ជនជាតិដើមភាគតិច ៣នាក់ នៅខេត្តរតនគិរី ប្ដឹងបុគ្គលិកក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម មួយ ពីបទប្រើប្រាស់អាវុធបាញ់គំរាមពួកគាត់ដែលចូលព្រៃរកអនុផលព្រៃឈើប្រើប្រាស់ក្នុងគ្រួសារ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តរតនគិរី ឲ្យដឹងនៅថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ ថា នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយនេះ លោកនឹងអន្តរាគមន៍ពាក្យប្ដឹងរបស់ពលរដ្ឋទាំង ៣នាក់ ទៅស្ថាប័នអយ្យការតុលាការខេត្ត ដើម្បីស៊ើបអង្កេតពីករណីចោទប្រកាន់គំរាមកំហែងទៅលើប្រជាពលរដ្ឋ។
មន្ត្រីផ្នែកអង្កេតសមាគមអាដហុក ខេត្តរតនគិរី លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ លោកបានចុះអង្កេតពីសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ចំនួនបីនាក់ ដែលបានប្ដឹងមកសមាគមអាដហុក ពីករណីជនជាតិវៀតណាម ម្នាក់ពាក់ឯកសណ្ឋានទាហានប៉ារ៉ា បានបាញ់កាំភ្លើងម៉ាកអាកា ៤៧ (AK 47) ចំនួនពីរគ្រាប់ គំរាមប្រជាពលរដ្ឋទាំង ៣នាក់ នៅក្នុងព្រៃខណៈពេលប្រជាពលរដ្ឋទាំងបីកំពុងអារច្រៀកឈើ ដែលគេបន្សល់ចោលក្នុងព្រៃ។
លោកបន្តថា នេះគឺជាសកម្មភាពប្រើប្រាស់អាវុធខុសច្បាប់ បាញ់គំរាមកំហែងទៅលើសិទ្ធិជនជាតិដើមភាគតិចរស់អាស្រ័យផលធនធានព្រៃឈើជាលក្ខណៈប្រពៃណីជនជាតិដើម៖ «អ្នកបាញ់ហ្នឹងអត់ស្គាល់អត្តសញ្ញាណទេ ព្រោះជាជនជាតិវៀតណាម»។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា តំណាងប្រជាពលរដ្ឋដែលអះអាងថា មានការបាញ់គំរាមឈ្មោះ ត្រាវិញ ខាំបន អាយុ ៣៧ឆ្នាំ រាយការណ៍ថា ពួកគាត់ទាំងបីនាក់ចូលព្រៃចម្ងាយមួយគីឡូម៉ែត្រពីភូមិ ក៏ប្រទះជនជាតិវៀតណាម បីនាក់ជាកងសន្តិសុខ និងកម្មករក្រុមហ៊ុន ស៊ី.អរ.ឌី (CRD) ប្រដាប់ដោយអាវុធអាកាវែងមួយដើម បានបាញ់ទៅលើពីរគ្រាប់គំរាមឲ្យពួកគាត់ចាកចេញពីព្រៃ។
ប្រធានភូមិកាំ លោក ឃុន តាណយ មានប្រសាសន៍បញ្ជាក់ថា លោកបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋទាំងបីនាក់ស្ដីពីកងសន្តិសុខក្រុមហ៊ុនបាញ់កាំភ្លើងគំរាមប្រជាពលរដ្ឋ ទើបលោក និងក្រុមសមត្ថកិច្ចមាននគរបាល និងកងរាជអាវុធហត្ថ ចុះទៅទីកើតហេតុ ក៏ប៉ុន្តែក្រុមសមត្ថកិច្ចមិនបានរកឃើញវត្ថុតាងអ្វីបន្សល់នៅទីកើតហេតុនោះទេ។
លោកបន្តថា ដោយសារទីតាំងកើតហេតុនៅឆ្ងាយពីភូមិ ហេតុនេះទំនងជនប្រព្រឹត្តល្មើសបានចាកចេញបាត់ក្រោយពេលសមត្ថកិច្ចទៅដល់៖ «គេអារឈើចំនៀរៗក្បែរក្រុមហ៊ុនបានគេបាញ់។ គេបាញ់ឡើងលើ គេគំរាម។ ម៉ាកអាកា។ ខុសត្រូវអ្វីឲ្យយើងនិយាយគ្នាតាមសម្រួលទៅ។ តាំងពីមុនហ្នឹងព្រៃសហគមន៍ហើយ ក៏ប៉ុន្តែក្រុមហ៊ុនគេកាប់យក»។
វិទ្យុអាស៊ីសេរី នៅថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា មិនអាចទាក់ទងតំណាងក្រុមហ៊ុន ស៊ី.អរ.ឌី ណាម្នាក់បំភ្លឺករណីចោទប្រកាន់របស់ពលរដ្ឋនោះបានទេ។
នាយនគរបាលប៉ុស្តិ៍ឃុំល្អក់ លោក យ៉េវ ចាយ មានប្រសាសន៍បញ្ជាក់ថា សមត្ថកិច្ចលោកបានចុះអង្កេតនៅទីតាំងក្រុមហ៊ុនរួចហើយ តំណាងក្រុមហ៊ុនបានបដិសេធថា មិនមានបុគ្គលិកក្រុមហ៊ុនណាម្នាក់បានប្រើប្រាស់អាវុធបាញ់គំរាមនោះទេ៖«យើងសួរពួកវៀតណាម ពីរបីនាក់ មានអ្នកបកប្រែមួយទៀត ខ្ញុំសួរថា មានអត់កាំភ្លើងហ្នឹង? គេថាអត់មានទេ ហើយមនុស្សហ្នឹងគេថា អត់មានដែរពីមុនៗ គេយកកម្លាំងប៉ុស្តិ៍យើងហើយរឿងអាវុធរឿងអ្វីហ្នឹង ប៉ុស្តិ៍ខ្ញុំទៅយាមរយៈពេលមួយខែ គេថាអត់មានទេអាវុធហ្នឹង»។
យ៉ាងនេះក្តី តំណាងប្រជាពលរដ្ឋ លោក ត្រាវិញ ខាំបន មានប្រសាសន៍បញ្ជាក់ថា លោកស្គាល់ច្បាស់ជនជាតិវៀតណាម ដែលបាញ់កាំភ្លើងគំរាមលោក មានគ្នាបីនាក់។ ពីរនាក់ស្លៀកខោខ្លី កាន់កាំបិតម្នាក់មួយ និងម្នាក់សំលៀកបំពាក់ទាហានប៉ារ៉ា កាន់កាំភ្លើងវែង បាញ់គំរាម ហើយលោកស្គាល់មនុស្សពីរនាក់ជាបុគ្គលិករបស់ក្រុមហ៊ុន ស៊ី.អរ.ឌី។ លោកអំពាវនាវឲ្យក្រុមសមត្ថកិច្ចពាក់ព័ន្ធស៊ើបអង្កេតករណីនេះ៕
No comments:
Post a Comment
yes