កណ្តាល ៖ ថ្មីៗនេះមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ បានឲ្យដឹងថា ដីចំណីមាត់ស្ទឹងនៅមុខស្នងការនគរបាលខេត្តកណ្តាលត្រូវបានលោកធំៗរំលោភយកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយចាក់ដីនៅតាមបណ្តោយមាត់ស្ទឹងដើម្បីពុះចែកគ្នា សម្រាប់លក់ឲ្យទៅប្រជាពលរដ្ឋប្រមូលប្រាក់យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ។ ទោះបីជាអាជ្ញាធរមូលដ្ឋានក្នុងខេត្តកណ្តាលមើលរំលងធ្វើមិនដឹងមិនឮពីករណីរំលោភយកដីចំណីមាត់ស្ទឹង និងសាងសង់សំណង់រឹងមាំ ដោយខុសច្បាប់ក៏ដោយ គេយល់ថាភាពស្ងៀមស្ងាត់នេះ ប្រហែលជាអាជ្ញាធរមូលដ្ឋានទាំងនោះទទួលបានលាភសក្ការៈពីការរំលោភយកដីមាត់ស្ទឹងនោះហើយមើលទៅ។
ដូចជាការសាងសង់ផ្ទះល្វែងនៅតាមបណ្តោយមាត់ស្ទឹងខុសច្បាប់ នៅមុខស្នងការនគរបាលខេត្តកណ្តាលជារៀងរាល់ថ្ងៃដោយមិនឃើញមានសមត្ថកិច្ចជំនាញ ឬអាជ្ញាធរមូលដ្ឋានណាម្នាក់ហ៊ានចេញមុខមកធ្វើការហាមឃាត់សំណង់ទាំងនោះទេ។ ជាក់ស្តែងនៅចំណុចមាត់ស្ទឹងព្រែកត្នោតស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល គេសង្កេតឃើញផ្ទះល្វែងជាច្រើនដែលកំពុងសាងសង់ ដូចជាផ្ទះល្វែងរបស់ឈ្មោះ ខាត់ សុធី និងផ្ទះអតីតអធិការក្រុងតាខ្មៅឈ្មោះ ឱ ជាន់ណា ដែលកំពុងសាងសង់ទាំងយប់ទាំងថ្ងៃទៅលើដីមាត់ស្ទឹងដែលជាដីរបស់រដ្ឋ។
ទោះបីជាមានចេញលិខិតហាមឃាត់ពីប្រធានការិយាល័យសុរិយោដីក្រុងតាខ្មៅយ៉ាងណាក៏ដោយក៏អស់លោកទាំងនោះមិនគោរព និងអនុវត្តតាមដែរ។ភាពក្រអឺតក្រទមបែបនេះ ដោយសារម្ចាស់សំណង់ទាំងនោះអាងខ្នងអ្នកធំៗនៅពីក្រោយ ដោយមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាមួយអាជ្ញាធរមូលដ្ឋាន រួចអស់ហើយ ទើបរូបគេមិនខ្វល់ពីការហាមឃាត់របស់មន្ត្រីជំនាញសុរិយោដី។
ប្រភពបានអះអាងបន្តទៀតថា ម្ចាស់ផ្ទះដែលកំពុងសាងសង់ខុសច្បាប់នោះគឺរូបគាត់បានទិញដីពីអ្នកធំម្នាក់ជាអតីតស្នងការរងខេត្តកណ្តាលក្នុងតម្លៃ ២៧០០០ដុល្លារទើបគាត់ធ្វើការសាងសង់ផ្ទះខាងលើនេះដោយមិនខ្លាចរអែងច្បាប់ទម្លាប់ឬក៏ការហាមឃាត់របស់មន្ត្រីជំនាញ ឬអាជ្ញាធរនោះឡើយ។ ចំពោះដីមាត់ស្ទឹងនៅមុខស្នងការនគរបាលខេត្តកណ្តាលដែលត្រូវបានលោកធំៗ ឃុបឃិតគ្នាពុះជ្រៀកចែកគ្នាជាឡូត៍នេះសុទ្ធតែអ្នកមានអំណាច យកទៅលក់ ឬសាងសង់ផ្ទះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់តែម្តងបែរជាលោក អ៊ាវ ចំរើន ស្នងការនគរបាលបច្ចុប្បន្នគាត់មើលមិនឃើញពីព្រោះបាំងជញ្ជាំងរបងទើបលោក អ៊ាវ ចំរើន មិនដឹងថាដីនៅមុខស្នងការមានការពុះចែកគ្នាជាឡូត៍លក់ដើម្បី សាងសង់ផ្ទះល្វែងយ៉ាងអនាធិបតេយ្យបែបនេះ។
នាពេលនោះដែលលោកចៅសង្កាត់ និងជំនាញសុរិយោដី និងសំណង់ក្រុងតាខ្មៅ ខេត្តកណ្តាល បានឲ្យវរជនខ្មែរដឹងថា ដី និងផ្ទះដែលបានពុះចែកគ្នាសាងសង់ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅតាមបណ្តោយមាត់ស្ទឹងព្រែកត្នោតនេះ នៅតែបន្តសកម្មភាពទាំងយប់ទាំងថ្ងៃដោយគេមិនគោរពតាមលិខិតកោះហៅមកធ្វើកិច្ចសន្យាបញ្ចប់ការសាងសង់ របស់មន្ត្រីមានសមត្ថកិច្ចនោះឡើយ។ មតិមហាជនបានឲ្យដឹងថា ករណីរំលោភយកដីចំណីមាត់ស្ទឹង របស់មន្ត្រីមានអំណាចក្នុងខេត្តកណ្តាល មានការរិះគន់យ៉ាងខ្លាំង។ លោក អ៊ាវ ចំរើន ជាស្នងការបច្ចុប្បន្នមិនហ៊ានហើបមាត់បន្តិចសោះ ឬនិយាយមិនរួច ដែលករណីនេះ ប្រជាពលរដ្ឋបានសំណូមពរឲ្យលោក ឈុន ស៊ីរុន អភិបាលខេត្តកណ្តាលមេត្តា ឆ្លៀតពេលចូលទៅមើលសំណង់ ផ្ទះល្វែងខុសច្បាប់នៅមុខស្នងការផង៕
No comments:
Post a Comment
yes