថ្លែងអំណរគុណដល់មាតាបិតា ដែលបានអនុញ្ញាតឲ្យកូនចៅទៅវាស់វែង ចែកដីដល់ប្រជាពលរដ្ឋ។ ក្រុមយុវជនក៏បានពាំនាំនូវការលំបាករបស់ប្រជាពលរដ្ឋ មកជូនសម្តេច។ ក្នុងនោះ សម្តេចក៏បានផ្តល់សាលារៀន តាមសំណើរបស់ក្រុមយុវជនផងដែរ។ ទៅលើកនេះ ក្រុមយុវជនរបស់យើង បានផ្សះភ្ជាប់ជាមួយប្រជាពលរដ្ឋ។ បន្តិចទៀត ក្រុមយុវជនទាំងនោះ នឹងក្លាយជាអ្នកបច្ចេកទេសពិតប្រាកដខាងដីធ្លី និងលើបញ្ហាអភិវឌ្ឍន៍ជនបទ។
សូមរម្លឹកថា ក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ ដែលដឹកនាំដោយលោក ហ៊ុនម៉ានិត កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានចុះបំពេញបេសកកម្ម វាស់វែងដីធ្លី ចែកជូនប្រជាពលរដ្ឋ លើកដំបូង បានធ្វើឡើង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២។ បេសកកម្មនោះ មានយុវជនស្ម័គ្រចិត្តជាង ១.០០០ នាក់ ដោយប្រើប្រាស់រយៈពេល ៦ ខែ៕
No comments:
Post a Comment
yes