ការវាយប្រហារអត្តឃាតមួយ បានសម្លាប់មូស្លីមនិកាយស៊ីអ៊ីតរាប់សិបនាក់នៅឯទីសក្ការបូជានៅ ក្នុងក្រុងកាប៊ុលដែលមានមនុស្សកុះករកាលពីថ្ងៃអង្គារ ហើយ៤នាក់ផ្សេងទៀតបានស្លាប់នៅក្នុងការបំផ្ទុះតូចមួយ នៅក្រុងសំខាន់មួយនៅភាគខាងជើងនៅក្នុងអំពើហិង្សានិកាយអាក្រក់ បំផុត ដែលអាហ្វហ្គានីស្ថានមិនធ្លាប់ជួប ចាប់តាំងពីការដួលរំលំនៃរបបតាលីបង់។
ការផ្ទុះនៅក្រុងកាប៊ុល គឺជាការផ្ទុះសម្លាប់មនុស្សច្រើនបំផុត នៅក្នុងក្រុងនេះចាប់តាំងពីឆ្នាំ២០០៨ហើយបានកាត់បន្ថយគំនិត សុទិដ្ឋិនិយមជាយូរមកហើយពីសន្និសីទមួយកាលពីថ្ងៃចន្ទ ជាទីដែលក្រុមសម្ព័ន្ធមិត្តលោកខាងលិច បាន បញ្ជាក់ច្បាស់ ប៉ុន្តែគ្មានការសន្យាជាក់លាក់ដើម្បីគាំទ្រអាហ្វហ្គានីស្ថាន បន្ទាប់ពីទាហាន ចាកចេញនៅឆ្នាំ២០១៤នោះទេ។
សាកសព និងឈាមមានរាយប៉ាយពេញផ្លូវនៅចំបេះដូង ក្រុងកាប៊ុលពេលដែលហ្វូងមនុស្សរាប់រយនាក់ បានមកប្រមូលផ្តុំគ្នាដើម្បីប្រារព្ធពិធីបុណ្យ អាស៊ូរ៉ា ដោយស្រែកព្រមៗគ្នា និងការវាយដំខ្លួនឯងនឹងរំពាត់។
មនុស្សយ៉ាងតិចមាន ៥៩នាក់ ត្រូវបានសម្លាប់ ហើយ១៦០នាក់ផ្សេងទៀតបានរងរបួស មានខ្លះត្រូវរបួសធ្ងន់។
ពលរដ្ឋអាហ្វហ្គានីស្ថាន ដែលមិនធ្លាប់មានការវាយប្រហារខាងនិកាយជាទ្រង់ទ្រាយធំដូចនៅ អ៊ីរ៉ាក់និងប៉ាគីស្ថានឥឡូវនេះប្រឈម មុខនឹងភាពក្រៀមក្រំនៃការបង្ហូរឈាមបែបថ្មី បន្ថែមលើគ្រោះថ្នាក់នៃជីវិតប្រចាំថ្ងៃ។
នៅអាល្លឺម៉ង់ ដែលសន្និសីទស្តីពីអនាគតនៃអាហ្វហ្គានីស្ថាន ត្រូវបានគេរៀបចំធ្វើឡើង ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក ហាមីដ កាហ្សៃ បានប្រាប់ក្រុមអ្នកកាសែតថា៖ «នេះគឺជាលើកដំបូងនៅទិវាសាសនាដ៏សំខាន់មួយនៅអាហ្វហ្គានីស្ថានដែលអំពើភេរវកម្មក្នុងចរិតគួរឲ្យខ្លាច កំពុងកើតមាន»។
នៅខាងក្រៅមន្ទីរពេទ្យក្រុងកាប៊ុល ក្រុមអ្នកកាន់ទុក្ខ បានយំនៅក្បែរគំនរសម្លៀកបំពាក់ និងស្បែកជើងប្រឡាក់ឈាម។
ភ្លាមៗនោះមិនមានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅក្រុងកាប៊ុល និងនៅទីសក្ការបូជា Mazar-i-Sharif។
ដោយគ្មានផ្តល់ព័ត៌មានលម្អិត ក្រសួងមហាផ្ទៃ បានបន្ទោស«ក្រុមតាលីបង់ និងក្រុមភេរវករ»។ ក្រុមឧទ្ទាមក៏ថ្កោលទោសចំពោះការបំផ្ទុះគ្រាប់បែកនេះ និងបន្ទោសលើសត្រូវឈ្លានពាន៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes