លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិក
គេនៅចាំបានថា ពីរអាណត្តិមកហើយដែលអ្នករាយការណ៏ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ប្រចាំកម្ពុជា បានទទួលរងនូវពាក្យប្រមាថកាតទានយ៉ាងខ្មួរខ្មោះពីនាយករដ្ឋមន្ត្រីខ្មែរ។
លោក យ៉ាស ហ្គាយស៏ ដែលមានដើមកំណើតជាជនជាតិ កេនយ៉ា ហើយដែលមានអាយុច្រើនជាងលោក ហ៊ុន សែន ធ្លាប់ត្រូវបានលោក ហ៊ុន សែន ប្រើពាក្យតិៈដៀលយ៉ាងអសីលធម៌ ដោយសារតែលោក បានធ្វើសេចក្ដីរាយការណ៏ដោយត្រង់ៗ ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ។មិនត្រឹមតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីរូបនេះនៅបានប្រើពាក្យ ដែលនិយាយសាមញ្ញជាភាសារខ្មែរថា ដៀលពូជ ទៅកាន់លោក យ៉ាស ហ្គាយស៏ ទៀតផង ។ ដោយថា លោកឯងគួរតែទៅប្រដៅប្រទេស កេនយ៉ា របស់លោក ឯង ! ។ ចំណែកលោក សូរិយា ស៊ូប៊ែឌី ដែលមានដើមកំណើតជាជនជាតិ ណេប៉ាល់ វិញក៏ដូច្នេះដែរ ។ លោក ហ៊ុន សែន ធ្លាប់បានអត្ថាធិប្បាយពីស្ថានភាពជម្លោះ ហែកហួរផ្ទៃក្នុងនៅណេប៉ាល់ ដែលជាការនិយាយសំដៅដល់លោក ស៊ូប៊ែឌី ថា លោកឯងគួរតែទៅជួយប្រទេសលោក ឯង ជាជាងមកខ្វាយខ្វល់ពីស្ថានភាពសិទ្ធិមនុស្ស នៅ កម្ពុជា ។
តាមពិតទៅពលរដ្ឋកម្ពុជាបានស៊ាំទៅនឹងពាក្យអសុរសបែបនេះ របស់មេដឹកនាំខ្លួនទៅហើយ ប៉ុន្តែសម្រាប់ពលរដ្ឋនៅក្នុងប្រទេសស៊ីវិល័យ គេប្រាកដជានឹកហួសចិត្ត ថាពលរដ្ឋកម្ពុជាដែលធ្លាប់ជាពលរដ្ឋនៃអារ្យប្រទេស នាសម័យអង្គរ មិនគួរមានមេដឹកនាំជាមនុស្ស ខ្វះការយល់ដឹងច្រង៉េងច្រង៉ាងបែបនេះសោះ ។ នេះពិតជារឿងដែលគួរឲ្យអាសូរណាស់ ! ។
លោក ហ្វ្រង់ស៊ី បាល់កុង ទស្សនវិទូអត្ថិភាពនិយមជនជាតិបារាំងធ្លាប់បានលើកឡើងថា សត្វឃ្មុំមិនមែនក្រេបតែលម្អងផ្កាមួយមុខយកមកធ្វើជាទឹកឃ្មុំនោះទេ ជូនកាលគេឃើញវាទុំនៅលើគំនរសំរាម និង ភក់ជ្រាំ ផងដែរ តែដល់ពេលទឹក ឃ្មុំ គឺទឹក ឃ្មុំហើយ ពុំមានអ្នកណាថា ជាទឹក ជ្រាំទឹក ភក់ទេ ។ យ៉ាងណាមិញសម្រាប់លោក យ៉ាស ហ្គាយស៏ និង លោក សូរិយា ស៊ូប៊ែឌី ក៏ដូច្នេះដែរ ។ ថ្វីត្បិតតែប្រទេសរបស់ពួកគាត់ ពេលនេះត្រូវបានញាំញី ដោយភាពក្រីក្រ និង វិបត្តិផ្ទៃក្នុង ប៉ុន្តែអ្នកទាំងពីរមិនមែនជាមេដឹកនាំនៃប្រទេសទាំងនោះឯណា ។ ពួកគាត់ជាតំណាងអង្គការសហប្រជាជាតិ , ដូច្នេះវាជារឿងពីរដាច់ដោយឡែកពីគ្នា ។ ម៉្យាងទៀតបើអាចប្រៀបធៀបដូច្នេះបាន ហេតុអ្វីក៏លោកហ៊ុន សែន មិនធ្វើការប្រៀបធៀបលោក អូបាម៉ា ទៅនឹងស្ថានភាពប្រទេស កេនយ៉ា ផង ព្រោះលោក បារ៉ាក់ អូម៉ា ក៏មានចំណែកឈាមជ័រ ជាជនជាតិ កេនយ៉ា ដែរតើ ?
ទំនងជាស្អិតជាប់នូវផ្នត់គំនិត ប្រមាថកាតទានអ្នកដ៏ទៃដូច្នេះហើយ ទើបនៅក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីកាលពីព្រលប់ថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ២១០២ លោក ហ៊ុន សែន បានប្រកែកញ៉ាញ នៅពេលដែលមានការចោទសួរពីលោកប្រធានាធិបតីអូបាម៉ា តាមការស្នើសុំពីសមាជិកព្រឹទ្ធសភា រដ្ឋសភា អាមេរិក ទាក់ទងនឹងស្ថានភាពរំលោភសិទ្ធិមនុស្ស ប្រព័ន្ធបោះឆ្នោតមិនឯករាជ្យ ការជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះសម្បែង បញ្ហានៃការអនុវត្តន៏យន្តការប្រជាធិបតេយ្យ ក៏ដូចជាការចាប់ពួកអ្នកនយោបាយប្រឆាំងដាក់គុក ជាដើម ។
បើតាមការលើកឡើងរបស់លោក ប្រាក់ សុខុន ក្នុងសន្និសីទកាសែតភ្លាមៗបន្ទាប់ពីបញ្ចប់ជំនួបនោះឲ្យដឹងថាលោក ហ៊ុន សែន បានហៅអ្វីដែលលើកឡើងដោយប្រធានាធិបតីអាមេរិកថាគឺជាការមួលបង្កាច់ ។ ហើយឆ្លៀតឱកាសនោះមេដឹកនាំខ្មែររូបនេះ បានអួតប្រាវៗថា បើនិយាយពីស្ថានភាពសិទ្ធិមនុស្ស និង ការអនុវត្តន៏លទ្ធិប្រជាធិបតេយ្យវិញ គឺ កម្ពុជាឡួយជាងគេបើប្រៀបធៀបជាមួយប្រទេសជិតខាង ។ ដែលបើតាមលោក ប្រាក់ សុខុន លោក ហ៊ុន សែន បានអត្ថាធិប្បាយបូរបាច់ថា មានប្រទេសខ្លះគេថែម ទាំងចាប់ពួកអ្នកនយោបាយប្រឆាំង ដាក់គុកផង តែកម្ពុជាធ្វើតែតាមច្បាប់ប៉ុណ្ណោះ..ពុំមានអ្នកទោសនយោបាយទេ ។
ភាសារនេះគឺជាការវាយបកបញ្ច្រាសទិសមួយមួយ ដែលបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ណាស់ពីការប្រមាថកាតទានដល់សមាជិកព្រឹទ្ធសភានិងរដ្ឋសភាអាមេរិក រួមទាំងលោកបារ៉ាក់ អូបាម៉ា ផង ថា ពុំបានទទួលព័ត៌មានច្បាស់ពី កម្ពុជា ។ត្រង់នេះយើងចោទសួរថា តើវាអាចទៅរួចទេ ក្នុងឋានៈជាមេដឹកនាំមហាអំណាចពិភពលោកធ្វើអ្វីៗដោយខ្វះ ទឡ្ហីករណ៏ ខ្វះ ព័ត៌មានហើយទុកឲ្យមេដឹកនាំប្រទេសធុនលោក ហ៊ុន សែន ឡកឡឺយតាមចិត្តនោះ ? ប៉ុន្តែវាហាក់ដូចជាផ្ទុយខុសពីនេះ ដែលលោកបារ៉ាក់ អូបាម៉ា ទំនងមិនមែនជាកូនក្មេងបៀមដៃដូចលោក ហ៊ុន សែន គិតទេ , ហើយឥរិយាបទរបស់លោក ហ៊ុន សែន បែបនេះវារឹងរឹតតែបានបញ្ជាក់ឲ្យមេដឹកនាំអាមេរិកមើលឃើញកាន់តែច្បាស់ទៅទៀតថា កម្ពុជាគ្មានឆន្ទៈគោរពសិទ្ធិមនុស្ស និង ដើរតាមគន្លងប្រជាធិបតេយ្យ ដូចអ្វីដែលខ្លួនបានសន្យាជាមួយសហគមន៏អន្តរជាតិ កាលពីថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ នោះទេ ។
ក្នុងស្ថានភាពបែបនេះ សហរដ្ឋអាមេរិកដែលត្រូវបានគេចាត់ទុកថា ជាបិតាប្រជាធិបតី និង ការគោរពសិទ្ធិមនុស្ស ប្រាកដជាដឹងថា ត្រូវធ្វើយ៉ាងណាហើយ ដើម្បីធានាឲ្យមានការគោរព សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ៕
No comments:
Post a Comment
yes