លោក ឆាយ ធី មន្ត្រីសម្របសម្រួលអង្គការអាដហុក ខេត្តរតនគិរី បានឲ្យដឹងថា ជនជាតិភាគតិចទំពួនចំនួន ៦ គ្រួសារ ដែលមានសមាជិកសរុបចំនួន ៤៣ នាក់ រស់នៅភូមិសាយ៉ស់លើ កាលពីថ្ងៃអង្គារ បានមកដាក់ពាក្យបណ្ដឹងស្នើសុំកិច្ចអន្តរាគមន៍ពីអង្គការរបស់លោក ទៅអាជ្ញាធរដែនដី ឲ្យជួយទប់ស្កាត់កុំឲ្យភាគី របស់លោក គឹម ខេងជូ បណ្ដេញពួកគាត់ចេញពីលំនៅដ្ឋាន។
លោកថ្លែងថា៖«អ្នកភូមិ ទាំងនោះបាននិយាយថា កាលពីព្រឹកថ្ងៃអង្គារ ភាគីលោក គឹម ខេងជូ បានទៅគំរាមរុះរើលំនៅដ្ឋានរបស់ពួកគាត់ ប្រសិនបើពួកគាត់ មិនព្រមចាកចេញតាមសម្រួល»។
លោក សឿង យ៉ារ៉ាត តំណាងពលរដ្ឋរងគ្រោះ និយាយថា ពួកគាត់បានរស់នៅក្នុងភូមិសាយ៉ស់លើ តាំងពីឆ្នាំ ១៩៩៥ ដែលពេលនោះ មានប្រជាពលរដ្ឋចំនួន ២៣ គ្រួសាររស់នៅអាស្រ័យផលលើផ្ទៃដីចម្ការវិលជុំចំនួន១៣០ ហិកតា និងដីព្រៃស្រោងប្រមាណ៥០០ ហិកតា ប៉ុន្តែ នៅឆ្នាំ២០០៨ មានក្រុមហ៊ុនមួយឈ្មោះ ឌីអឹមគ្រុប បានប្រើគ្រឿងចក្រទៅឈូសឆាយរំលោភយកជាបន្តបន្ទាប់។
លោកបានរៀប រាប់ឲ្យដឹងទៀតថា នៅឆ្នាំ២០០៩ ក្រុមកម្លាំងសន្តិសុខក្រុមហ៊ុនដែលសុទ្ធតែ ជាទាហាន និងនគរបាលមានគ្នា ៧ នាក់ ប្រដាប់ដោយកាំភ្លើង និងដំបងឆក់ ដឹកនាំដោយមេការម្នាក់ឈ្មោះ មាស ម៉ុន បានធ្វើការបាញ់រះមកលើពួកគាត់ចំនួន១៩ នាក់ ដែលកំពុងជម្រះស្មៅចម្ការ។ លោកបញ្ជាក់ថា៖«នៅពេលនោះពួកគេបានបាញ់ត្រូវជើងខាងស្ដាំរបស់ ខ្ញុំ និងឆក់អ្នកភូមិម្នាក់ទៀតបណ្ដាលឲ្យសន្លប់។ បច្ចុប្បន្នជើងរបស់ខ្ញុំ ត្រូវបានពិការ ព្រោះគ្រូពេទ្យបានកាត់វាក្នុងអំឡុងពេលនៃការព្យាបាល»។ លោកបន្តថា នៅឆ្នាំ២០១២ ក្រុមគ្រួសារអ្នកមានម្នាក់ ឈ្មោះគឹម ខូវជូ បានទៅប្រាប់ឲ្យពួកគាត់ រុះរើផ្ទះចេញពីដីដែលពួកគាត់កំពុងរស់នៅ ដោយអះអាងថា ដីដែលនៅសេសសល់ចំនួនជាង ១០ ហិកតានោះ ត្រូវបានអ្នកភូមិជាច្រើនគ្រួសារលក់ទៅឲ្យគាត់រួចហើយ និងមានអាជ្ញាធរ ឃុំ ស្រុក បានដឹងឮ និងទទួលស្គាល់ទៀតផង។
លោក ថ្លែងថា៖«ពេលនេះភាគីលោក គឹម ខេងជូ បានធ្វើការគំរាម ប្រើកម្លាំងមករុះរើ ផ្ទះនិងបណ្ដេញយើងខ្ញុំចេញពីកន្លែងដែលយើងខ្ញុំកំពុងរស់នៅ»។
លោក ស៊ុត សំ មេឃុំកាឡែង និង លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់ មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីម្សិលមិញ។
លោក គុជ ជូច័ន្ទបូណាក់ កូនប្រុសរបស់លោក គឹម ខេងជូ បានថ្លែងថាគ្រួសារលោកមិនមានជាប់ពាក់ព័ន្ធនឹងដីជម្លោះនោះទេ។
លោកបញ្ជាក់ថា៖ «គ្រួសារខ្ញុំ មិនដែលរំលោភបំពានយកដីធ្លី ឬទ្រព្យសម្បត្តិពីប្រជាពលរដ្ឋណាម្នាក់ទេ»៕
No comments:
Post a Comment
yes