ក្រុមប្រជាពលរដ្ឋជាសហគមន៍ជនជាតិដើមភាគតិច នៅខេត្តរតនគិរី រាយការណ៍ថា ដីព្រៃស្រោងមួយកន្លែងថ្មីទៀត ត្រូវគេកាប់រានដើម្បីយកដី។
ប្រជាពលរដ្ឋ អះអាងថា ការកាប់រានព្រៃឈើនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរមូលដ្ឋានពីថ្នាក់ភូមិដល់ថ្នាក់ស្រុក ថាបានចុះហត្ថលេខាលើឯកសារផ្ទេរកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋជនជាតិដើម នៅតំបន់នោះទៅឲ្យឯកជន។
តំណាងប្រជាពលរដ្ឋសហគមន៍ភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ អំពាវនាវឲ្យមន្ត្រីស្ថាប័នខណ្ឌរដ្ឋបាលព្រៃឈើចុះទប់ស្កាត់ជាបន្ទាន់សកម្មភាពកាប់រានព្រៃឈើយកដីជាកម្មសិទ្ធិ។
ប្រធានសហគមន៍ភូមិប៉ាអរ លោក រម៉ាស់ សុង មានប្រសាសន៍បញ្ជាក់ថា ដីព្រៃស្រោង ប្រមាណ ៥ហិកតារ ត្រូវឈ្មួញអ្នកទិញដីកាប់រានរួចហើយ កាលពីខែតុលា កន្លងទៅ ក្នុងចំណោមដីព្រៃជាង ៥០ហិកតារទៀត ដែលគេគ្រោងកាប់រាននៅពេលឆាប់ៗនេះ។ លោកបន្តថា សហគមន៍បានរកឃើញលិខិតទិញលក់ដីនៅតំបន់អូរឆ្វើង ភ្នំក្រងភូមិ ក្នុងភូមិសាស្ត្រឃុំកិចុង ចំនួនបីក្នុងចំណោមឯកសារទិញលក់ដីដូចគ្នានេះច្រើនទៀត ដែលមានចុះហត្ថលេខាដោយមន្ត្រីមូលដ្ឋានពីថ្នាក់ភូមិ-ឃុំ និងស្រុក៖«ឯកសារលោកមេឃុំធ្វើហ្នឹង គឺមានហើយ។ តាមការពិត គឺដីព្រៃតែម្តង ដីជើងភ្នំមានឈើធំៗអារប៉ុន្មានថ្ងៃហើយ។សំណូមពរសហគមន៍ គេថាមិនព្រមទេ លក់ដីព្រៃស្រោង ដីហ្នឹងគឺបម្រុងទុកចុះបញ្ជីដីជាសមូហភាព»។
មេឃុំកិចុង លោក រចំ ឡៃ បដិសេធថា លោកមិនបានចុះហត្ថលេខាលើឯកសារទិញលក់ដីនៅតំបន់ព្រៃដែលសហគមន៍បានរាយការណ៍នោះទេ។ លោកទទួលស្គាល់ថា ប្រជាពលរដ្ឋសហគមន៍បានផ្តល់ដំណឹងស្ដីពីការកាប់រានព្រៃ និងមានឯកសារលក់ដូរដីនៅតំបន់នោះ ដូច្នេះលោកកំពុងរៀបចំស្រាវជ្រាវករណីនេះ៖ «ខ្ញុំមិនបានទៅពាក់ព័ន្ធទេ ប៉ុន្តែគេធ្វើរបៀបម៉េចខ្ញុំអត់ដឹងទេ បើអ៊ីចឹង ខ្ញុំកំពុងឲ្យសហគមន៍រាយការណ៍ឡើងវិញ។ ក៏ប៉ុន្តែ វាមានឯកសារហ្នឹង គេចេញមកយ៉ាងម៉េចយើងក៏មិនដឹង។ យើងកំពុងស្រាវជ្រាវរកឯកសារហ្នឹង ច្បាប់ដើម ឬគេថតចេញ»។
កាលពីសប្ដាហ៍មុន ប្រធានសហគមន៍ភូមិប៉ាអរ បានយកឯកសារទិញលក់ដីព្រៃមកការិយាល័យសមាគមអាដហុក (ADHOC) ខេត្តរតនគិរី សុំឲ្យសមាគមនេះជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធនៃអាជ្ញាធរខេត្ត ចាត់វិធានការទប់ស្កាត់សកម្មភាពទិញលក់ដីព្រៃឈើនេះ។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា ក្រោយអង្កេតរបស់សមាគម លោករកឃើញថា មានឯកសារចំនួនបីដែលសហគមន៍បានផ្តល់មកមន្ត្រីអាដហុក ឃើញថា ប្រជាពលរដ្ឋជនជាតិដើមភូមិប៉ាអរ ចំនួនបីគ្រួសារ បានផ្ដិតមេដៃលក់ដីម្នាក់ៗជាងមួយហិកតារ និងសន្យាថា ដីនោះជាដីចម្ការចាស់របស់ពួកគេ ទើបមន្ត្រីអាជ្ញាធរបានចុះហត្ថលេខាទទួលស្គាល់ការផ្ទេរសិទ្ធិពីប្រជាពលរដ្ឋទៅអ្នកទិញ។ លោកបន្តថា ក្រុមអ្នកទិញដីប្រើរូបភាពទិញដីចម្ការចាស់ប្រជាពលរដ្ឋតិចតួច មានទីតាំងជាប់តំបន់ព្រៃ ហើយកាប់រានព្រៃនៅជាប់នោះក្នុងទ្រង់ទ្រាយធំពង្រីកយកដី៖ «ការចុះហត្ថលេខានៅឆ្នាំ២០១២ ឬក៏ការកាប់រានកាន់កាប់ទៅលើដីព្រៃដីចម្ការក្រោយឆ្នាំ២០០១ ហ្នឹង គឺផ្ទុយនឹងច្បាប់ភូមិបាលផង ផ្ទុយនឹងប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីផង»។
វិទ្យុអាស៊ីសេរី នៅថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា មិនអាចទាក់ទងនាយផ្នែកនៃខណ្ឌរដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកបរកែវ លោក ឡេង យុគ សុំអធិប្បាយពីករណីកាប់រានព្រៃឈើនោះបានទេ។
យ៉ាងនេះក្តី តំណាងសហគមន៍ឲ្យដឹងថា ប្រជាសហគមន៍បានចុះទៅទប់ស្កាត់ករណីនេះបីលើកហើយ ក៏ប៉ុន្តែពេលនេះ ពួកគាត់មិនមានលទ្ធភាពទប់ស្កាត់ករណីនេះបានតទៅទៀតឡើយ៕
No comments:
Post a Comment
yes