ភ្នំពេញ: "គណបក្សសង្គ្រោះជាតិ" ដែលជាគណបក្សរួបរួមរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នឹងទៅចុះឈ្មោះជាផ្លូវការ នៅក្រសួងមហាផ្ទៃ នាថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១២។ នេះបើតាមការលើកឡើងរបស់លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។
គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានរៀបចំសមាសភាព ៨០ នាក់ ដែលចេញពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដើម្បីបង្កើតគណបក្សថ្មី ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ គណបក្សទាំងពីរ ក៏បានជ្រើសតាំងគណៈកម្មាធិការបណ្តោះអាសន្ន ៧ រូប ( មកពីគណបក្សសមរង្ស៊ី ៤ រូប និងគណបក្សសិទ្ធិមនុស្ស ៣ រូប ) ធ្វើជាថ្នាក់ដឹកនាំគណបក្សបណ្តោះអាសន្ន ដើម្បីរៀបចំឯកសារយកទៅចុះបញ្ជី នៅក្រសួងមហាផ្ទៃ ស្របទៅតាមច្បាប់ ស្តីពី គណបក្សនយោបាយ។
លោក ប៉ុល ហំម បានលើកឡើងថា លោកសមរង្ស៊ី ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស និងបានជាប់ទោស ក្នុងរឿងព្រំដែន ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការបណ្តោះអាសន្ន ក្នុងគណបក្ស "សង្គ្រោះជាតិ" ដែលទើបបង្កើតថ្មីនោះ។ រីឯរូបលោក ( ប៉ុល ហំម ) មកពីគណបក្សសិទ្ធិមនុស្ស ជាអនុប្រធានគណៈកម្មាធិការបណ្តោះអាសន្ន របស់គណបក្សសង្គ្រោះជាតិ។
លោកសមរង្ស៊ី ប្រធានគណបក្សសមរង្ស៊ី និងលោក កឹមសុខា ប្រធានគណបក្សសិទ្ធិមនុស្ស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានព្រមព្រៀងចុះហត្ថលេខាជាថ្មីកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដើម្បីបង្កើតសម្ព័ន្ធភាពគណបក្សប្រឆាំង ក្នុងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មុននឹងឈានទៅបង្កើតគណបក្សថ្មីមួយរួមគ្នា ដើម្បីចូលរួមការបោះឆ្នោតជាតិ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២។
ច្បាប់ ស្តីពី គណបក្សនយោបាយ ដែលបានអនុម័ត ដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ១៩៩៧ ត្រង់ជំពូកទី២ និយាយពីការបង្កើតគណបក្សនយោបាយ បង្ហាញថា ប្រជាពលរដ្ឋខ្មែរចំនួនយ៉ាងតិច ៨០ នាក់ ដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំ ហើយដែលមានទីលំនៅជាអចិន្ត្រៃយ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិផ្តើមបង្កើតគណបក្សនយោបាយមួយបាន ដោយគ្រាន់តែជូនដំណឹងជាលាយលក្ខអក្សរ ទៅក្រសួងមហាផ្ទៃ។
គណបក្សនយោបាយ ដែលទើបបង្កើត ត្រូវធ្វើការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការបណ្តោះអាសន្ន ដែលមានសមាជិកយ៉ាងតិច ៧ រូប ហើយដែលម្នាក់ៗ មានអាយុយ៉ាងតិច ២៥ ឆ្នាំ សម្រាប់រៀបចំបែបបទ និងបំពេញល័ក្ខខ័ណ្ឌ នៃការសុំចុះបញ្ជីគណបក្សនយោបាយ តាមការកំណត់ ដូចមានចែងក្នុងជំពូកទី៥ នៃច្បាប់នេះ ដើម្បីទទួលសុពលភាព។
ចំណែកជំពូកទី៣ និយាយពីសមាជិកភាព ត្រង់មាត្រា ១៥ ក៏បានកំណត់ថា ប្រជាពលរដ្ឋខ្មែរម្នាក់ មិនអាចជាសមាជិកគណបក្សនយោបាយ លើសពីមួយក្នុងពេលតែមួយបានទេ។ ក្នុងករណីដែលបុគ្គលមួយរូប ចូលជាសមាជិកគណបក្សនានាយ៉ាងច្រើន សមាជិកភាពក្នុងគណបក្សនយោបាយចុងក្រោយ ត្រូវចាត់ទុកជាបានការ។
ចំណែកជំពូកទី៥ និយាយពីការចុះបញ្ជីគណបក្សនយោបាយ បានកំណត់ថា គណបក្សនយោបាយ ត្រូវសុំចុះបញ្ជីគណបក្សនយោបាយ ដោយត្រូវមានសមាជិកយ៉ាងតិច ៤០០០ នាក់ មកពីបណ្តាខេត្ត ក្រុងមួយចំនួន។ សមាជិកនោះ មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ មានអាសយដ្ឋាន និងស្នាមមេដៃ ដោយមានបញ្ជាក់លេខ ប័ណ្ណសមាជិកគណបក្ស និងកាលបរិច្ឆេទនៃការចូលសមាជិកភាពគណបក្សនយោបាយ។
ដោយឡែកក្នុងច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅជំពូកទី៤ និយាយពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រង់មាត្រា ៣៤ ថ្មី កំណត់ពីពលរដ្ឋកម្ពុជា ដែលគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដោយក្នុងនោះ ជនដែលត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ឬជាជនដែលត្រូវបានផ្តន្ទាទោសដកសិទ្ធិបោះឆ្នោត។ ក្នុងនោះ ជនដែលត្រូវដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬជនដែលត្រូវបានលុបឈ្មោះពីបញ្ជីបោះឆ្នោត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឡើយ។
ជាការកត់សម្គាល់ គណបក្សរួបរួមថ្មី រវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ត្រូវបានព្រមព្រៀងគ្នាថា លោកសមរង្ស៊ី ជាប្រធាន។ រីឯលោកកឹមសុខា ជាអនុប្រធាន។ ក្នុងនោះ លោកសមរង្ស៊ី ក៏នឹងត្រូវឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២ ផងដែរ។
ក៏ប៉ុន្តែលោកសមរង្ស៊ី បច្ចុប្បន្ន កំពុងជាប់ទោស ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ដែលនាំឲ្យលោក បង្ខំចិត្តនិរទេសខ្លួន ទៅរស់នៅប្រទេសបារាំង ចាប់តាំងពីចុងឆ្នាំ២០០៩។
បើតាមច្បាប់ ស្តីពី គណបក្សនយោបាយ ហាក់ដូចជា មិនបានកំណត់ជាក់លាក់ថា អ្នកដែលជាប់ទោស មិនអាចឈរឈ្មោះ ជាប្រធានគណបក្សនយោបាយបានឡើយ។ ក៏ប៉ុន្តែក្នុងច្បាប់ ស្តីពី ការបោះឆ្នោតតំណាងរាស្ត្រ បានកំណត់យ៉ាងច្បាស់ថា អ្នកជាប់ទោស មិនអាចឈរឈ្មោះបោះឆ្នោត និងមិនមានសិទ្ធិបោះឆ្នោតបានទេ។ ដូច្នេះច្បាស់ណាស់ថា លោកសមរង្ស៊ី ដែលត្រូវតុលាការផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារ ចូលជាស្ថាពរ និងក្លាយជាទណ្ឌិតហើយនោះ គឺពិតជាមិនអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ឬក៏ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១២ បានឡើយ៕
No comments:
Post a Comment
yes