លោក សួន សេរីរដ្ឋា
តាមរយៈសារអ៊ីមែល កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ លោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ បានហៅទង្វើរបស់តុលាការទៅ លើលោក ចាន់ សុវ៉េត មន្រ្តីឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការអាដហុកថាជា អំពើគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត ។
លោកបានមានប្រសាសន៍ថា ៖ ការកោះហៅលោក ចាន់ សុវ៉េត ទៅបង្ហាញ ខ្លួនក្នុងបទចោទពីការផ្តល់ជំនួយដល់ចារីជាអាទិ៍នោះ មិនត្រឹមតែជាការគំរាម ទៅលើអង្គភាពធ្វើការផ្នែកសិទ្ធិមនុស្សនៅក្នុងប្រទេសខ្មែរ នាពេលបច្ចុប្បន្ន នេះទេ តែថែមទាំងបានគំរាមដល់បុគ្គល និងសកម្មជនសិទ្ធិមនុស្សដទៃទៀត ដែលធ្វើការឈរលើការទទួលខុសត្រូវរបស់ពួកគេ ដែលមានភារកិច្ចជាអ្នក ជួយសម្របសម្រួល និងសង្គ្រោះជនទាំងឡាយណា ដែលរងគ្រោះដោយសារអំពើររំលោភបំពានពីសំណាក់អ្នកមានអំណាច និងជាពិសេសដែលទទួលរងនូវការគំរាមកំហែងពីសំណាក់រដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន នាពេលបច្ចុប្បន្ននេះ ។
លោកបន្តថា បច្ចុប្បន្ននេះ ប្រទេសខ្មែរឋិតនៅក្រោមអំណាចរបស់បុគ្គលម្នាក់និងបក្សនយោបាយមួយដែលមានបរទេសនៅពីក្រោយខ្នង ។ ពលរដ្ឋខ្មែរដែលជាម្ចាស់អំណាច តែគ្មានអំណាច ជាម្ចាស់ដីតែគ្មានដីជាម្ចាស់នៃជោគវាសនាជាតិតែគ្មានសិទ្ធិ ។ ដូច្នេះបង្អែកដ៏សំខាន់របស់ពលរដ្ឋខ្មែរជនរងគ្រោះ គឹមានតែអង្គការសិទ្ធិមនុស្ស និងសកម្មជនសិទ្ធិមនុស្ស ដែលពួកគាត់ទុកចិត្តថាអាចធានាសុខ សុវត្ថិភាពជូនពួកគាត់បាន ។ ហើយជាពិសេសនៅប្រទេសខ្មែរមិនមែនអោយតែអង្គការសិទ្ធិមនុស្សសុទ្ធតែជួយមនុស្សជាជនរងគ្រោះ ឬមិនមែនអោយតែធ្វើការក្នុងកិច្ចការសិទ្ធិមនុស្សសុទ្ធតែហ៊ានប្រឆាំងនឹងលោក ហ៊ុន សែន ចេញមុខមកការពារសន្តិសុខជនរងគ្រោះនោះទេ ។ អង្គការសិទ្ធិមនុស្សនិងសកម្មជនសិទ្ធិមនុស្សមួយចំនួនគឺគ្រាន់តែធ្វើអង្គការបំពេញកិច្ចយកតែលុយម្ចាស់ជំនួយប៉ុណ្ណោះ ។
ដូច្នេះអង្គការសិទ្ធិមនុស្សនិងសកម្មជនសិទ្ធិមនុស្សតិចតួចណាស់ដែលហ៊ានធ្វើកិច្ចការប្រឈមតួយ៉ាងដូចលោក ចាន់ សុវ៉េត នេះ ។ លោកបន្ថែមថា អញ្ចឹងការដែលតុលាការនៅភ្នំពេញ កោះហៅគាត់ (លោក ចាន់ សុវ៉េត) ទៅសួរចំឡើយនោះគឺជាការគំរាមកំហែង មួយថ្មីទៀតទៅដល់ក្រុមអ្នកផ្តល់សេវាការពារសិទ្ធិមនុស្សនៅក្នុងប្រទេសខ្មែរ បន្ទាប់ពីរដ្ឋាភិបាលនេះចាប់ខ្លួនលោក ម៉ម សូណង់ដូ ដើម្បីគំរាមដល់សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិក្នុងប្រទេសខ្មែរ ។ ការកោះហៅលោក ចាន់ សុវ៉េត នេះក៏ជាសញ្ញាមួយ ដើម្បីពញ្ញាក់ទៅដល់អង្គការសិទ្ធិមនុស្ស និងសកម្មជនសិទ្ធិមនុស្សដទៃទៀតល្មមដឹងឬភ្ញាក់ខ្លួនហើយ ដែលខ្លួនយកអង្គការសិទ្ធិមនុស្ស និងការងារសិទ្ធិមនុស្សរបស់ខ្លួន ធ្វើជាខែល ដើម្បីរកស៊ីជាមួយនឹងពួកអ្នកកាន់អំណាចផ្តាច់ការនៅក្នុងទីក្រុងភ្នំពេញនោះ ។លោក សួន សេរីរដ្ឋា បានលើកជាសំណួរថា ស្អីទៅដែលហៅថា តំបន់អបគមន៍?
