កុមារដើររើសអេតចាយ នៅក្នុងខេត្តព្រះសីហនុ កាលពីពេលកន្លងមក។
នៅកម្ពុជាកុមារមួយចំនួនបានរងការរំលោភបំពាន
ភ្នំពេញៈ «ខ្ញុំខ្លាចចោរ ខ្លាចការចាប់រំលោភក្មេង ហើយខ្លាចអ្នកញៀនថ្នាំ» នេះជាសម្តីរបស់កុមារីកម្ពុជាម្នាក់ឈ្មោះ បច្ចម៉ា អាយុ ១២ ឆ្នាំ ក្នុងចំណោមកុមារជាង ៦ ពាន់នាក់ នៅក្នុងបណ្តាប្រទេសចំនួន ៤៧ លើពិភពលោកដែលត្រូវបានអង្គការសម្ព័ន្ធ អភិវឌ្ឍន៍កុមារអន្តរជាតិ Child Fund Alliance ធ្វើការស្ទង់មតិ ។
ការស្ទង់មតិទៅលើកុមារ ដែលពោរពេញដោយក្តីសង្ឃឹម និងភ័យខ្លាច ដែលមានអាយុចាប់ពី១០ឆ្នាំដល់១២ឆ្នាំ បានបង្ហាញថា កុមារកម្ពុជា មានទុក្ខកង្វល់ និងភ័យខ្លាចអំពីឧក្រិដ្ឋកម្ម និងអំពើហិង្សាខ្លាំងជាងកុមារតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ប៉ុន្តែ ក៏មានការជំរុញលើកទឹកចិត្តខ្ពស់បំផុតសម្រាប់ការអប់រំ នៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ ការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យឃើញថា នៅប្រទេសកម្ពុជា ក៏ដូចជាប្រទេសលីប៊ី និងអាហ្វហ្គានីស្ថាន គឺជាកន្លែងដែលមានចំនួនកុមារមានកម្រិតខ្ពស់បំផុត ដែលមានការភ័យខ្លាចខ្លាំងចំពោះអំពើហិង្សានិងឧក្រិដ្ឋកម្ម។
ឆ្លើយតបនឹងសំណួរថា តើអ្វីទៅដែលប្អូន ៗភ័យខ្លាចបំផុត?២៨ភាគរយនៃកុមារកម្ពុជា ដែលត្រូវបានជួយសង្គ្រោះឆ្លើយថា ពួកគេភ័យខ្លាចខ្លាំងបំផុត គឺអំពើហិង្សា និងឧក្រិដ្ឋកម្ម។ ម្យ៉ាងវិញទៀត អំពើហិង្សា និងឧក្រិដ្ឋកម្ម ត្រូវបានគេគូសបញ្ជាក់ថា អាក្រក់ធ្ងន់ធ្ងរបំផុត ដោយកុមារទូទៅចំនួន ៩ ភាគរយ នៅក្នុងបណ្តាប្រទេសអាស៊ានកំពុងអភិវឌ្ឍ និងមាន១០ភាគរយ នៃកុមារសរុប៦២០៤នាក់ ដែលភ័យខ្លាចទៅលើសត្វកាចសាហាវ និងសត្វល្អិត។
ចំពោះការភ័យខ្លាចជាទូទៅ នៅក្នុងចំណោមកុមារកម្ពុជា គឺមាន ២២ ភាគរយ បានឆ្លើយតបថា មិនទទួលបានការលើកទឹកចិត្តពេញលេញ ដូចជាមិនបានទៅរៀន ឬរកការងារធ្វើជាដើម។
ចំណុចសំខាន់គឺថា កុមារកម្ពុជា ដែលត្រូវបានស្ទង់មតិ បានឆ្លើយតបអំពីសេចក្តីសង្ឃឹម និងការចង់ទទួលបាននូវការជំរុញលើកទឹកចិត្ត ឲ្យទទួលបាននូវការអប់រំ។