លោកបានឆ្លើយយ៉ាងដូច្នេះថា ៖ ពាក្យថា «តំបន់អបគមន៍» គ្មាននរណាដឹងច្បាស់ជាងក្រុមលោក ហ៊ុន សែន និង គណបក្សប្រជា ជនកម្ពុជានោះទេ ។ ព្រោះពួកនេះធ្លាប់បានផ្តាច់ខ្លួនបង្កើតតំបន់អបគមន៍កាលពីពេលបោះឆ្នោតចាញ់ក្រោយឆ្នាំ ១៩៩៣ ។ អបគមន៍ គឺជាចលនាមួយដែលផ្តាច់ខ្លួនដោយនាំយកទៅជាមួយឬបង្កើតឡើងនូវកងទ័ពកងកម្លាំងប្រដាប់អាវុធព្រមទាំងបង្កើតនូវរចនាសម្ព័ន្ធ រដ្ឋបាលស្វ័យយ័តដោយឡែក ហើយជាមួយគ្នានោះមានការបង្ខិតបង្ខំ ចាប់ជំរឹតពលរដ្ឋក្នុងតបន់ជិតខាងរបស់ខ្លួន អោយទៅធ្វើជា កងទ័ព ។ លោកបន្តថា មែនទែនទៅ បើយើងនិយាយពីពាក្យ «អបគមន៍» និងចង់ដឹងថានរណាជាអ្នកបង្កើត «រដ្ឋបាលអបគមន៍» ក្នុងប្រទេសខ្មែរនោះគឺខ្ញុំអាចប្រាប់បានថា៖ លោក ហ៊ុន សែន ខ្លួនឯងកំពុងតែបង្កើតរដ្ឋបាលអបគមន៍ «រដ្ឋនៅក្នុងរដ្ឋ» ហើយកំពុង តែដឹកនាំរដ្ឋបាលអបគមន៍នេះប្រឆាំងទៅនឹងរដ្ឋាភិបាលខ្លួនឯង នាពេលបច្ចុប្បន្ននេះ ពីព្រោះថាៈ ទី១ ប្រទេសខ្មែរមានច្បាប់បង្កើត កងទ័ពជាតិ កងនគរបាលជាតិ និងអាវុធហត្ថ តែគ្មានច្បាប់បង្កើតកងទ័ព «ហ.ស» ដែលលោក ហ៊ុន សែន បង្កើតនិងជ្រើស រើសដោយខ្លួនឯង ព្រមទាំងបំពាក់ប្រដាប់អាវុធដោយបំពានហើយកិបកេងយកលុយជាតិយកថវិការ ក្រសួងការពារជាតិទៅប្រើប្រាស់កងកម្លាំងផ្ទាល់ខ្លួន ក្រោមស្លាក «ហ.ស» នោះ ។ នេះហៅថាបង្កើតកងទ័ព នៅក្នុងរដ្ឋ មិនគោរពច្បាប់រដ្ឋ ។ ទី២ រដ្ឋាភិបាលមានក្រសួង មន្ទីរ ជាសេនាធិការ តែលោក ហ៊ុន សែន មិនប្រើ បែរជាបង្កើតរដ្ឋបាលក្រុមអង្គរក្សដើម្បីបញ្ជាជាលក្ខណៈឯកជន ប្រឆាំងទៅនឹង រចនាសម្ព័ន្ធស្របច្បាប់ទៅវិញ ។ នេះហៅថាផ្តាច់ខ្លួនបង្កើតរដ្ឋបាលឯកជន ហើយបញ្ជា ឬជំរឹតបង្ខំអោយពលរដ្ឋគោរពក្រុមខ្លួន។ ទី៣ លោក ហ៊ុន សែន មិនពង្រឹងសមត្ថភាពមន្រ្តីក្រសួងអោយធ្វើការតែបែរជាគិតតែពីដំឡើងបុណ្យស័ក្តិឲ្យដល់កូន ចៅខ្លួន ហើយអោយអំណាចទៅកូនចៅរបស់ខ្លួន បញ្ជាគ្រប់គ្រងរដ្ឋបាលសាធារណៈប្រឆាំងទៅនឹងអំណាចសាធារណៈដែលមានស្រាប់ក្នុងរចនាសម្ព័ន្ធ អាជ្ញាធរដែនដី ។ នេះបញ្ជាក់ថា លោក ហ៊ុន សែន កំពុងមើលងាយមន្រ្តីមុខងារសាធារណៈ ហើយមានចេតនាបញ្ឈប់ និងបញ្ឈរ ជើងមន្រ្តីទាំងអស់នោះមិនអោយធ្វើការ ។