កុមារចំនួន ៧២ ភាគរយ បាននិយាយថា ប្រសិនបើពួកគេជាមេដឹកនាំប្រទេស កត្តាដែលពួកគេចង់ធ្វើឲ្យប្រសើរបំផុតចំពោះជីវិតកុមារ«គឺការលើក កម្ពស់លើការអប់រំ និងផ្តល់ឱកាស ដល់កុមារឲ្យបានគ្រប់គ្រាន់»។
ការ អប់រំគឺជាកត្តាដ៏សំខាន់បំផុត ដែលមានការឆ្លើយតបខ្ពស់ ចំពោះកុមារកម្ពុជា ពាក់ព័ន្ធនឹងសំណួរថា តើប្អូនៗ ចង់ធ្វើអ្វីនៅពេលប្អូនធំដឹងក្តី? ឆ្លើយតបនឹងសំណួរនេះ មានកុមារចំនួន ៣៧ ភាគរយ ឆ្លើយថា ពួកគេចង់ធ្វើជាគ្រូបង្រៀននៅពេលដែលពួកគេធំដឹងក្តី។
លោកស្រី ខារ៉ូល មូរថេនសែន នាយកអង្គការ Child Fund ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ «ជាមួយនឹងចំនួនមនុស្សវ័យក្មេងដ៏ច្រើន បានធ្វើការងារនៅកន្លែងការងារនានាក្នុងប្រទេសកម្ពុជា វាពិតជាសំខាន់ណាស់ថា ការប្រឹក្សារបស់យើង ជាប់ពាក់ព័ន្ធនឹងកុមារ និងយុវវ័យតាមរយៈការប្រឹក្សា និងទំនាក់ទំនង ជាមួយរាជរដ្ឋាភិបាលកម្ពុជា»។ លោកស្រីបន្តថា៖ «ការភ័យខ្លាចរបស់កុមារ នឹងតែងតែមានឥទ្ធិពលលើបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ។ វាជាកង្វល់មួយ ដែលកុមារកម្ពុជាច្រើនណាស់ភ័យខ្លាច ចំពោះអំពើហិង្សា និងឧក្រិដ្ឋកម្ម»។
ចំណែកលោកស្រី Denise Shepherd-Johnson ប្រធានទំនាក់ទំនងនៃមូលនិធិកុមារអង្គការសហប្រជាជាតិថ្លែងតាម អ៊ីមែលថា ការឆ្លើយតបរបស់កុមារ តាមរយៈការស្ទង់មតិនេះ នឹងជួយជំរុញដល់ការងាររបស់អង្គការ UNICEF។ លោកស្រីបញ្ជាក់ថា៖ «ការពិតគឺថា របាយការណ៍បានលើកឡើងពីកុមារកម្ពុជា មានការព្រួយបារម្ភខ្លាំងអំពីការរំលោភបំពាន និងឧក្រិដ្ឋកម្ម ដែលជាចំណុចកត់សម្គាល់ខ្លាំងបំផុត»។
លោកស្រីបានបន្ថែមថា ការទទួលបាននូវកង្វល់ទាំងនេះនឹងជួយជំរុញអង្គការ UNICEF ឲ្យចាប់ផ្តើមកម្មវិធីភាពជាដៃគូ (Partnership Programme)សម្រាប់ការការពារកុមារ នៅក្នុងខែមីនាដែលជាការចាប់ដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល និងក្រសួងសង្គមកិច្ចដែលនឹងសហការជាមួយ UNICEF នាពេលឆាប់ៗខាងមុខនេះ និងក្រសួងកិច្ចការនារី ព្រមទាំងមជ្ឈមណ្ឌលសហរដ្ឋអាមេរិក ដើម្បីការពារជំងឺឆ្លង ក្នុងការសិក្សាស្រាវជ្រាវអំពីអំពើហិង្សាលើកុមារទូទាំងប្រទេស៕
No comments:
Post a Comment
yes