ដូច្នេះសរុបទាំង ៣ ចំណុចខាងលើ និងរួមទាំងបទបញ្ជាផ្តាច់ការរបស់លោក ហ៊ុន សែន ផងនោះ គឺបញ្ជាក់យ៉ាងច្បាស់ថា លោក ហ៊ុន សែន ទើបជាអ្នកបង្កើតរដ្ឋបាលអបគមន៍ ពិតប្រាកដ ដែលបង្កើតរដ្ឋនៅក្នុងរដ្ឋ យក រដ្ឋបាលឯកជនក្រុមគ្រួសារ មកបញ្ជាជំនួសរដ្ឋបាលសាធារណៈដែលមានស្រាប់ ។
ទាក់ទិននឹងករណីលោក ម៉ម សូណង់ដូ ដែលកំពុងជាប់ពន្ធនាគារ លោក សួន សេរីរដ្ឋា ថ្លែងថា សហគមន៍អន្តរជាតិបានធ្វើរួចហើយ និងកំពុងធ្វើបន្តទៅទៀត ដើម្បីតវ៉ាអោយមានការដោះលែងលោក ម៉ម សូណង់ដូ ដោយគ្មានលក្ខខណ្ឌ ។ ដូចជាកន្លងមកមាន អង្គការអន្តរជាតិប្រឆាំងអំពើឩក្រិដ្ឋដែលមានមូលដ្ឋាននៅ ប៉ារីស និង ហ្សឺណែវ, អង្គការសេរីភាពផ្ទះសំបែង ដែលមានមូលដ្ឋាននៅ ទីក្រុងវ៉ាស៊ីងតុន ឌីស៊ី, អង្គការ Human Rights Watch និងពេលថ្មីៗ នេះមាន អង្កការ Article 19, SEAPA and Forum ASIA ជាដើម ។ ប៉ុន្តែអ្វីដែលពលរដ្ឋខ្មែរត្រូវធ្វើខ្លួនឯងនោះ គឺក្រុមអ្នកគាំទ្រលោក ម៉ម សូណង់ដូ ដែលនៅក្នុងប្រទេសខ្មែរត្រូវធ្វើសកម្មភាពជាសាធារណៈ និងជាពិសេសនោះ គឺសមាគមន៍អ្នកប្រជាធិបតេយ្យនៅគ្រប់ខេត្តក្រុងទាំងអស់ត្រូវងើបឡើងធ្វើសកម្មភាពតស៊ូ តវ៉ា ជាសាធារណៈ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេដោយឥតលក្ខខណ្ឌនិងដែលមានចំពោះលោក ម៉ម សូណង់ដូ ។ ពិភពលោក និង សហគមន៍អន្តរជាតិនឹងមិននៅស្ងៀមទេបើយើងជាពលរដ្ឋខ្មែរនិងជាម្ចាស់អំណាចហ៊ានប្រើអំណាចរបស់យើងពិតប្រាកដ តែបើម្ចាស់ អំណាចខ្លាចប្រើអំណាចខ្លួនឯងហើយដេករង់ចាំឲ្យសហគមន៍អន្តរជាតិ ធ្វើកិច្ចការជំនួសខ្លួននោះ គឺមិនអាចកើតឡើងបានឡើយ ។
លោកបន្តថា លោក ម៉ម សូណង់ដូ ជាគំរូ ។ លោកដឹងថា ពេលលោកចូលទៅក្នុងស្រុកគឺពួករដ្ឋាភិបាលផ្តាច់ការពិតជាចាប់ខ្លួនលោក តែអំណាចនៃការពិតគឺឥតត្រូវខ្លាចទេ លោកអត់ខុស លោកគោរពច្បាប់ត្រឹមត្រូវ គឺលោកចូលស្រុកដោយមោទនៈភាព ។ ចុះអ្នកគាំទ្រ របស់លោកវិញ បើគ្រាន់តែងើបឡើងទាំងអស់គ្នាតវ៉ាដោយអហឹង្សា តើមានអ្វីខុស? ៕
No comments:
Post a Comment
yes